ដុង​គំនូរ​តាំង​ពី​ក្មេង ក្លាយ​ជា​អ្នក​ឌីហ្សាញ​បាន​ចំណូល​ជិត​ពាន់​ដុល្លារ

  • 2016-11-17 02:52:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​មាន​ចំណូលចិត្ត​គូរ​គំនូរ​តាំង​ពី​ក្មេង ទើប​ជំរុញ​យុវតី វត្តី សម្រេច​ចាប់​ជំនាញ​ឌីហ្សាញ ដោយ​បាន​ចំណូល​ជិត​ខ្ទង់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ។

វត្តី​ថា ការ​គូរ​រូប​ជា​ចំណូល​ចិត្ត​ដែល​ខ្លួន​ចូលចិត្ត​បំផុត​តាំង​ពី​ក្មេង រហូត​ធ្លាប់​ទទួល​បាន​រង្វាន់​ពីរ​ដង​សម្រាប់​ការ​ប្រឡង​គំនូរ​ធ្វើ​ឡើង​នៅ​ថៃ​និង​ជប៉ុន។

ព្រោះ​តែ​មាន​ដុង​តាំង​ពី​ក្មេង​បែប​នេះ ទើប​ជំរុញ​ឲ្យ វត្តី​ចាប់​យក​ជំនាញ Web និង Graphic Design នៅ​វិទ្យាស្ថាន​ស៊ីតិក។ រយៈ​ពេល ៣ឆ្នាំ​ចាប់​អាជីព​ជា​អ្នក​ឌីហ្សាញ វត្តី​ថា ជួប​រឿង​លំបាក​គួរសម ពិសេស​គឺ​ពេល​និយាយ​ជាមួយ​ភ្ញៀវ។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដែល​ទើប​ចាប់​ផ្ដើម​ការងារ​ដំបូង យុវតី​វ័យ ២៣ ឆ្នាំ រូប​នេះ​ស្ទើរ​សម្រេច​ចិត្ត​បោះបង់​ចោល​ជំនាញ​ឌីហ្សាញ​នេះ ដោយ​សារ​ការងារ​នេះ​ធ្វើ​តម្រូវ​តែ​ចិត្ត​អតិថិជន ទាំង​ខ្លួន​ឯង​មិន​ពេញ​ចិត្ត​នឹង​ធ្វើ​ទាល់​តែ​សោះ។ ប៉ុន្តែ​ដោយសារ​វា​ជា​ជំនាញ​​ខ្លួន​ប្រាថ្នា និង​ដោយ​ការ​អត់​ទ្រាំ​រឿង​លំបាកៗ​ក្នុង​ការងារ​ជា​ច្រើន​ឆ្នាំ​មក​នេះ ទើប​វត្តី​យល់​ពី​សាច់ការ​រាក់​ជ្រៅ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​អតិថិជន។

“កាល​ចាប់​ផ្ដើម​ប្រឡូក​ការងារ​ឌីហ្សាញ​ដំបូង នៅ​រៀង​ស្ទើរៗ​ទេ​បង មិន​ទាន់​យល់​សាច់​ការ​អី​ច្រើន។ ពិបាក​បំផុត គឺ​ពេល​ភ្ញៀវ​បញ្ជា​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ សឹង​តែ​ទ្រាំ​មិន​បាន​រត់​ចោល​ការងារ ព្រោះ​ខ្លួន​ឯង​មិន​ពេញ​ចិត្ត​សោះ។

បច្ចុប្បន្ន​វត្តី​កំពុង​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​ជា​អ្នក​ឌីហ្សាញ ដោយ​ពេល​ខ្លះ​នៅ​ដល់​ដាច់​យប់​ជ្រៅ ដើម្បី​បង្ហើយ​ការងារ​ឲ្យ​ទាន់​ពេល​កំណត់។ ចំពោះ​គម្រោង​ឌីហ្សាញ កញ្ញា​តែង​ទទួល​ធ្វើ​ឥត​ដាច់ ទាំង​នៅ​ក្រុមហ៊ុន​និង​ផ្ទាល់​ខ្លួន។

“រឿង​ដាច់​យប់​ដូច​ញយ​ដង​ដែរ​បង ដោយ​សារ​ពេល​ទាំង​ការងារ​ផ្ទាល់​ខ្លួន​និង​នៅ​ក្រុមហ៊ុន​រវល់​ខ្លាំង ត្រូវ​បន្ទាន់​ឲ្យ​រួចរាល់​ទាន់​ពេល អ៊ីចឹង​បង្ខំ​អត់​ដេក​ដល់​ម៉ោង​ពីរ​យប់។

ជា​អ្នក​ឌីហ្សាញ​ វត្តី​ថា​ពិត​ជា​ធ្វើ​ឲ្យ​កញ្ញា​សប្បាយ​ចិត្ត ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ឃើញ​សមិទ្ធផល​​កើត​ចេញ​ពី​ស្នាដៃ​រចនា​របស់​ខ្លួន ហើយ​កាន់​តែ​មាន​មោទនភាព​ពេល​ឮការ​សរសើរ​ពី​មនុស្ស​នៅ​ជុំវិញ​លើ​អ្វី​ដែល​ខ្លួន​បាន​ផលិត​ឡើង។

ទាក់ទិន​នឹង​ការ​ឌីហ្សាញ​វត្តី​ថា ត្រូវ​មាន​គោលការណ៍​ផ្ទាល់​ខ្លួន ដោយ​ត្រូវ​សិក្សា​ស្រាវជ្រាវ ឲ្យ​បាន​ស៊ី​ជម្រៅ​អំពី​ប្រធានបទ​ដែល​ត្រូវ​រចនា ដើម្បី​ស្គាល់ និង​យល់​ដឹង​អំពី​វា​ឲ្យ​កាន់​តែ​ច្បាស់​លាស់។ ម្យ៉ាង​ទៀត​ត្រូវ​យល់​ពី​តម្រូវ​ការ គំនិត គោលដៅ និង​បំណង​របស់​អតិថិជន ឲ្យ​បាន​ច្បាស់លាស់​សិន មុន​នឹង​ចាប់​ផ្តើម​រចនា។ លើស​ពី​នេះ​ត្រូវ​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​រួម​បញ្ចូល សិល្បៈ​វប្បធម៌​ជាតិ ក្នុង​ការ​រចនា ហើយ​ណែនាំ ព្រឹក្សា និង​ផ្តល់​យោបល់​បន្ថែម លើ​ចំណុច​ល្អ​នានា ដែល​អតិថិជន​មិន​បាន​គិត​ដល់។

ធ្វើ​ជា​អ្នក​ឌីហ្សាញ​វត្តី​ថា ត្រូវ​ចេះ​​ឧស្សាហ៍​វិភាគ​​​និង​ស្វែង​រក (Brainstorm) គំនិត​ថ្មី​ និង​​បើក​ចិត្ត​ទទួល​យក​​រាល់​ការ​រិះគន់​កែ​លម្អ ដើម្បី​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ប្រសើរ​ទៅ​ថ្ងៃ​មុខ៕

អត្ថបទ៖ ផាន់និត

អត្ថបទពេញនិយម