បារមី​ព្រះ​អង្គ​ខ្មៅ នៅ​ភ្នំតូច​ស័ក្ដិសិទ្ធិ​ បើ​មាន​អ្នក​ស្បថ​បំពាន​កាច់​ភ្លាម​

  • 2016-11-04 21:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បារមី​ព្រះ​អង្គ​ខ្មៅ​នៅ​លើ​ភ្នំ​តូច​ ស្ថិត​នៅ​ឃុំ​ភ្នំតូច ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​បាន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ជឿ​លើ​ការ​បន់ស្រន់​ជា​រឿយ​ៗ។ ​អ្នក​ភូមិ​មាន​រឿង​ក្ដី​​ អយុត្តិធម៌ នឹង​មក​ស្បថ​ឲ្យ​ព្រះ​អង្គ​ជួយ​រក​យុត្តិធម៌​ ​ហើយ​បើ​អ្នក​ស្បថ​បំពាន​នឹង​កាច់​ភ្លាម​ខ្លះ​វង្វេងវង្វាន់​ ​ខ្លះ​រហូត​បាត់​បង់​ជីវិត​ក៏​មាន។

 

លោក ជុំ ប្រជាពលរដ្ឋ​រស់​នៅ​ជើង​ភ្នំ​តូច ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី និយាយ​ថា អ្នកស្រុក​មង្គល​បុរី​តែង​មាន​ជំនឿ​លើ​ព្រះ​អង្គ​ខ្មៅ នៅ​សាលាឆាន់​លើ​ភ្នំ ព្រោះ​ព្រះ​អង្គ​ស័ក្ដិសិទ្ធិ​ណាស់។ ​គ្រប់គ្នា​បន់ស្រន់​ភាគច្រើន​ទទួល​បាន​ជោគជ័យ ហើយ​បាន​មក​លាបំណន់​វិញ។ តែ​បើ​មិន​លាបំណន់​​ទេ​គឺ​អាច​នឹង​មាន​បញ្ហា​វិញ​ ហើយ​អ្នក​ខ្លះ​ឈ្លោះ​គ្នា ឬ​សង្ស័យ​អំពី​ការ​លួច​ទ្រព្យ​ ឬ​មិន​ទុក​ចិត្ត​គ្នា​ជាដើម​ ​ក៏​មក​ធ្វើ​​ពិធី​ស្បថស្បែ​ដែរ។

 

"ខ្លះ​គេ​យក​អំបិល​ម្ទេស​លាយ​ជាមួយ​ទឹក​ ហើយ​ផឹក​ស្បថ​ គឺ​នរណា​ហ៊ាន​ស្បថ​បែប​នេះ​នៅ​មុខ​ព្រះ​អង្គ​ ហើយ​ស្បថ​ទាំង​បំពាន​គឺ​នឹង​កាច់​ឲ្យ​ឃើញ​ភ្លាម​ៗ​ ​ហើយ​ខ្លះ​មួយ​រយៈ​គ្រោះ​ថ្នាក់​ស្លាប់​ក៏​មាន​ ខ្ញុំ​ធ្លាប់​ឮ​មក​មាន​ពីរ​នាក់​ដែរ​ ព្រោះ​តែ​ស្បថ​ទាំង​បំពាន"។ លោក​ជុំ និយាយ។

 

សូម​ទស្សនា​វីដេអូ!

 

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកស្រី យឹម នី អាយុ​ ៦២ឆ្នាំ ប្រធាន​សាលា​ឆាន់​ ​នៅ​វត្ត​សង់​ប្រាសាទ​រាជ្យ​ លើ​ភ្នំ​តូច​ បាន​និយាយ​ដែរ​ថា "រឿង​កាច់​ដល់​ស្លាប់​ខ្ញុំ​អត់​ដឹង​ទេ​ តែ​បើ​ថា​ស្បថ​បំពាន​គឺ​កាច់​ភ្លាម​ៗ​ត្រឹម​វង្វេង​វង្វាន់​គឺ​មាន​មែន​ ខ្ញុំ​ធ្លាប់​ឃើញ​អីចឹង​មែន"។

 

អ្នកស្រី​បាន​រៀបរាប់​ទៀត​ថា​ ​ព្រះអង្គ​ខ្មៅ​គឺ​មាន​ពុទ្ធបរិស័ទ​ជាច្រើន​បាន​មក​គោរព​ និង ស្បថស្បែ​ផ្សេងៗ​ ហើយ​អ្នក​បន់ស្រន់​ជោគជ័យ​ក៏​មាន​ច្រើន ឯ​អ្នក​​ស្បថ​បំពាន​ក៏​ឃើញ​ហុច​ផល​អាក្រក់​ក្នុង​ពេល​​បច្ចុប្បន្ន​ភាព​ផង​ដែរ។

 

រមណីយដ្ឋាន​ភ្នំតូច​គឺជា​ភ្នំ​ប្រវត្តិសាស្ត្រ​មួយ​ដែល​អ្នក​ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយ​មានជ័យ​បាន​ចាត់​ទុក​​ជា​កន្លែង​គោរព​បូជា​បម្រើ​លើ​វិស័យ​ព្រះពុទ្ធ​សាសនា​ ដោយ​នៅ​លើ​ភ្នំ​មាន​វត្តអារាម និង​ជា​ទីតាំង​ស្ងប់ស្ងាត់​សម្រាប់​​ឲ្យ​តាជី ដូនជី ឡើង​ទៅ​ធ្វើ​សមាធិ​តាំង​អារម្មណ៍​រៀន​ធម៌៕

 

 

 

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី