Ronaldo យក​ឈ្នះ​ Messi លើក​ពាន​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ក្នុង​លោក​

  • 2017-01-10 01:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ឈ្នះ​ពាន​កីឡាករ​បាល់ទាត់​ផ្នែក​បុរស​ល្អ​បំផុត​របស់​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៦ ក្នុង​ពិធី​ប្រគល់​ពាន​ប្រចាំ​ឆ្នាំ​របស់ FIFA នៅ​ទីក្រុង Zurich ប្រទេស​ស្វីស​យប់​មិញ​។

កំពូល​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Real Madrid និង​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​យក​ឈ្នះ​គូ​ប្រជែង Lionel Messi និង Antoine Griezmann ដើម្បី​លើក​ពាន​ខាង​លើ​ រំលង​តែ​១​ខែ​ប៉ុណ្ណោះ​ក្រោយ​រូប​គេ​ឈ្នះ Ballon d'Or កាល​ពី​ខែ​ធ្នូ។ កីឡាករ​វ័យ​៣១​ឆ្នាំ​ ជា​កម្លាំង​សំខាន់​ជួយ​ Real Madrid ឈ្នះ​ Champions League និង​ជួយ​ ព័រទុយហ្គាល់​ឈ្នះ Euro ក្នុង​ឆ្នាំ​២០១៦។

ដោយឡែក​ពាន​សំខាន់​ៗ​ដទៃ​ទៀត​មាន​ដូច​ជា កីឡាការិនី​បាល់ទាត់​ឆ្នើម​របស់​ពិភពលោក​បាន​ទៅ លើ Carli Lloyd របស់​អាមេរិក។ ពាន​គ្រូ​បង្វឹក​ផ្នែក​បុរស​ឆ្នើម​បាន​ទៅ​ លោក Claudio Ranieri របស់​ Leicester និង​​ផ្នែក​នារី​បាន​ទៅ​លើ​លោក​ស្រី Silvia Neid ​របស់​​ជម្រើស​ជាតិ​អាល្លឺម៉ង់​ ហើយ​ពាន​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ Puskas បាន​ទៅ​លើ កីឡាករ​មក​ពី​អាស៊ី Mohd Faiz Subri។

ពាន​អ្នក​គាំទ្រ​ឆ្នើម​ បាន​ទៅ​លើ​អ្នក​គាំទ្រ Liverpool និង​ Dortmund បន្ទាប់​ពី​ពួក​គេ​បាន​ច្រៀង​បទ You'll Never Walk Alone រួម​គ្នា​ក្នុង​ការ​ប្រកួត​កម្មវិធី Europa League វគ្គ​៨​ក្រុម​ចុងក្រោយ​ដើម្បី​រំលឹក​ខួប​ ២៧​ឆ្នាំ​នៃ​សោកនាដកម្ម​ Hillsborough ហើយ​ពាន Fair play award បាន​ទៅ​លើ​ក្រុម Atletico Nacional បន្ទាប់​ពី​ពួក​គេ​ស្នើ​ប្រគល់​ពាន Copa Sudamericana ឲ្យ​គូ​ប្រជែង Chapecoense ដែល​កីឡាករ​សឹង​១​ក្រុម​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី