បុរស​​​ក្រីក្រ​​​ និង​ពិការ​ភ្នែក​​ជម្នះ​ភាពមាក់ងាយ​រហូត​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​តម្លៃ​១៦លានដុល្លារ

  • 2016-12-20 08:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ Srikanth Bolla ​បាន​ជួប​ឧបសគ្គ​យ៉ាង​ច្រើន​ក្នុង​​ជីវិត​​រស់​នៅ​ជា​ពិសេស​កត្តា​ជីវភាព​ ប៉ុន្តែ​វា​មិន​អាច​​រារាំង​មហិច្ឆតា​ស្វែង​រក​ភាព​ជោគជ័យ​របស់​​​បុរស​​ពិការ​ភ្នែក​​រូប​នេះ​បាន​ឡើយ។

យុវជន​វ័យ​ ២៣​​ឆ្នាំ​ខាង​លើ ​បាន​ពិការ​ភ្នែក​ពី​កំណើត​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ​ និង​​រស់​នៅ​សហគមន៍​​ដាច់​ស្រយាល​​ក្នុង​រដ្ឋ Andhra Pradesh ​ប្រទេស​ឥណ្ឌា។ ​ទោះ​មាន​ភាព​លំបាក​​ក្នុង​ការ​​ធ្វើ​ដំណើរ​ឆ្ងាយ​​​ទៅ​រៀន​នៅ​វិទ្យាល័យ​​ក្ដី តែ​គេ​មាន​ការ​តាំង​​ខ្ពស់ និង​ខិត​ខំ​រៀន​សូត្រ​​ខ្លាំង​ដែរ។

​ដោយ​សារ​តែ​​កើត​មក​ពិការ​ភ្នែក​ គេ​បាន​​រង​​ភាព​​មាក់​ងាយ​ពី​អ្នក​ជុំវិញ​ស្ទើរ​មិន​លោះ​ថ្ងៃ​ ពិសេស​​ក្នុង​ថ្នាក់​រៀន។ គ្រា​មួយ​ពេល​​ Bolla ​សម្ដែង​​អារម្មណ៍​​ចង់​​រៀន​​​មុខវិជ្ជា​​វិទ្យាសាស្ត្រ​​ ខាង​ក្រុម​ប្រឹក្សា​​​អប់​រំ​​រដ្ឋ​ Andra Pradesh ​បាន​បដិសេធ​​សំណើ​​របស់គេ​ដោយ​និយាយ​ថា​ មាន​តែ​មុខ​វិជ្ជា​​សិល្បៈ​​ប៉ុណ្ណោះ​​ដែល​សិស្ស​ពិការ​ភ្នែក​អាច​​រៀន​បាន។

លោក​បាន​រម្លឹក​ប្រវត្តិ​​ដ៏​ឈឺ​ចាប់​របស់​ខ្លួន​ថា «ខ្ញុំ​កើត​ក្នុង​ត្រកូល​​កសិករ។ ឪពុកម្ដាយ​​មិន​ចេះ​អក្សរ​ ដូច្នេះ​ខ្ញុំ​បាន​ចំណាយ​ពេល​ ៦​ឆ្នាំ​ ទៅ​ជួយ​ធ្វើការ​លើ​វាល​ស្រែ​ជាមួយ​ឪពុក​។ ដោយ​សារ​តែ​​សហគមន៍​​ខ្ញុំ​រស់​​​នៅ សម្បូរ​​អ្នក​មិន​ចេះ​អក្សរ​​ អ្នក​ភូមិ​បាន​បញ្ចុះ​បញ្ចូល​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ឲ្យ​បោះ​បង់​ខ្ញុំ​ចោល​ តែ​គាត់​មិន​ធ្វើ​តាម។ ឪពុក​​ម្ដាយ​​ខ្ញុំ​បាន​បញ្ជូន​ខ្ញុំ​​ឲ្យ​ទៅ​ចូល​រៀន​​ តែ​មិត្ត​ក្នុង​ថ្នាក់​​រើស​អើង​មែនទែន​ ហើយ​គេ​គិត​ថា​ខ្ញុំ​​មិន​អាច​​រត់​លេង​ជា​​មួយ​ពួក​គេ​បាន​ឡើយ​។ ចំណែក​​គ្រូ​ក៏​មិន​សូវ​ខ្វល់​​​នឹង​ខ្ញុំ​ដែរ ព្រោះ​​ពួក​គេ​គិត​ថា​ខ្ញុំ​រៀន​មិន​ចេះ​។ ខ្ញុំ​​បាន​ចំណាយ​ពេល​​ ២​ឆ្នាំ​​​អង្គុយ​តុ​ក្រោយ​​គេ​​តែ​ម្នាក់​ឯង​ ដោយ​​មិន​មាន​នរណា​ម្នាក់​​ទទួល​ស្គាល់​វត្ត​មាន​ខ្ញុំ​ទេ​។​

​ដោយ​សារ​​ការ​ប្ដេជ្ញា​​ចិត្ត​​យ៉ាង​មុតមាំ ខ្ញុំ​បាន​​ផ្ទេរ​ទៅ​រៀន​​​នៅ​សាលា​ Devnar School សម្រាប់​​​អ្នក​ពិការ​ភ្នែក​​ នៅ​ទីក្រុង​ Hyderabad។ ទោះ​ជា​យ៉ាង​ណា ការ​ផ្លាស់​ទៅ​រៀន​​នៅ​ទីក្រុង​ធំ ធ្វើ​ឲ្យ​ខ្ញុំ​ជួប​ការ​លំបាក​​ជា​ថ្មី។ ពេល​​ទើប​ចូល​រៀន ខ្ញុំ​មិន​យល់​​អ្វី​​គេ​និយាយ​​ឡើយ​​ ព្រោះ​​ខ្ញុំ​ចេះ​តែ​និយាយ​​ភាសា​​ Telegu ជា​ភាសា​តាម​តំបន់​ធ្លាប់​រស់​នៅ។ ​បន្ទាប់​មក​​ ឪពុក​ម្ដាយ​ខ្ញុំ​​បាន​បញ្ជូន​ខ្ញុំ​​ឲ្យ​​ទៅ​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​​សាលា​ ខ្ញុំ​បាន​​យំ​៣ថ្ងៃ មិន​ញ៉ាំ​បាយ​ទឹក ​មិន​យល់​​ពី​អ្វី​អ្នក​ជុំវិញ​ខ្លួន​ជជែក​គ្នា ហើយ​ក៏​មិន​អាច​និយាយ​ទៅ​កាន់​ពួក​គេ​បាន​ដែរ​។ ​គ្រូ​ជា​ច្រើន​បាន​ព្យាយាម​ជួយ​​បង្រៀន​​ភាសា និង​វេយ្យាករណ៍​អង់គ្លេស ប៉ុន្តែ​វា​​​ពិបាក​​រៀន​ ព្រោះ​ខ្ញុំ​​ស្ដាប់​គ្រូ​មិន​យល់។

វា​ពិត​ជា​ពិបាក​​រៀន​ តែ​ខ្ញុំ​បាន​ដាក់ចិត្ត​​រៀន​ រហូត​​​​​បាន​ពិន្ទុ​ខ្ពស់​​ឡើង​ថ្នាក់​ទី​ ១០។ ជា​អកុសល ក្នុង​រដ្ឋ​ Andhra Pradesh ក្រុម​ប្រឹក្សា​អប់​រំ​​​មិន​អនុញ្ញាត​​​ឲ្យ​​សិស្ស​ពិការ​ភ្នែក​​ចូល​រៀន​​ផ្នែក​វិទ្យាសាស្ត្រ​​ឡើយ​ចាប់​ពី​ថ្នាក់​​ទី​១០​ឡើង​ទៅ​។ ទោះ​បី​​មុខ​វិជ្ជា​​​គណិតវិទ្យា និង​​វិទ្យាសាស្ត្រ​​​ខ្ញុំ​ទទួល​បាន​ពិន្ទុ​ខ្ពស់​ ដល់​ថ្នាក់​ទី​​១១ ខ្ញុំ​បាន​ត្រឹម​​រៀន​​​​មុខ​វិទ្យា​​មនុស្ស​សាស្ត្រ​ប៉ុណ្ណោះ​។ ខ្ញុំ​បាន​ដើរ​ដាក់​ពាក្យ​​​រៀន​​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ ​ប៉ុន្តែ​គ្មាន​សាលា​ណា​ទទួល​ឡើយ។​

ដោយ​ផ្ដោត​តែ​គោល​​ដៅ​ ​​ការ​ជឿជាក់​​លើ​ខ្លួន​ឯង​ ខ្ញុំ​បាន​បញ្ចុះ​បញ្ចូល​​សាលា​​​ឲ្យ​​ជួយ​​តវ៉ា​​ក្រុម​ប្រឹក្សា​អប់​រំ​​​ជំនួស​​ខ្ញុំ រហូត​​​ចរចា​ជាង​ ៦​ខែ​ ទី​បំផុត​​ពួក​គេ​យល់​ព្រម​​​ឲ្យ​ខ្ញុំ​​​ចូល​រៀន​ថ្នាក់​​​វិទ្យាសាស្ត្រ​​ហើយ។ ខ្ញុំ​បាន​​ក្លាយ​​ជា​​សិស្ស​​​ពិការ​ភ្នែក​ដំបូង​គេ​​​​ក្នុង​ប្រទេស​ឥណ្ឌា ដែល​បាន​រៀន​ចប់​​ថ្នាក់​​វិទ្យាសាស្ត្រ​​​នៅ​​កម្រិត​វិទ្យាល័យ​ ថែម​ទាំង​បាន​ពិន្ទុ​ដ៏​ខ្ពស់​ដល់​ទៅ​​ ៩៧% ​ទៀត​ផង​ ពេល​ប្រលង​​បញ្ចប់​ឆ្នាំ​ថ្នាក់​ទី​១២​ នៅ​រដ្ឋ​​ខាង​លើ​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ​ក្នុង​អំឡុង​​ពេល​រៀន​​នៅ​វិទ្យាល័យ​ ខ្ញុំ​​បាន​​ឈ្នះ​​ពាន​​លេង​អុក​ថ្នាក់​ជាតិ​​ជា​ច្រើន ​រួម​ទាំង​ទទួល​បាន​​ចំណាត់​ថ្នាក់​លេខ​២​ ​ក្នុង​​ព្រឹត្តិការណ៍​​​សភា​វិទ្យាសាស្ត្រ​​ឥណ្ឌា​លើក​ទី​​៩៣​ ផង។ បើ​និយាយ​ពី​​កាល​រៀន​អនុវិទ្យាល័យ​​វ័យ ​ខ្ញុំ​ចូល​​ចិត្ត​ចូល​រួម​​​ក្នុង​សកម្មភាព​សង្គម​ ដើម្បី​ស្វែង​យល់​ពី​យុទ្ធនាការ​សន្សំ​សំចៃ​ទឹក​ប្រើ​ប្រាស់​ ​ការ​យល់​ដឹង​អំពី​​​ជំងឺ​អេដស៍ ​ ពលកម្ម​កុមារ​ ​និង​​កម្មវិធី​អក្ខរកម្ម​ជា​ដើម»។

ងាក​ទៅ​មើល​ស្ថាន​ភាព​​ក្រោយ​​ប្រលង​ចប់​វិញ ​ភាព​រើស​អើង​ជន​ពិការ​នៅ​តែ​តាម​លង​បន្លាច​គាត់​ជា​និច្ច​។ លោក​ចង់​ចូល​រៀន​​ថ្នាក់​វិស្វកម្ម នៅ​​វិទ្យាស្ថាន​បច្ចេកវិទ្យា​​ឥណ្ឌា​ (IIT) ​ដ៏​ល្បី តែ​​មិន​​ត្រូវ​​គេ​​លក់​ពាក្យ​ឲ្យ​​​ចូលរួម​​ប្រលង​ចូល​រៀន​ឡើយ។

Bolla បន្ត​ដើរ​ដាក់​​ពាក្យ​​ទៅ​រៀន​​នៅ​ក្រៅ​ប្រទេស​វិញ​ ដោយ​រក​​ឃើញ​កម្មវិធី​សិក្សា​ក្រោយ​​ថ្នាក់​ឧត្ដម​សិក្សា​​ទៅ​កាន់​សហរដ្ឋ​អាមេរិក រួច​​ជាប់​​អាហារូបករណ៍​​ដល់​ទៅ​​ ៤​សាកល​វិទ្យាល័យ​​មាន​ដូច​ជា Massachusetts Institute of Technology (MIT), Stanford, Berkeley និង Carnegie Mellon តែ​លោក​ជ្រើស​រើស​​​យក​ MIT ហើយ​សាលា​នេះ​បាន​ជាប់​​ជា​សាលា​ដំបូង​គេ​​​​ទទួល​យក​សិស្ស​​ពិការ​ភ្នែក​អន្តរជាតិ​ឲ្យ​ចូល​រៀន​។​ ​ បន្ទាប់​ពី​រៀន​ចប់​​នៅ​សាកល​វិទ្យាល័យ MIT ដោយ​ជោគជ័យ​ គេ​​មាន​អារម្មណ៍​ថា​​​ខ្លួន​​ត្រូវ​​ធ្វើ​អ្វី​ម្យ៉ាង ព្រោះ​ជន​ពិការ​តែង​តែ​ពុំ​សូវ​មាន​​ឱកាស​ទាំង​រៀន​សូត្រ និង​ការងារ​ក្នុង​ប្រទេស​ឥណ្ឌា។ ​ដូច្នេះ​​គេ​បាន​​បោះ​បង់​ឱកាស​រក​ស៊ី​នៅ​អាមេរិក​ រួច​ត្រលប់​មក​​​ឥណ្ឌា​វិញ​ ដោយ​បើក​អង្គការ​​​មិន​រក​ប្រាក់​ចំណេញ​​ឈ្មោះ​ថា​ Samanvai នៅ​ទីក្រុង​ Hyderabad ​ក្នុង​គោល​បំណង​​ជួយ​​គាំទ្រ​​​ផ្ដល់​ប្រឹក្សា​​ដល់​សិស្ស​ពិការ។

បន្ថែម​លើ​នោះ​ គេ​បាន​បើក​សេវាកម្ម​​បង្រៀន​រហូត​​ទទួល​បាន​សិស្ស​ជាង​ ៣០០០​នាក់។ ដោយ​សន្សំ​ប្រាក់​បាន​គ្រប់​គ្រាន់​នៅ​​​ឆ្នាំ​ ២០១២ គាត់​សម្រេច​ចិត្ត​បើក​​ក្រុមហ៊ុន​ Bollant Industry Pvt.Ltd ដែល​ផ្ដល់​ឱកាស​​ឲ្យ​ជន​ពិការ និង​​អ្នក​មិន​ចេះ​អក្សរ​បាន​ចូល​ធ្វើ​​ការ​​បែប​វេច​ខ្ចប់​។ ក្រុម​​ហ៊ុន​របស់​​គាត់ ​គឺ​​ខាង​បម្លែង​សម្ភារៈ​ប្រើ​ប្រាស់​ចាន​​ឆ្នាំង​ចាស់​ៗ​ និង​ដុត​​កម្លោច​​​កាក​សំណល់​​កសិកម្ម ទៅ​ជា​របស់​ប្រើ​ប្រាស់​ថ្មី​។

ពេល​នេះ​​ Bollant បាន​ជួល​បុគ្គលិក​​ជា​ជន​ពិការ​ជាង​ ១៥០នាក់ ​និង​​៥សាខា ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​គាត់​​មាន​តម្លៃ​​ជាង​ ១៦​លាន​ដុល្លារ​ទៀត​ផង​៕

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី