មតិជុំវិញ​ការ​ប្រើ​ទូរសព្ទស៊ីម​មួយ​ និង​ស៊ីមពីរ

  • 2016-11-15 08:55:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា​ ​ចរាចរណ៍​​ទូរស័ព្ទ​នៅ​កម្ពុជា​​កាន់​តែ​មាន​ភាព​សម្បូរ​បែប ហើយ​ក៏​កំពុង​​តែ​​​ប្រកួតប្រជែង​​គ្នា​នៅ​លើ​ទីផ្សារ​យ៉ាង​​ខ្លាំង​ដែរ។ លំហូរទូរស័ព្ទ​បែប​នេះ ​​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​​ជ្រើស​រើស​ដោយ​សេរី។ តាម​សភាព​ជាក់​ស្ដែង អ្នក​ខ្លះ​ប្រើ​ទូរស័ព្ទ​បី​បួន តែ​អ្នក​ខ្លះ​ប្រើ​ទូរស័ព្ទ​តែ​មួយ តែ​ស៊ីម​ពីរ​បី​រ និង​ពេល​ខ្លះ​រហូត​ដល់​ស៊ីម​បួន​ក៏​មាន។ ​តើ​ទូរស័ព្ទ​ស៊ីម​ច្រើន និង​ស៊ីម​មួយ​ ណា​មួយ​គេ​ចូល​ចិត្ត​ប្រើ​ជាង? ហេតុអ្វី?

កំពុង​អង្គុយ​ពិភាក្សា​គ្នា​ជាមួយ​មិត្តភ័ក្ដិ​អំពី​មេរៀន​ក្រោយ​ចប់​ម៉ោង​សិក្សា កញ្ញា រ៉ាវីន​ងាក​មុខ​មក​និយាយ​ជាមួយ Sabay ថា រវាង​ទូរស័ព្ទ​ប្រើ SIM មួយ​និង​ប្រើ SIM ច្រើន​កញ្ញា​គិត​ថា​ទូរស័ព្ទ​ប្រើ SIM មួយ​ល្អ​ជាង។ តាម​សម្ដី​នេះ មាន​ន័យ​ថា កញ្ញា ចូលចិត្ត​ប្រើ​ទូរស័ព្ទ​ស៊ីម​មួយ​ជាង​ទូរស័ព្ទ​ស៊ីម​ច្រើន។

និស្សិត​កំពុង​សិក្សា​បី​មហាវិទ្យាល័យ​រូប​នេះ​លើក​ឡើង​អំពី​មូលហេតុ​ថា ទោះ​បី​ជា​ជា​ទូរស័ព្ទ SIM ច្រើន​មាន​អត្ថប្រយោជន៍​ដាក់​បាន SIM ច្រើន​ប៉ុន្តែ​បើ​ពិនិត្យ​លើ​គុណភាព​គឺ​ចាញ់​ទូរស័ព្ទ​ប្រើ​បាន SIM មួយ​ដាច់។ “​ទូរស័ព្ទ​ប្រើ SIM ច្រើន​សំឡេង​និយាយ​លឺ​ខ្សាវៗ ប្រើ​អត់​បាន​យូរ​ទេ”។

បច្ចុប្បន្ន​នៅ​លើ​ទីផ្សារ ប្រភេទ​ទូរស័ព្ទ​ដែល​អាច​ប្រើប្រាស់ SIM ច្រើន​មាន​ការ​វាយ​លុក​ខ្លាំង​សម្រាប់​បំពេញ​តម្រូវការ​របស់​អតិថិជន។ “បើ​ឱ្យ​ខ្ញុំ​រើស ខ្ញុំ​រើស​យក​ទូរស័ព្ទ​ប្រើ SIM ច្រើន​ហើយ ព្រោះ​អី​ចំណេញ​ច្រើន”។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​និស្សិត​ផ្នែក​សេដ្ឋកិច្ច​នៅ​មហាវិទ្យាល័យ​ធនធាន​មនុស្ស គឺ​​លោក​ចាន់។ និស្សិត​រូប​នេះ និយាយ​ទៀត​​ថា ទូរស័ព្ទ SIM ច្រើន​តម្លៃ​ថោក​ ហើយ​អាច​ប្រើប្រាស់​បាន SIM ច្រើន​ទៀត។

ស្រប​ជាមួយ​គំនិត​របស់​និស្សិត​សិក្សា​បី​មហាវិទ្យាល័យ​កញ្ញា រ៉ាវីន បុគ្គលិក​នៅ​ក្រុមហ៊ុន​ឯកជន​មួយ ​លោក ចាន់រ៉ា ​ឲ្យ​ដឹង​​ថា តាម​បទពិសោធន៍​​ធ្លាប់​ប្រើ​កន្លង​ទៅ​ទូរស័ព្ទ​ដែល​ប្រើ​បាន SIM​ច្រើន​នោះ​កាន់​ថ្ម​មិន​បាន​យូរ​ទេ។ “ខ្ញុំ​ប្ដូរ​ថ្ម​អស់ ២ ហើយ​តាំង​ពី​ប្រើ​មក…”។

ទោះ​បី​ជា​កំពុង​អង្គុយ​លក់​ដាច់​បន្តិច​មែន​ប៉ុន្តែ​កញ្ញា ផា ម្ចាស់​ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង​នៅ​ផ្សារ​ទំនើប​សូរិយា​មិន​បដិសេធ​នឹង​ការ​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​យក​ព័ត៌មាន​Sabay ទេ។ ម្ចាស់​ហាង​រូប​នេះ​​រៀបរាប់​ថា បច្ចុប្បន្ន​មិន​ថា​យុវវ័យ ឬ​មនុស្ស​ចាស់​ទេ​ភាគ​ច្រើន​គេ​និយម​ប្រើ​ទូរស័ព្ទ​ប្រើ​SIM​ច្រើន ​ព្រោះ​សមត្ថភាព​របស់​វា​មិន​ចាញ់​ទូរស័ព្ទ​ម៉ូដែល​ទំនើប​ប៉ុន្មាន​ទេ។

“ឥឡូវ​លក់​ដាច់​ជាង​មុន ព្រោះ​អី​គេ​និយម​ប្រើ​តែ​ទូរស័ព្ទ SIM ច្រើន…ទូរស័ព្ទ SIM ច្រើន​អាច​ស្ដាប់​ចម្រៀង មើល​វីដេអូ​បាន​ទៀត ហើយ​ប្រើ​បាន​យូរ​ទៀត”។

អតីត​ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​ក្រុមហ៊ុន​Nokia ប្រចាំ​កម្ពុជា​លោក​អ៊ី សុគន្ធ​មាន​ប្រសាសន៍​ថា គេ​មិន​អាច​វាយ​តម្លៃ​ថា​ទូរស័ព្ទ​ប្រភេទ​ណា​ល្អ​ជាង​មួយ​ណា​ទេ កត្តា​នេះ​គឺ​អាស្រ័យ​លើ​អ្នក​ប្រើប្រាស់​ទេ ព្រោះ​ថា​ប្រសិន​បើ​គេ​ចំណាយ​លុយ​ទៅ​ទិញ​ហើយ​ មាន​ន័យ​ថា​វា​ល្អ​សម្រាប់​គេ​ហើយ។

ទាក់ទង​ទៅ​នឹង​គុណសម្បត្តិ​យ៉ាងណា​​នោះ លោក ​អ៊ី សុគន្ធ​ បន្ថែម​ថា ទូរស័ព្ទ​ប្រើ SIM ច្រើន​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ច្រើន ពិសេស​គឺ​ថវិកា​តែ​ម្ដង ប៉ុន្តែ​បើ​យើង​រើស​យក​ទូរស័ព្ទ​ប្រើ SIM មួយ​គឺ​មាន​គុណភាព​អាច​ប្រើ​បាន​យូរ។

តាម​ការ​សង្កេត​មើល​ឃើញ​រវាង​ទូរស័ព្ទ​ប្រើ​ស៊ីម​ច្រើន​ និង​ទូរស័ព្ទ​ប្រើ​ស៊ីម​មួយ​អាច​និយាយ​បាន​ថា​សុទ្ធ​តែ​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​ផ្សេងៗ​គ្នា។ នេះ​គឺ​អាស្រ័យ​លើ​អ្នក​ប្រើប្រាស់​ខ្លួន ថា​តើ​គេ​គួរ​ចំណាយ​ទឹក​ប្រាក់​បែប​ណា​ក្នុង​ការ​ទទួល​បាន​ទូរស័ព្ទ​មួយ​ណា​ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​គេ។

ចុះ​ចំណែក​មិត្ត​យុវវ័យ​ដែល​មិន​បាន​ជួប​សម្ភាសន៍​ផ្ដល់​មតិ​យោបល់​ផ្ទាល់​វិញ​នោះ យល់​យ៉ាង​ណា​ដែរ?

អត្ថបទ៖ វណ្ណថេត

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី