ត្រាច់ចរ​មក​ភ្នំពេញ​សុំ​ព្រះវិហារ​ស្នាក់នៅ តែ​ឥឡូវ​ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន​ទាំង​វ័យ​ក្មេង

  • 2016-11-21 03:35:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក ទេព​កេន វណ្ណកន ​គឺ​ជា​​សហគ្រិន​វ័យ​ក្មេង​​​មួយ​រូប ដែល​​ធ្លាប់​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន​ក្នុង​ជីវិត រាប់​ទាំង​គ្មាន​លុយ​បង់​ថ្លៃ​សាលា​ និង​ស្នាក់​អាស្រ័យ​នៅ​ព្រះ​​វិហារ​គ្រិស្ត រហូត​ក្លាយ​ជា​CEO នៃ​ក្រុម​ហ៊ុន​​ព័ត៌មាន​វិទ្យា CAMWP DEV។ តើ​​លោក​មាន​ប្រវត្តិ​​តស៊ូ​យ៉ាង​​ណា​ខ្លះ​ មុន​ឈាន​ដល់​ការ​បង្កើត​​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​មួយ?

មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​​ធំ ​លោក វណ្ណកន ​បាន​អោយ​ដឹង​ថា​​ដោយ​សារ​គ្រួសារ​​របស់​លោក​មាន​ជីវភាព​ខ្វះ​ខាត​យ៉ាង​ខ្លាំង។ ​ឪពុកម្ដាយ​របស់​លោក បាន​ផ្លាស់​ទី​លំនៅ​ទៅ​កាន់​ខេត្ត​សៀមរាប​ ដោយ​​​ឪពុក​​លោក​ជា​មន្ត្រី​រាជ​ការ​ ចំណែក​ម្ដាយ​​គឺ​ជា​អាជីវករ​លក់​ដូរ​។ ក្រោយ​ពី​បញ្ចប់​ថ្នាក់​វិទ្យាល័យ​​ភ្លាម​​ លោក​​​​បាន​ឡើង​មក​ទីក្រុង​ភ្នំពេញ​ជា​មួយ​មិត្ត​ភក្តិ​៤ ទៅ​ ៥​​ នាក់​​ទៀត​ដើម្បី​ស្វែង​រក​មហាវិទ្យាល័យ​សិក្សា​បន្ត​។​ ​លោក​បាន​ប្រាប់​ថា​ កាល​ពី​ដំបូង​លោក​ចង់​រៀន​ផ្នែក​សំណង់​ស៊ីវិល​ ព្រោះ​មាន​បង​ប្អូន​ និង​មិត្ត​ភក្តិ​អោយ​យោបល់​ថា​មុខវិជ្ជា​នេះ​ងាយ​ស្រួល​រក​​ការ​ងារ​ធ្វើ​ ព្រម​ទាំង​ទទួល​បាន​​ប្រាក់​ខែ​ខ្ពស់។​

​​បន្ទាប់​មក លោក​ក៏​បាន​ប្រឡង​​ជាប់​ក្នុង​បញ្ជី​​ចូល​រៀន​បង់​ថ្លៃ​សិក្សា​ពេញ​ ប៉ុន្តែ​ដោយ​សារ​ជីវភាព​គ្រួសារ​​មិន​សូវ​​ធូរ​ធារ​ លោក​ក៏​ស្វែង​រក​អាហារូបករណ៍​​សិក្សា​ជំនួស​វិញ​។​ ចុង​ក្រោយ​ លោក​បាន​ជាប់​​​អាហារូបករណ៍​សិក្សា​នៅ​សកលវិទ្យាល័យ​កម្ពុជា​ផ្នែក​ព័ត៌មាន​វិទ្យា​។​​​ រីឯ​កន្លែង​ស្នាក់​នៅ​វិញ​ ​លោក​​រឹត​តែ​គ្មាន​លុយ​ជួល​បន្ទប់​នោះ​ទេ​។ លោក​បាន​ទៅ​​​​សុំ​​​​បន្ទប់​​​តូច​មួយ​​​របស់​វិហារ​គ្រិស្ត​មួយ​កន្លែង ដើម្បី​ស្នាក់​នៅ​តាម​ការ​ណែនាំ​របស់​មិត្ត​ភក្តិ​លោក​។​​ ​

ងាក​មក​ការ​សិក្សា​វិញ​ លោក​បាន​រៀប​រាប់​ថា​ ​​​លោក​មាន​អារម្មណ៍​ខក​បំណង​ជា​ខ្លាំង​ដែល​មិន​បាន​រៀន​មុខ​ជំនាញ​ដែល​ខ្លួន​ស្រលាញ់​ ប៉ុន្តែ​ក្រោយ​មក​ដោយ​សារ​​មិត្ត​ភក្តិ​របស់​លោក​បាន​នាំ​លោក​អោយ​ស្គាល់​​ពី Internet និង Website ពេល​នោះ​ហើយ​ដែល​លោក​ចាប់​ផ្ដើម​​​​ចូលចិត្ត​ និង​តស៊ូ​រៀន​សូត្រ​ដោយ​មិន​បោះ​បង់​ចោល​។​ លោក​បាន​បញ្ជាក់​ថា​ដោយ​សារ​លោក​ជា​អតីត​សិស្ស​ពូកែ​គណិតវិទ្យា​​ប្រចាំ​ខេត្ត​មួយ​រូប​ស្រាប់​ ដូច​នេះ​លោក​ឆាប់​ចាប់​បាន​សម្រាប់​ការ​រៀន​ជំនាញ​មួយ​នេះ​។​​

មួយ​ឆ្នាំ​ក្រោយ​មក​លោក​បាន​​សិក្សា​បន្ថែម​​លើ​​​មហាវិទ្យាល័យ​មួយ​ទៀត​ផ្នែក​​​ Network ​នៅ​ឯ​មជ្ឈមណ្ឌល​សហគ្រិន​កម្ពុជា​ឥណ្ឌា​ ហើយ​បាន​ឆ្លៀត​ពេល​ទំនេរ​បង្រៀន​ភាសា​អង់គ្លេស​​ក្រៅ​ម៉ោង ​​ដើម្បី​បាន​ថវិកា​ខ្លះ​ទប់​ទល់​ការ​ចំណាយ​ប្រចាំ​ខែ​។​

ក្រោយ​ពី​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​ឆ្នាំ​២០១២​ លោក​ ទេព​កេន​​ វណ្ណកន​ បាន​ចូល​បម្រើ​​ការងារ​អោយ​ក្រុមហ៊ុន​ធំ​ៗ ក្នុង​នាម​ជាWeb Developer​ ​ជា​បន្ត​បន្ទាប់​​​រហូត​ដល់​ពាក់​កណ្ដាល​​ឆ្នាំ​២០១៦​ ទើប​លោក​សម្រេច​ចិត្ត​បើក​ក្រុមហ៊ុន​​ផ្នែក​វេបសាយ​ និង ​​ព័ត៌មាន​វិទ្យា​មួយ​ដោយ​ខ្លួន​ឯង​។​​​​ មូល​ហេតុ​គឺ​លោក​ចង់​ធ្វើ​អ្វី​មួយ​អោយ​បាន​សម្រេច​​​ដើម្បី​ជា​ស្នាដៃ​សម្រាប់​ជីវិត​របស់​ខ្លួន​ ម៉្យាង​ដោយ​សារ​លោក​​មាន​​ជំនាញ​ការ​ងារ​នេះ​​​ច្បាស់​លាស់​ រួម​ផ្សំ​នឹង​មាន​គេ​ស្គាល់​​ច្រើន​ផង​ដែរ​​។​ លើស​ពី​នេះ​ទៅ​ទៀត​ លោក​ចង់​បង្កើត​ការងារ​​អោយ​សិស្ស​និស្សិត​​ក្រី​ក្រ​​មួយ​ចំនួន​ទៀត​​ផង​។​

សព្វ​ថ្ងៃ​ បុរស​មាន​វ័យ​ ២៧​ឆ្នាំ​រូប​នេះ​​បាន​លើក​ឡើង​ថា​​ ថ្វី​បើ​ក្រុម​ហ៊ុន​របស់​លោក​ទើប​បើក​​ដំណើរ​ការ​បាន​​រយៈ​ពេល​ជាង​៤​ខែ​ក៏​​ពិត​មែន​ ប៉ុន្តែ​លោក​បាន​​ទទួល​គម្រោង​​ពី​អតិថិជន​​​ច្រើន​ឥត​ដាច់​។​លោក​បាន​បន្ត​ថា​ ​ការ​ងារ​នេះ​​ក៏​មិន​មែន​​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ​ ព្រោះ​​ពេល​ខ្លះ​ត្រូវ​អត់​ងងុយ​ និង ខំ​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ការ​ធ្វើ​ Website ម៉្យាង​​​លោក​ត្រូវ​គិត​គូរ​សព្វ​គ្រប់​សម្រាប់​បុគ្គលិក​ និង​សេវាកម្ម​​យ៉ាង​ល្អ​សម្រាប់​បម្រើ​អោយ​អតិថិជន​របស់​ខ្លួន​​។

លោក​ ទេព​កេន​​ វណ្ណកន​ បាន​ផ្ដល់​ជា​គំនិត​ថា អ្នក​ដែល​ចង់​សម្រេច​គោល​ដៅ​របស់​ខ្លួន ត្រូវ​ហ៊ាន​តស៊ូ​ពុះពារ​រាល់​ឧបសគ្គ។ លោក​បាន​បន្ត​ថា មាន​គោល​ដៅ តែ​គ្មាន​សកម្មភាព មិន​អាច​ជោគ​ជ័យ​បាន​ឡើយ។ លុះ​ត្រា​មាន​គោល​ដៅ​ហើយ អនុវត្ត​ឲ្យ​បាន​ល្អ ហ៊ាន​ប្រឈម​ភាព​បរាជ័យ ទើប​ធ្វើ​ឲ្យ គោល​ដៅ​នោះ​ចេញ​ជា​លទ្ធផល​ផ្លែ​ផ្កា​បាន៕ ​​

​​​

អត្ថបទ៖​ ចន្ថា

អត្ថបទថ្មី