យន្តហោះច្នៃស្នាដៃកូនខ្មែរខេត្តព្រៃវែង ត្រៀមហោះហើរសាកល្បងនៅឆ្នាំ២០១៧ នេះ
- 2016-12-30 07:30:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះច្នៃស្នាដៃកូនខ្មែរខេត្តព្រៃវែង ត្រៀមហោះហើរសាកល្បងនៅឆ្នាំ២០១៧ នេះ
ចន្លោះមិនឃើញ
បន្ទាប់ពីចំណាយពេលជិតឆ្នាំ និងថវិកាប្រមាណ ៦ពាន់ដុល្លាររួចមក ជាង ឡុង ដែលជាអ្នកច្នៃយន្តហោះរហូតល្បីឈ្មោះទូទាំងប្រទេស មានគម្រោងសាកល្បងស្នាដៃរបស់ខ្លួន ដោយចាប់ផ្ដើមហោះហើរនៅខែមេសា ឆ្នាំ២០១៧ ខាងមុខ ក្រោយពេលរួចរាល់ទាំងស្រុង។
ម្ចាស់យានដ្ឋាន ជាង ឡុង ដែលមានទីតាំងនៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានប្រាប់ Sabay ថា រហូតមកដល់ពេលនេះ យន្តហោះច្នៃរបស់លោក សម្រេចបានប្រមាណ ៥០ភាគរយហើយ ដោយចំណាយទឹកប្រាក់អស់ ៦ពាន់ដុល្លារ និងប្រើពេលជិតមួយឆ្នាំ។
លោកត្រូវការពេលប្រហែល ៤ខែ និងទឹកប្រាក់ប្រមាណ ៧ពាន់ដុល្លារទៀត ដើម្បីសម្រេចការងារតុបតែងយន្តហោះទាំងស្រុង។ លោក ឡុង បានអះអាងថា នឹងបន្ថែមម៉ាស៊ីន២ ទៀត លើស្លាបទាំងសងខាង ហើយប្រសិនបើរួចរាល់ លោកនឹងរកទីតាំងវាលស្រែហោះហើរសាកល្បងនៅខែមេសាខាងមុខនេះ។ "ប្រហែលរកវាលស្រែហើយមើលទៅ ព្រោះលើផ្លូវជាតិខ្លាចប៉ះគេ... តែលើស្រែពិបាកតិច អត់មានផ្លូវរត់ល្អ ហោះឡើងមិនរួចទេ"។ ជាង ឡុង និយាយដូច្នេះ។
កន្លងមក ជាង ឡុង ធ្លាប់បានបើកយន្តហោះនេះ នៅលើផ្លូវជាតិលេខ១ ដែរ ប៉ុន្តែមិនហ៊ានហោះឡើងឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់អ្នកដំណើរ។ យន្តហោះដែលលោកច្នៃនេះ ប្រើម៉ាស៊ីនមួយទាញកង្ហារខាងមុខ ដើម្បីឲ្យកម្លាំងខ្យល់ទាញយន្តហោះ មិនមែនប្រើម៉ាស៊ីនទាញកង់ឡើយ។
យន្តហោះធុនតូច ដែលច្នៃដោយ ជាង ឡុង មានទម្ងន់ប្រមាណ ៤០០គីឡូក្រាម បណ្ដោយប្រវែង ៤,៧០ម៉ែត្រ និងស្លាបសរុប ៨ម៉ែត្រ ប៉ុន្តែពេលនេះទើបធ្វើបានម្ខាងជាង ១ម៉ែត្រ ដោយត្រូវបន្ថែម ៣ម៉ែត្រសងខាងទៀត។ ចំណែកម៉ាស៊ីនយន្តហោះ មានកម្លាំង ៣៥សេស។
ជាង ឡុង បានប្រាប់ថា លោកមានចំណូលចិត្តធ្វើអ្វីប្លែកៗតាំងពីតូច ហើយក៏ធ្លាប់ច្នៃរបស់លេងផ្សេងៗឲ្យកូនដែរ។ លោក បានបញ្ជាក់ថា កន្លងមកធ្លាប់មានមន្ត្រីមូលដ្ឋានចុះទៅមើលដល់កន្លែង ហើយថែមទាំងលើកទឹកចិត្តលោកឲ្យខិតខំធ្វើផង ដែលផ្ដល់ជាកម្លាំងឲ្យលោករឹតតែព្យាយាមសម្រេចគោលដៅទៅមុខទៀត៕