ទឹកចិត្តឪពុក៨០ឆ្នាំ បម្រើកូនពិការជាង៥០ឆ្នាំ មិនដែលចង់បោះបង់ចោល
- 2016-12-28 08:51:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកចិត្តឪពុក៨០ឆ្នាំ បម្រើកូនពិការជាង៥០ឆ្នាំ មិនដែលចង់បោះបង់ចោល
ចន្លោះមិនឃើញ
លោកតាវ័យ ៨០ឆ្នាំ រស់នៅខេត្តជេជាំង ប្រទេសចិន កំពុងធ្វើឲ្យមនុស្សជាច្រើនកោតសរសើរពីទឹកចិត្តដ៏កម្ររកបាន ក្រោយមើលថែកូនប្រុសស្វិតដៃជើងអស់រយៈពេលជាង៥០ឆ្នាំ មិនត្អូញត្អែរសូម្បីមួយម៉ាត់។
លោកតា Qian Guanhua មកពីភូមិ Changqin ទីក្រុង Yuxin មានកូនប្រុសឈ្មោះ Qian Yougen បានកើតជំងឺស្វិតដៃជើងក្រោយកើតបានមួយអាទិត្យ បន្ទាប់ពីគ្រុនក្ដៅខ្លាំងយកទៅពេទ្យមិនទាន់។
លោកតា Qian បានលះបង់អ្វីៗគ្រប់យ៉ាងឲ្យតែអាចជួយសង្គ្រោះជីវិតកូនបាន ពោលគឺចាប់តាំងពីគេអាយុមួយសប្ដាហ៍មកម្ល៉េះ។ ទោះបីមានភាពលំបាកជាច្រើនឆ្នាំមកហើយក្ដី តែលោកតាមិនដែលគិតថាចង់បោះបង់កូនប្រុសកម្សត់រូបនេះចោលឡើយ ដោយប្រើប្រាស់តួនាទីជាឪពុកម្ដាយមើលថែរហូតអស់ជីវិត។
ការបំពេញការងារទាំងក្រៅផ្ទះ និងក្នុងផ្ទះផង គឺមិនងាយស្រួលសម្រាប់លោកតាទេ។ គាត់បានរបួសម្រាមដៃឆ្វេងចំនួន៣ ពេលធ្វើចម្ការ និងរបួសភ្នែកខាងស្ដាំដល់បច្ចុប្បន្ន។ លើសពីនេះដល់អាយុចាស់បន្តិច ភ្នែកខាងឆ្វេងមួយទៀតបានកើតជំងឺឡើងបាយ ធ្វើឲ្យគាត់មើលឃើញអ្វីជុំវិញព្រិលៗទាំងអស់។
ចុះចំណែកភរិយារបស់លោកតាវិញ អាចជួយកិច្ចការបានខ្លះអត់?
ភរិយារបស់តា Qian បានកើតជំងឺលើសឈាម និងជំងឺបេះដូងដែលមិនអាចធ្វើការធ្ងន់បានដែលជាបន្ទុកសម្រាប់លោកតាត្រូវរែកភាគច្រើនទាំងក្នុង និងក្រៅផ្ទះ។ ថ្មីៗនេះ Yougen បានរងរបួសបាក់ថ្គាមខាងក្រោម ដែលត្រូវសម្រាកនៅមន្ទីរពេទ្យជាងមួយខែដើម្បីវះកាត់។ លោកតាបានរៀបរាប់ពីរឿងរ៉ាវនៅមន្ទីរពេទ្យ ធ្វើឲ្យគ្រូពេទ្យ និងអ្នកជំងឺជាច្រើនទប់ទឹកភ្នែកមិនជាប់។
លោកតា Quian បានបញ្ចុកអាហារកូនប្រុសពិការជាង៥០ឆ្នាំ និងមិនដែលចាត់ទុកកិច្ចការនេះជាបន្ទុកគ្រួសារម្ដងណាឡើយ។ ចំណែកអ្នកភូមិបានព្យាយាមបញ្ចុះបញ្ចូលឲ្យលោកតា បញ្ជូន Yougen ទៅរស់នៅក្នុងមជ្ឈមណ្ឌលមើលថែទាំ តែលោកតាមិនព្រម។ គាត់បានសួរបកវិញថា "ប្រសិនបើអ្នកមិនមើលថែកូនប្រុសរបស់ខ្លួន តើអ្នកណាជាអ្នកមើលឲ្យ”?
ឯកូនប្រុសពិការដដែលប្រាប់ថា "ប្រសិនបើខ្លួនមិនមានឪពុកចិត្តធម៌បែបនេះទេ ខ្លួនមិនអាចរស់ដល់បច្ចុប្បន្នឡើយ តែគាត់មិនដឹងថាលោកឪពុកអាចទ្រាំមើលខ្លួនបានយូរប៉ុណ្ណាទៀតទេ ព្រោះវ័យរបស់គាត់កាន់តែចាស់មែនទែនហើយ"។
អត្ថបទដ៏រំជួលចិត្តខាងលើ បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតចិនជាច្រើនស្រក់ទឹកភ្នែក៕