និស្សិតវិស្វកម្មខ្មែរបួនរូប ជាប់អាហារូបករណ៍រៀនសាលាល្បីលំដាប់លេខ ១ នៅបារាំង
- 2016-12-14 04:13:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតវិស្វកម្មខ្មែរបួនរូប ជាប់អាហារូបករណ៍រៀនសាលាល្បីលំដាប់លេខ ១ នៅបារាំង
ចន្លោះមិនឃើញ
ធី វត្ថាណា សាយ ប៊ុនថេត សម្បត្តិ វិបុលរដ្ឋ និងចៅ គឹមហុង ជានិស្សិតឆ្នាំទី ៣នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ITC បានប្រឡងជាប់អាហារូបករណ៍ទៅសិក្សាជំនាញវិស្វកម្មថាមពលនៅសាលា École Polytechnique និងសាលា ENSTA ParisTech ដែលជាសាលាវិស្វកម្មល្បីលំដាប់លេខ ១ នៅប្រទេសបារាំង។
យុវតីខ្មែរតែម្នាក់គត់ក្នុងចំណោមនិស្សិតប្រុសបីនាក់ទៀត សម្បត្តិ វិបុលរដ្ឋ បានប្រាប់ឲ្យដឹងថា កញ្ញាមានអារម្មណ៍រំភើបនិងរីករាយបំផុតដែលបានធ្វើតេស្តជាប់ ព្រោះវាជាប្រភេទអាហារូបករណ៍អនឡាញដែលមាននិស្សិតមិនតិចជាង ១ មុឺននាក់ទេនៅជុំវិញពិភពលោកធ្វើការប្រកួតប្រជែងសមត្ថភាពគ្នាដណ្ដើមយកកៅអីអាហារូបករណ៍ទៅរៀននៅសាលាវិស្វកម្មដ៏ល្បីប្រចាំប្រទេសបារាំងមួយនេះ។
ចំណែកយុវជនសាយ ប៊ុនថេត ក៏បានឲ្យដឹងដែរថា ត្បិតតែទទួលបានពិន្ទុទាបបន្តិច មិនបានចូលរៀននៅសាលា École Polytechnique ក៏ប៉ុន្តែលោកក៏បានជាប់ទៅសាលា ENSTA ParisTech ដែលជាសាលាល្បីមួយដែរបន្ទាប់ពីសាលា École Polytechnique នៅបារាំង។
អាហារូបករណ៍អនឡាញនេះតែងផ្ដល់ជូននិស្សិតទូទាំងពិភពលោក ដោយវិញ្ញាសាធ្វើតេស្ដជុំទីមួយ មានពីរមុខវិជ្ជា រីឯការធ្វើតេស្តជុំទីពីរ ធ្វើឡើងដោយផ្ទាល់មាត់ជាមួយគណៈកម្មការអាហារូបករណ៍មានដូចជា ចំណេះដឹងទូទៅទាក់ទងនឹងវិទ្យាសាស្រ្តថ្មីៗ គណិតវិទ្យា និងរូបវិទ្យា ជាភាសាបារាំង ឬភាសាអង់គ្លេស។ ដោយឡែកការប្រឡងគេកំណត់ចំនួន មានន័យថា អ្នកដែលមានពិន្ទុខ្ពស់ជាងគេតាមប្រទេសនីមួយៗក្នុងចំណោម ៦០នាក់ គឺមានអាទិភាព។
ជាចុងក្រោយ ក្នុងនាមជានិស្សិតដែលបានជាប់ និស្សិតទាំងបួននាក់បានប្រាប់តិចនិកដើម្បីប្អូនៗដែលចង់ប្រឡងទៅរៀននៅទីនោះ ត្រូវស្វែងរកព័ត៌មានពីអាហារូបករណ៍នេះតាមវិបសាយសាលាដោយផ្ទាល់ ត្រូវខិតខំប្រឹងប្រែងរៀនគណិតវិទ្យា រូបវិទ្យា ភាសាអង់គ្លេស ឬភាសាបារាំង និងតាមដានព័ត៌មានវិទ្យាសាស្ត្រថ្មីៗឱ្យបានច្រើន ឬអាចចូលទៅស្វែងរកព័ត៌មាន នៅទីនេះ៕