ស្រុក​បាភ្នំ​មាន​ប្រាសាទ​បុរាណ​មួយ តែ​រង​ការ​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង

  • 2016-12-04 00:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង មាន​ប្រាសាទ​មួយ​ដែល​សល់​ដាន​ដល់​សព្វ​ថ្ងៃ នោះ​គឺ​ប្រាសាទ​ព្រះវិហារច័ន្ទ ស្ថិត​ក្នុង​ភូមិ​រោង​ដំរី ឃុំ​ជើង​ភ្នំ។ ប្រាសាទ​នេះ ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ហើយ​នៅ​ទសវត្សរ៍​ឆ្នាំ៩០ រូប​ចម្លាក់​ទាំង៣ ត្រូវ​ជន​ខិលខូច​លួច​កាត់​ព្រះកេស​យក​ទៅ​បាត់​ទៀត។ ​​​​

លោក អ៊ុយ រ៉ាស៊ឺង ប្រធាន​ការិយាល័យ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ស្រុក​បាភ្នំ បាន​អះ​អាង​ថា ប្រាសាទ​ព្រះ​វិហារច័ន្ទ​នេះ អាច​កសាង​ឡើង​ក្នុង​ចន្លោះ​ពី​សតវត្ស​ទី១ ដល់​ចុង​សតវត្ស​ទី៦ នៃ​គ្រិស្តសករាជ ឬ​អាច​រាប់​បាន​ថា​ក្នុង​សម័យ​នគរភ្នំ។ ប៉ុន្តែ​បើ​តាម​ឯកសារ​មួយ​ចំនួន​បាន​បង្ហាញ​ថា ​ប្រាសាទ​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង នា​សម័យ​អង្គរ​ដើម្បី ឧទ្ទិស​ចំពោះ​លទ្ធិ​ព្រហ្មញ្ញ​សាសនា។ ចំណែក​ឯ​សៀវភៅ ប្រវត្តិ​ស្រុក​បាភ្នំ ដែល​ស្រាវ​ជ្រាវ​ដោយ​លោក ឡុង គារ ក៏​បាន​បង្ហាញ​ដែរ​ថា ថ្ម​សង់​ប្រាសាទ​វិហារច័ន្ទ មាន​លក្ខណៈ​ដូច​គ្នា​នឹង​ថ្ម​សង់​ប្រាសាទ​អង្គរវត្ត។

លោក អ៊ុយ រ៉ាស៊ឺង

ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ១៩៧៩ តួ​ប្រាសាទ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង ឯ​ថ្ម និង​ចម្លាក់​ផ្សេង​ៗ ត្រូវ​បាន​លួច​យក​ទៅ​បាត់​អស់ ដោយ​បន្សល់​ទុក​ត្រឹម​ខឿន ស៊ុំទ្វារ​ចូល និង​រូប​ចម្លាក់​ធំ៣។ បើ​តាម​លោក លោក អ៊ុយ រ៉ាស៊ឺង បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​៩០ រូប​ចម្លាក់​ទាំង៣ ត្រូវ​បាន​ជន​ខិល​ខូច​លួច​កាត់​ព្រះកេស​យក​ទៅ​បាត់​ទៀត ប៉ុន្តែ​គណៈកម្មការ បាន​រៀប​ចំ​ព្រះ​កេស​ថ្មី​ជំនួស​វិញ។

ប្រធាន​ការិយាល័យ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ស្រុក​បាភ្នំ បាន​លើក​ឡើង បច្ចុប្បន្ន ប្រាសាទ​ដ៏​​ចំណាស់​មួយ​នេះ កំពុង​ដាក់​ក្រោម​ការ​ការពារ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត និង​មាន​ឆ្មាំ​ចាំ​សម្អាត​ជា​ប្រចាំ។ ចំណែក​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏​បាន​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារច័ន្ទ​ជា​សម្បត្តិ​វប្បធម៌​ជាតិ ព្រម​ទាំង​ផ្សព្វផ្សាយ​ឲ្យ​ជួយ​ការពារ​ផង​ដែរ៕

p

អត្ថបទ៖ គង់ វិសាល

អត្ថបទថ្មី