បារមីលោកតា ព្រះភក្ត្រ៨ ល្បីស័ក្ដិសិទ្ធិ គ្រប់គ្នាតែងបន់ស្រន់មុនឡើងប្រាសាទតាមាន់
- 2016-11-06 16:23:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារមីលោកតា ព្រះភក្ត្រ៨ ល្បីស័ក្ដិសិទ្ធិ គ្រប់គ្នាតែងបន់ស្រន់មុនឡើងប្រាសាទតាមាន់
ចន្លោះមិនឃើញ
លោកតា ព្រះភក្រ្ត៨ ស្ថិតនៅខាងឆ្វេងដៃ ក្បែរផ្លូវឡើងទៅប្រាសាទតាមាន់ គឺភ្ញៀវក៏ដូចជាកងទ័ពទាំងអស់មានជំនឿលោកតា ដូច្នេះហើយគ្រប់គ្នាមុនឡើងប្រាសាទរមែងបន់ស្រន់សុំសេចក្ដីសុខជានិច្ច។
លោក ហ៊ុន វិចិត្រ ប្រជាពលរដ្ឋនៅជើងភ្នំប្រាសាទតាមាន់ ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ បានប្រាប់ក្រុមការងារ "ផ្លូវទៅស្រុក" ថា អ្នកស្រុកក្ដី ភ្ញៀវទេសចរណ៍ក្ដី កងទ័ពក្ដីសុទ្ធតែជឿលើលោកតា ព្រះភក្រ្ត៨ ព្រោះបន់ស្រន់អ្វីតែងបានសម្រេច។
“ទាហានទាំងអស់នៅទីនេះ មុនឡើងវាយជាមួយសៀមកាលពីអំឡុងឆ្នាំ ២០១១ បានបន់ស្រន់នៅទីនេះ ហើយសម្ភារៈម៉ូតូផ្សេងៗ បានទុកនៅក្បែររោងលោកតា ក៏មិនដែលបាត់ដែរ គ្រាន់តែបន់ស្រន់និងផ្ញើលោកតា។ ហើយការទៅច្បាំងគឺបានសេចក្ដីសុខ មិនប៉ះពាល់ដល់អាយុជីវិត។" លោក ហ៊ុន វិចិត្រ និយាយ។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋមិនថាជិតឆ្ងាយតែងតែមកបន់ស្រន់ ហើយខ្លះបានមកបន់ស្រន់សុំកូនក៏សម្រេចតាមសេចក្ដីប្រាថ្នាផងដែរ។ "អ្នកជិតខាងក្បែរៗនេះ បានមកសុំកូន ហើយបានសម្រេច"។ លោក ហ៊ុន វិចិត្រ និយាយ។
ប្រាសាទតាមាន់ស្ថិតនៅក្នុងភូមិសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ មានចម្ងាយប្រមាណជា ៨៥ គីឡូម៉ែត្រ ពីទីរួមខេត្ត។ ប្រាសាទនេះធ្លាប់ជាសមរភូមិដ៏ក្ដៅគគុករវាងកងទ័ពកម្ពុជា និង ថៃ ប្រយុទ្ធគ្នារយៈពេលមួយសប្ដាហ៍ កាលពីចុងខែមេសា រហូតដល់ដើមខែមិថុនា ឆ្នាំ ២០១១៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា