MAYBANK PREMIER WEALTH បង្កើត​ឡើង​ដើម្បី​ជំរុញ​សេវាកម្ម​គ្រប់​គ្រង​មូល​ធន​តាម​ប្រព័ន្ធ​ធនាគារ

  • 2016-10-28 23:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ មេយប៊ែង (Maybank) កម្ពុជា រៀបចំ​សិក្ខា​សាលា​រយៈ​ពេល ២ ថ្ងៃ អំពី "ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ" ដែល​មាន​ការ​ចូល​រួម​ធ្វើ​បទ​បង្ហាញ​ដោយ​អ្នក​ឯកទេស​ផ្នែក​ហិរញ្ញ​វត្ថុ​ប្រចាំ​តំបន់​អំពី​តិចនិក​ក្នុង​ការ​វិនិយោគ ក៏​ដូចជា​ចំណេះ​ដឹង​ក្នុង​ការ​ការពារ​ទ្រព្យ​សម្បត្តិ​របស់​អ្នក ដែល​នឹង​ត្រូវ​បង្ហាញ​ដោយ​ដៃគូ​សហការ​សេវាកម្ម​ធានា​រ៉ាប់រង (Bancassurance) របស់​ធនាគារ មេយប៊ែង គឺ​ក្រុមហ៊ុន មេនូ​ឡាយហ្វ៍ កម្ពុជា។

 

សិក្ខា​សាលា​នេះ ត្រូវ​បើក​ជូន​ឲ្យ​សាធារណជន​ចូល​រួម​ដោយ​សេរី ដោយ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ នៅ​អាគារ មេយប៊ែង ថៅវើ ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​មហា​វិថី​ព្រះ​នរោត្តម។

 

 

លោកស្រី ស៊ីនត្សៀ លីវ នាយិកា​ប្រតិបត្តិ​នៃ​ធនាគារ មេយប៊ែង កម្ពុជា ថ្លែង​ថា៖ "ការ​រៀបចំ​សិក្ខា​សាលា​នេះ​គឺ​មាន​គោល​បំណង​ចម្បង​ពង្រឹង​គោលការណ៍​របស់​ធនាគារ មេយ​ប៊ែង ក្នុង​ការ​ផ្ដល់​ជូន​ដល់​អតិថិជនPremier Wealth របស់​ខ្លួន​នូវ​ដំណោះ​ស្រាយ​ផ្នែក​ហិរញ្ញ​វត្ថុ ដែល​មាន​លក្ខណៈ​ឯកជន​ និង​ទូលំ​ទូលាយ រួម​ជាមួយ​នឹង​សេវាកម្ម​ប្រឹក្សា​អំពី​ការ​ថែរក្សា និង​ការពារ​លើ​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ។

 

លោក​ស្រី​បន្ថែម​ថា៖ "សិក្ខាសាលា​នេះ​នឹង​ផ្ដល់​ការ​ណែនាំ​ដល់​សិក្ខាកាម​ដែល​បាន​ចូល​រួម​អំពី​ឱកាស​នៃ​ការ​វិនិយោគ​ ក្រៅ​ពី​ការ​វិនិយោគ​លើ​អចលន​វត្ថុ​ដែល​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​បាន​ដឹង​រួច​ជា​ស្រេច​ទៅ​ហើយ​នោះ ហើយ​នឹង​មាន​សិក្ខា​សាលា​ផ្សេងៗ​ទៀត​ដែល​នឹង​ចាប់​ផ្ដើម​បង្កើត​ឡើង​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ដល់​អតិថិជន​របស់​ធនាគារ មេយ​ប៊ែង ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ស្វែង​យល់​ពី​ជម្រើស​វិនិយោគ​ផ្សេងៗ​ទៀត​ដែល​មាន​នៅ​ក្នុង​ទីផ្សារ​សកល"។

 

លោកស្រី​ថា ធនាគារ មេយប៊ែង កម្ពុជា មាន​លទ្ធភាព​ផ្ដល់​ជូន​អតិថិជន​របស់​ខ្លួន​លើ​វិសាល​ភាព​នៃ​ការ​យល់​ដឹង​ពី​សេវាកម្ម​ហិរញ្ញ​វត្ថុ​របស់​សម្ព័ន្ធ​ធនាគារ មេយប៊ែង។ "យើង​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា អតិថិជន​របស់​យើង​នឹង​មាន​ឱកាស​បណ្ដាក់​ទុន​ជាមួយ​នឹង​ធនាគារ ឬ​អាច​ប្រឹក្សា​យោបល់​ពី​អ្នក​ឯក​ទេស​អំពី​តម្រូវ​ការ​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​ពួកគេ"។

 

 

ធនាគារ មេយប៊ែង មាន​ផ្ដល់​ជូន​ដំណោះ​ស្រាយ​ផ្នែក​ហិរញ្ញ​វត្ថុ​លើ​ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ ដែល​មាន​ក្នុង​បណ្ដាញ​សម្ព័ន្ធ​ធនាគារ មេយប៊ែង ទាំង​មូល ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ធ្វើ​ការ​ជ្រើស​រើស​ និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​មធ្យោបាយ ឬ​ឱកាស​វិនិយោគ​សម​ស្រប​ណា​មួយ​ ដែល​ផ្ដល់​ជូន​ដោយ​អ្នក​ជំនាញ​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ដែល​ធនាគារ មេយប៊ែង មាន​វត្តមាន។

 

ក្នុង​ចំណោម​សេវាកម្ម​ផ្សេងៗ​ទៀត​ដែល​នឹង​ត្រូវ​លើក​យក​មក​ធ្វើ​បទ​បង្ហាញ​ក្នុង​សិក្ខា​សាលា​ គឺ​សេវាកម្ម​ជួញ​ដូរ​ភាគ​ហ៊ុន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់ Maybank Kim Eng សិង្ហបុរី​ ដែល​ហៅ​កាត់​ថា KE Trade។ Maybank Kim Eng គឺ​ជា​ធនាគារ​វិនិយោគ​ដែល​ជា​កម្មសិទ្ធិ​ពេញ​​លេញ​របស់​ធនាគារ មេយប៊ែង ជាមួយ​នឹង​បណ្ដាញ​នៅ​ក្នុង ១១ប្រទេស និង​មាន​ប្រមាណ​ជាង ៨០​សាខា។ ទម្រង់​នៃ​ការ​វិនិយោគ​នេះ​អនុញ្ញាត​ឲ្យ​អតិថិជន​ស្វែង​យល់ ឬ​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទីផ្សារ ជួញ​ដូរ សកល​លោក និង​ផ្ដល់​សម្រង់​តម្លៃ​ជាក់​ស្ដែង​សម្រាប់​ទីផ្សារ​ភាគហ៊ុន​ក្នុង​តំបន់ ដូចជា ផ្សារ​ភាគ​ហ៊ុន​ប្រទេស​សិង្ហបុរី (SGX) ទីក្រុង​ហុងកុង (HKEX) ប្រទេស​ម៉ាឡេស៊ី (BursaMalaysia) ប្រទេស​ថៃ (SET) និង​សហរដ្ឋ​អាមេរិក (NYSE, NASDAQនិង NYSE Arca)។

 

 

តាម​រយៈ​ប្រសាសន៍​របស់​លោកស្រី ស៊ីនត្សៀ លីវ បាន​លើក​ឡើង​ផង​ដែរ​ថា៖ "អតិថិជន​ ចាប់​ផ្ដើម​ធ្វើ​ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​កាន់​តែ​មាន​ច្រើន​ឡើង តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ និង​វិភាគ​ដោយ​ខ្លួន​ឯង​ក្នុង​ការ​ធ្វើ​ការ​ជួញ​ដូរ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ទូរសព្ទ​ដៃ។ ទម្រង់​នៃ​ការ​វិនិយោគ និង​កម្មវិធី​ទាំង​អស់​នេះ បាន​ផ្ដល់​នូវ​វិធីសាស្ត្រ​ជា​ច្រើន​ដែល​អាច​ជួយ​អតិថិជន​ក្នុង​ការ​ពិនិត្យ​ និង​តាម​ដាន​ផលប័ត្រ​របស់​ពួកគេ ហើយ​ក្នុង​ចំណោម​ទម្រង់​នៃ​ការ​វិនិយោគ និង​កម្មវិធី​ទាំង​អស់​នោះ​ក៏​មាន​ប្រព័ន្ធ KE Trade នេះ​ផង​ដែរ។ កម្មវិធី​ជួញ​ដូរ​តាម​ប្រព័ន្ធ​ទូរសព្ទ KE Trade ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ប្រព័ន្ធ​ជួញ​ដូរ​តាម​ទូរសព្ទ​ដែល​ប្រសើរ​ជាង​គេ​បង្អស់​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​ជាប់ៗ​គ្នា គឺ​ជា​កម្មវិធី​ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​អ្នក​វិនិយោគ​ដែល​មាន​បំណង​គ្រប់​គ្រង​ការ​វិនិយោគ​របស់​ពួក​គេ​តាម​រយៈ​ទូរសព្ទ​ដៃ ឬ​កុំព្យូទ័រ គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង"។

 

លោកស្រី ស៊ីនត្សៀ លីវ បាន​បន្ត​ថា សិក្ខា​សាលា​ស្ដី​ពី​ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ ផ្សេងៗ​ទៀត​នឹង​ត្រូវ​រៀប​ចំ​ឡើង​សម្រាប់​អតិថិជន​ទាំង​ឡាយ​ណា​ដែល​ចង់​ធ្វើការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ ហើយ​សិក្ខា​សាលា​ទាំង​នេះ​នឹង​អាច​ជា​វេទិកា​មួយ​សម្រាប់​អតិថិជន​សិក្សា​អំពី​ជម្រើស​វិនិយោគ​ផ្សេងៗ។

 

លោកស្រី​បាន​បន្ថែម​ថា៖ "អតិថិជន​គួរ​តែ​ចាប់​ផ្ដើម​សិក្សា​ និង​រៀបចំ​គម្រោង​សម្រាប់​ការ​គ្រប់​គ្រង​លើ​ទ្រព្យ​សម្បត្តិ​ឲ្យ​បាន​ឆាប់​រហ័ស នៅ​ពេល​ដែល​ពួក​គេ​ចាប់​ផ្ដើម​ធ្វើ​ការ។ វា​មិន​ឆាប់​ពេក​ទេ​ក្នុង​ ការ​រៀប​ចំ​គម្រោង​ចូល​និវត្តន៍​របស់​អ្នក ឬ​សម្រាប់​ពេល​មាន​បញ្ហា​នោះ"។

 

លោក​ស្រី​បាន​បន្ថែម​ថា រាល់​ការ​វិនិយោគ​តែង​តែ​ភ្ជាប់​មក​ជាមួយ​នូវ​ហានិភ័យ​នៃ​ការ​បាត់​បង់​មូលធន ហើយ​អតិថិជន​គប្បី​ស្វែង​យល់​ពី​ហានិភ័យ​របស់​ខ្លួន បរិយាកាស​នៃ​ការ​វិនិយោគ​តម្រូវ​ការ​នៃ​លំហូរ​សាច់​ប្រាក់ មុន​នឹង​សម្រេច​ចិត្ត​ធ្វើការ​វិនិយោគ​រយៈ​ពេល​វែង។

 

 

"នៅ​ធនាគារ មេយប៊ែង កម្ពុជា យើង​មាន​បុគ្គលិក​ដែល​មាន​ជំនាញ​ដែល​បាន​ឆ្លង​កាត់​ការ​ប្រឡង​លក្ខណៈ​ផ្លូវ​ការ​នៅ​សិង្ហបុរី ដើម្បី​ជួយ​អតិថិជន​ក្នុង​ការ​ស្វែង​យល់​ពី​ហានិភ័យ​របស់​ខ្លួន និង​ពន្យល់​អតិថិជន​ពី​ហានិភ័យ​នានា​ពាក់​ព័ន្ធ​នឹង​ការ​វិនិយោគ​ទៅ​លើ​សេវាកម្ម ឬ​ផលិត​ផល​ណា​មួយ ដូច្នេះ​ហើយ អតិថិជន​អាច​សម្រេច​ចិត្ត​បាន​ត្រឹម​ត្រូវ នៅ​ពេល​ជ្រើស​រើស​ក្នុង​ការ​វិនិយោគ​ទៅ​លើ​ផលិត​ផល​ណា​មួយ"។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី ស៊ីនត្សៀ។

 

លោកស្រី ស៊ីនត្សៀ ថា ធនាគារ មេយប៊ែង កម្ពុជា នៅ​តែ​បន្ត​ស្វែង​រក​ និង​ផ្ដល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​ផលិត​ផល និង​សេវាកម្ម​ដែល​អាច​ជួយ​ឲ្យ​អតិថិជន​បង្កើន​ទ្រព្យ​សម្បត្តិ​របស់​ពួក​គាត់​ និង​ពង្រឹង​ទំនាក់​ទំនង​បច្ចុប្បន្ន​ជាមួយ​អតិថិជន​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត។ ក្នុង​ចំណោម​ធនាគារ​មួយ​ចំនួន​តូច​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ផ្ដល់​ជូន​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ ធនាគារ មេយប៊ែង មាន​គោល​បំណង​ក្នុង​ការ​ជួយ​លើក​តម្កើង​ការ​យល់​ដឹង​ពី​ផលិត​ផល និង​សេវាកម្ម​វិនិយោគ​សម្រាប់​សហគមន៍៕

 

 

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទថ្មី