ភូមិ​ខ្មោច​ ដ៏​អាថ៌កំបាំង​នៅ​រតនគីរី ​គ្រាន់​តែ​ឃើញ​ព្រឺ​សម្បុរ

  • 2016-12-18 23:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភូមិ​​​ខ្មោច​ជនជាតិ​ភាគ​តិច​​​កាចក់​ ដ៏​អាថ៌កំបាំង​ ដែល​ស្ថិត​នៅ​​ភូមិ​​​កោះ​ពាក្យ ​ឃុំ​កោះ​ពាក្យ​ ស្រុក​វើនសៃ​ ​​ខេត្ត​រតនៈគិរី​ ​​បាន​បង្កប់​​នូវ​​អប្បិយជំនឿ​ដ៏​​​​រន្ធត់​ព្រឺព្រួច សូម្បី​​ម៉ោង​១២​កណ្ដាល​​​​ថ្ងៃ​ត្រង់ ​​ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ចូល​ទៅ​ដែរ ​ព្រោះ​គេ​មាន​ជំនឿ​ថា ​​ខ្មោច​មាន​ឥទ្ធិពល​កាច​សាហាវ​ណាស់។

ផ្នូរ​ខ្មោច​ជនជាតិ​ភាគ​តិច​កាចក់ ដែល​ទើប​ស្លាប់ និង​ទើប​កប់​ថ្មីៗ

លោក​ ​ស៊ី ​សាវ៉េត​ ​អ្នក​នាំ​ភ្ញៀវ​ទេសចរ​ នៅ​ខេត្ត​រតនគិរី ​ដែល​បាន​រួម​ដំណើរ​​​ចូល​ក្នុង​​ភូមិ​ព្រៃ​ខ្មោច​ ជាមួយ​ក្រុម​ការងារ «ផ្លូវ​ទៅ​ស្រុក» ​បាន​ឲ្យ​ដឹង​ថា ​​កា​ចក់​ ​ជា​ជនជាតិ​ភាគ​​តិច​មួយ ក្នុង​ចំណោម​ជនជាតិ​ភាគ​តិច​ទាំង​៦​ នៅ​ខេត្ត​រតនគិរី ហើយ​​បច្ចុប្បន្ន​​ជនជាតិ​នេះ​ នៅ​សល់​តិច​ជាង​គេ​បំផុត។ ពួកគេ​មាន​ភូមិ​២​ គឺ​ភូមិ​មួយ​សម្រាប់​ពួកគេ​រស់​នៅ និង​ភូមិ​មួយ​ទៀត​ ជា​ភូមិ​ខ្មោច​​ ​មាន​​ផ្ទៃ​ដី​រាប់​សិប​​ហិកតា ​សម្រាប់​កប់​ខ្មោច​ តាំង​ពី​​ដូន​តា​របស់​ពួកគេ​មក។

ពេល​ធ្វើ​ដំណើរ​ចូល​ដល់​ភូមិ​ខ្មោច​ ​ក្នុង​ព្រៃ​​មាន​ដើម​ឈើ​តូច​ធំ​​​​ដ៏​ត្រជាក់​ ​ស្ថិត​ក្នុង​ម្លប់​​​រាង​ងងឹត​បន្តិច​ ​​​​​​​ខ្យល់​បក​រវិចៗ​ ​ធ្វើ​ឲ្យ​ស្លឹក​ឈើ​រង្គើ ​រួម​ទាំង​មាន​​​ផ្នូរ​ខ្មោច​ជា​ច្រើន​​នៅ​នឹង​មុខ​ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ព្រឺ​សម្បុរ ទោះ​បី​មាន​គ្នា​៤​ទៅ​៥​នាក់​ក៏​ដោយ។ ​លោក​ សាវ៉េត បន្ត​ថា ​​​ទំនៀម​ទម្លាប់​របស់​អ្នក​ភូមិ​ជនជាតិ​កាចក់ ​ពេល​អ្នក​ណា​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ខ្មោច​ ​គឺ​មិន​ឲ្យ​ចូល​​ក្នុង​ភូមិ​វិញ​​​ទេ ព្រោះ​ខ្លាច​​ព្រលឹង​ខ្មោច​​ទៅ​អុក​ឡុក​អ្នក​ភូមិ ​ហើយ​ម៉ោង​១២​ថ្ងៃ​ត្រង់ ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ចូល​ដែរ ព្រោះ​ពួកគេ​ជឿ​ថា ​​ជា​ពេល​ដែល​ខ្មោច​មាន​ឥទ្ធិពល​​​កាច​សាហាវ ​បើ​និយាយ​ពី​ពេល​យប់​គឺ គ្មាន​អ្នក​ណា​ហ៊ាន​ក្បែរ​ឡើយ។

រីឯ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​​​មើល​ព្រៃ​ខ្មោច​ ​ត្រូវ​​ធ្វើ​សញ្ញា​ខ្វែង​​ (សម្រាប់​អ្នក​ដើរ​ក្រោយ​គេ) ​ដើម្បី​រារាំង​ខ្មោច​​កុំ​ឲ្យ​ដើរ​តាម​ទៀត ​និង​​​មិន​​អនុញ្ញាត​ឲ្យ​​ចូល​ក្នុង​ភូមិ​របស់​​ជនជាតិ​កាចក់​​ទៀត​​ទេ​ គឺ​ត្រូវ​តែ​ត្រឡប់​​​​​ទៅ​ស្រុក​វិញ​ភ្លាមៗ ​ហើយ​បើ​មាន​ធ្លាក់​​បាត់​របស់​អ្វី​​ក្នុង​ភូមិ​ខ្មោច​នោះ ក៏​មិន​អាច​ត្រឡប់​ទៅ​​រក​វិញ​បាន​ដែរ។​ ​យ៉ាងណាមិញ ​សម្រាប់​អ្នក​ភូមិ​ជនជាតិ​កាចក់ ​ដែល​ស្ថិត​​ជាប់​ភូមិ​​ខ្មោច​ ក្បែរ​គ្នា​នោះ ពួកគេ​ក៏​ខ្លាច​​ញញើត​​ភូមិ​ព្រៃ​ខ្មោច​​​​ដែរ សូម្បី​ជិះ​ទូក​​នៅ​លើ​ទន្លេ​ចត​ក្បែរ​ព្រៃ​ខ្មោច​នោះ​ ក៏​មិន​ហ៊ាន​ផង។

សូម​ទស្សនា​វីដេអូ​​ខាង​ក្រោម៖

ភូមិ​ខ្មោច​​ជនជាតិ​​កាចក់ ​​​ស្ថិត​នៅ​ចម្ងាយ​​ប្រហែល​៥៣​គីឡូម៉ែត្រ​ ពី​ទីក្រុង​បាន​លុង។ ភ្ញៀវ​ទេសចរ ​​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្រួស​ក្រហម​ចម្ងាយ​ ៣៦​គីឡូម៉ែត្រ​ ​​​ទៅ​ដល់​ស្រុក​វើន​សៃ រួច​ទើប​ជិះ​ទូក​ចម្ងាយ​ប្រហែល ១៧​គីឡូម៉ែត្រ​​ លើ​ទន្លេ​សេសាន​​​ ​​រយៈពេល​ជាង​១​ម៉ោង​ទៀត​ ​ទើប​ដល់​កោះ​ពាក្យ​ ដែល​​ជា​ភូមិ​​តែ​មួយ​គត់​ ​មាន​ជនជាតិ​កាចក់​​សុទ្ធ​តែ​ម្ដង ​រស់​នៅ​ទីនោះ។ ទោះ​ជា​យ៉ាង​ណា នៅ​សង្ខាង​មាត់​ទន្លេ​សេសាន​សំបូរ​ដោយ​ភូមិ​ជន​ជាតិ​ភាគ​តិច ក្នុង​នោះ​ក៏​មាន​ចិន និង​ឡាវ​ផង​ដែរ៕

អត្ថបទ៖ វិន ជីវ័ន្ត​