ម្រេច​​មេមត់​កំពុង​រើ​បម្រះ​ខ្លួន​ឲ្យ​ក្លាយ​ជា​តួ​​អង្គ​សំខាន់វាយ​លុក​ទីផ្សារ​អន្តរជាតិ​​

  • 2016-12-29 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ដល់​ផលិត​ផល​ម្រេច​នៅ​​កម្ពុជា​ ​អ្នក​គ្រប់​គ្នា​ប្រាកដ​ជា​នឹក​ដល់​ម្រេច​​កំពត​ ឬ​​មណ្ឌលគីរី​​​ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​​នឹង​ម្រេច​​​នៅ​ស្រុក​មេមត់​ខេត្ត​ត្បូង​ឃ្មុំ​ ឬ​ខេត្ត​កំពង់ចាម​ឡើយ។ ទោះ​យ៉ាង​ណា​ កសិករ​​ដាំ​ម្រេច​នៅ​ស្រុក​មេមត់​កំពុង​អភិវឌ្ឍ​ខ្លួន​ដើម្បី​ឲ្យ​ក្លាយ​ជា​តួ​អង្គ​សំខាន់​មួយ​ដើម្បី​ប្រកួត​ប្រជែង​នឹង​ម្រេច​កំពត​ និង​មណ្ឌលគីរី​លើ​ទី​ផ្សារ​អន្តរជាតិ។

លោក​ ឈិត កុសល

លោក​ ឈិត កុសល​ ម្ចាស់​កសិដ្ឋាន​ម្រេច​នៅ​ភូមិ​ជាំ​ទ្រៀក​ ឃុំ​ត្រមូង ស្រុក​មេមត់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ម្រេច​គំរូ​ និង​ឈាន​មុខ​គេ​មួយ​នៅ​តំបន់​នេះ​ដោយ​សារ​កំពុង​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​ម្រេច​ធម្មជាតិ​ពិត​ៗ​ដែល​មាន​គុណភាព​លើ​ទី​ផ្សារ​អន្តរជាតិ។ លោក​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា​ កន្លង​មក​​ការ​ដាំ​ម្រេច​នៅ​តំបន់​នេះ​ កសិករ​ភាគ​ច្រើន​ដាំ​តាម​គំនិត​ផ្ទាល់​ខ្លួន​ និង​ប្រើ​ជី​គីមី​ដែល​ធ្វើ​ឲ្យ​ផលិតផល​​ម្រេច​របស់​ពួក​គាត់​មិន​សូវ​មាន​គុណភាព​ និង​​មាន​តម្លៃ​​ថោក។ បច្ចុប្បន្ន​នេះ​មាន​អង្គការ​បាន​ចុះ​ទៅ​បង្រៀន​ដល់​កសិករ​ពី​របៀប​ដាំ​ម្រេច​លក្ខណៈ​បែប​ធម្មជាតិ​ ហើយ​មាន​កសិដ្ឋាន​ម្រេច​មួយ​ចំនួន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​ និង​ចាត់​ទុក​ជា​ម្រេច​គំរូ​ថែម​ទៀត។

លោក​ថា​ ៖«យើង​កំពុង​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​ម្រេច​មាន​គុណភាព​ខ្ពស់​ដូច​ម្រេច​កំពត​ ឬ​មណ្ឌលគីរី។ ម្រេច​យើង​នៅ​ទី​នេះ​មាន​តម្លៃ​ថោក​ យើង​ពិបាក​​កំណត់​តម្លៃ​ ពី​ព្រោះ​ឈ្មួញ​ជា​អ្នក​កំណត់​តម្លៃ​ឲ្យ​យើង​ តែ​យើង​ជា​ម្ចាស់​ម្រេច​មិន​អាច​កំណត់​តម្លៃ​បាន។ យើង​ចង់​​ក្លាយ​ជា​អ្នក​កំណត់​តម្លៃ​ខ្លួន​ឯង​​ដូច​នៅ​កំពត​ ឬ​មណ្ឌលគីរី។ ពេល​ម្រេច​យើង​មាន​គុណភាព​ ឈ្មួញ​នឹង​មិន​អាច​ក្រឡុក​តម្លៃ​យើង​បាន​ទេ។ យើង​អត់​ខ្វល់​ ហើយ​​មាន​ឈ្មួញ​តាម​ទិញ​យើង​រហូត។ មិន​ត្រឹម​តែ​ទី​ផ្សារ​ក្នុង​ស្រុក​ទេ​គឺ​ទី​ផ្សារ​អឺរ៉ុប​ យើង​អាច​ប្រកួត​ប្រជែង​បាន»។

សូម​ទស្សនា​បទ​សម្ភាសន៍​

លោក​ ឈិត​ កុសល​បាន​បន្ត​ថា​ ​វិធី​សាស្ត្រ​ដាំ​ម្រេច​មាន​ច្រើន​យ៉ាង​​គឺ​​ត្រូវ​ស្វែង​យល់​ឲ្យ​ច្បាស់​ពី​របៀប​ដាំ​ដែល​មាន​ការ​ណែនាំ​ពី​អង្គការ។ របៀប​ធ្វើ​ដី​ និង​ជ្រលង​ ការ​ជ្រើស​រើស​ពូជ​ របៀប​​ថែ​ទាំ​ ​របៀប​ធ្វើ​ជី​ ការ​កែ​ច្នៃ​ និង​ការ​វិច​ខ្ចប់​ជា​ដើម។ កសិករ​ដែល​ដាំ​ម្រេច​​មាន​វិធី​សាស្ត្រ​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ឡើយ​ ប៉ុន្តែ​ចំណុច​សំខាន់​​ជាង​គេ​បំផុត​គឺ «ជី» និង​«ការ​ថែរក្សា»។ ថ្នាំ​សម្លាប់​សត្វ​ល្អិត​ក៏​ធ្វើ​ពី​ធម្មជាតិ​ដែរ។ សព្វ​ថ្ងៃ​នេះ​កសិករ​ម្រេច​គំរូ​មួយ​ចំនួន​នៅ​ស្រុក​មេមត់​ដែល​ទទួល​ស្គាល់​​ដោយ​អង្គការ​នៅ​មិន​ដាច់​ស្រលះ​ពី​ជី​គីមី​​ទាំង​ស្រុង​ឡើយ​ពោល​​គឺ​នៅ​ប្រើ​តិច​តូច​​ដែរ។ នៅ​ពេល​​ដាច់​ស្រលះ​ទាំង​ស្រុង​ពី​ជី​គីមី​​ហើយ​ ពេល​​នោះ​ម្រេច​មេមត់​​នឹង​ក្លាយ​ជា​តួ​ឯក​ដែសល​អាច​កំណត់​តម្លៃ​ទី​ផ្សារ​ខ្លួន​ឯង​បាន។

​ ម្ចាស់​កសិដ្ឋាន​ម្រេច​រូប​នេះ​បាន​​រៀប​រាប់​ទៀត​ថា​ ជី​ធម្មជាតិ​មាន​៣​ប្រភេទ​គឺ​ជី​កំប៉ុស្តិ៍​ទឹក​ដែល​ធ្វើ​ពី​ដើម​កន្ទៀង​ខែត្រ​ ធ្យូង​អង្កាម​ និង​អាចម៌​គោ។ ជី​នេះ​ប្រៀប​ដូច​ជា​អាហារ​ប្រចាំ​ថ្ងៃ​របស់​វា​ និង​ធ្វើ​ត្រឹម​រយៈ​ពេល​មួយ​ខែ​អាច​ប្រើ​បាន។ ចំពោះ​ជី​កំប៉ុស្តិ៍​​​ដី​​​​គឺ​ធ្វើ​កន្ទៀង​ខែត្រ​​ ធ្យូង​អង្កាម​ និង​​អាចម៍​គោ​លាយ​ជា​មួយ​ដី​ច្រក​ក្នុង​ថង​ប្លាស្ទិក។ ជី​នេះ​ធ្វើ​រយៈ​ពេល​១​ខែ​ និង​អាច​ប្រើ​ប្រាស់​រយៈ​ពេល​២​ដង​ក្នុង​មួយ​ឆ្នាំ​ដែល​សម្រាប់​ចិញ្ចឹម​រាង​កាយ​របស់​វា។ ជា​មួយ​គ្នា​នេះ​ ក៏​មាន​ជី​កំប៉ុស្តិ៍​ដី​មួយ​ប្រភេទ​ទៀត​ដែល​​ផ្សំ​ពី​រុក្ខជាតិ​រលួយ​​គ្រប់​ប្រភេទ​លើក​លែង​តែ​ជាតិ​ប្លាស្ទិក​​ដាក់​ក្នុង​ទ្រុង​រយៈ​​៣​ខែ​ទើប​អាច​ប្រើ​បាន។ ក្រៅ​ពី​ជី​កំប៉ុស្តិ៍​ ក៏​មាន​ជី​ត្រាំ​​ក្នុង​អាង​ ឬ​ពាង​មួយ​ប្រភេទ​ដែល​ធ្វើ​ពី​ឆ្អឹង​ ស្បែក​សត្វ​គោ​ក្របី​​ និង​ត្រី​ជា​ដើម​ដើម្បី​ប្រើ​ប្រាស់​ដែរ។ ទាំង​នេះ​គ្រាន់​តែ​របៀប​ធ្វើ​​ជី​ធម្មជាតិ​ត្រួស​ៗ​ប៉ុណ្ណោះ​ ប៉ុន្តែ​មែន​ទែន​ទៅ​គឺ​អនុវត្ត​តាម​ការ​ណែនាំ​ពី​អង្គការ​ទើប​ច្បាស់​លាស់។

លោក​ ឈិត​ កុសល​បញ្ជាក់​ថា​ ចម្ការ​ម្រេច​របស់​លោក​មាន​ទំហំ​ជិត​១​ហិចតា​​ដែល​ត្រូវ​បាន​ដាំ​កាល​ពី​​៤​ឆ្នាំ​មុន។ ពេល​នោះ​​លោក​ប្រើ​ទុន​អស់​ប្រហែល​ជា​២​ម៉ឺន​ដុល្លារ​អាមេរិក។ មួយ​ឆ្នាំ​ក្រោយ​មក​​ លោក​អាច​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​១​ម៉ឺន​ដុល្លារ​អាមេរិក​ និង​នៅ​បន្ត​ប្រមូល​ផល​ជា​បន្ត​បន្ទាប់​​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​ដោយ​គ្រាន់​តែ​ថែរក្សា​ និង​ដាក់​ជី៕

អត្ថបទ៖ ជាន ចាន់រ៉ា