Jack Ma ព្រមានពីគ្រោះមហន្តរាយ បើ ដូណាល់ ត្រាំ មិនធ្វើការជាមួយ ចិន
- 2016-11-10 04:25:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jack Ma ព្រមានពីគ្រោះមហន្តរាយ បើ ដូណាល់ ត្រាំ មិនធ្វើការជាមួយ ចិន
ចន្លោះមិនឃើញ
«ដូណាល់ ត្រាំ ត្រូវតែធ្វើការជាមួយ ចិន បើមិនដូច្នោះទេ នឹងមានគ្រោះមហន្តរាយ»។ នេះបើតាមទស្សនៈរបស់លោក Jack Ma ស្ថាបនិក និង នាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba ហើយក៏ជាមហាសេដ្ឋីប្រាក់វាល់លានម្នាក់ នៅក្នុងប្រទេសចិន ផងដែរ។
«ទំនាក់ទំនងដែលល្អ និងវិជ្ជមាន រវាងប្រទេសសេដ្ឋកិច្ចកំពូលទាំង២ របស់ពិភពលោក អាចដោះស្រាយបញ្ហាជាច្រើន។ ប៉ុន្តែ ប្រសិនបើពួកគេមិនធ្វើការជាមួយគ្នា វានឹងក្លាយជាមហន្តរាយ»។ នេះបើតាមសម្តី លោក Jack Ma ប្រាប់ទៅកាន់សារព័ត៌មាន CNN នៅក្នុងកិច្ចសម្ភាសន៍ កាលពីថ្ងៃពុធ កន្លងទៅនេះ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់បានសន្យាថា នឹងដាក់ទណ្ឌកម្មប្រទេសចិន ដោយការបន្ថែមពន្ធលើទំនិញចិន ដែលនាំចូលមកសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ មហាសេដ្ឋីផ្នែកបច្ចេកវិទ្យា វ័យ៥២ឆ្នាំ លោក Ma បានប្រាប់យ៉ាងដូច្នេះថា «ខ្ញុំមិនភ័យខ្លាច (លោក ត្រាំ) ឡើយ។ ខ្ញុំគិតថា ទំនាក់ទំនង ចិន-អាមេរិក ដែលល្អ និងវិជ្ជមាន គឺសំខាន់ខ្លាំងណាស់។ វាជាគម្លាតយ៉ាងច្បាស់លាស់ រវាងយុទ្ធនាការវោហារសាស្ត្រ និងការពិត នៃការងាររបស់ប្រធានាធិបតីអាមេរិក»។
មិនតែប៉ុណ្ណោះ លោក Ma ថែមទាំងឲ្យដឹងទៀតថា លោក ត្រាំ មិនមែនជាបេក្ខជនទី១ឡើយ ដែលធ្វើការគំរាមកំហែងចិន។ «គាត់ (លោក ត្រាំ) ជាមនុស្សឆ្លាត... គាត់នឹងចេះលៃលក។ គាត់នឹងមិនធ្វេសប្រហែលចំពោះទំនាក់ទំនងរវាង ចិន និង អាមេរិក ឡើយ»។
គួរឲ្យដឹងថា លោក Ma ដែលជាភ្ញៀវទៀតទាត់ របស់លោក បារ៉ាក់ អូបាម៉ា កំពុងតែចង់ជួប លោក ត្រាំ។
«រដ្ឋាភិបាលថ្មី គួរតែផ្ដោតលើការធ្វើពាណិជ្ជកម្ម និង សកលភាវូបនីយកម្ម ដើម្បីបង្កើតការងារបន្ថែមទៀត និងបង្កើនការយល់ដឹង រវាងប្រទេសចិន និងសហរដ្ឋអាមេរិក»។ លោក Ma បន្ថែម៕
សូមទស្សនាកិច្ចសម្ភាសន៍រវាង លោក Jack Ma និង CNN៖