Pique ​អាច​ត្រូវ​ពិន័យ​ ដោយសារ​​​រិះគន់​អាជ្ញាកណ្ដាល ​ពេល​ Barca អត់​ឈ្នះ

  • 2017-01-10 03:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Victoriano Sanchez Arminio​ ​ប្រធាន​​គណៈកម្មាធិការ​បច្ចេកទេស​អាជ្ញាកណ្ដាល​​​របស់​បាល់ទាត់​អេស្ប៉ាញ ​​បាន​ឲ្យ​ដឹង​លោក​នឹង​​​ស៊ើបអង្កេត​​លើ​ករណី​ខ្សែ​ការពារ​ Gerard Pique របស់​ក្រុម​ FC Barcelona ​​ចំពោះ​សម្ដី​រិះគន់​អាជ្ញាកណ្ដាល ​​​សម្រាប់​២​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​អ្នក​មាន​បុណ្យ​ ដែល​ពុំ​​បាន​ទទួល​ជ័យ​ជម្នះ។

Pique តវ៉ា​អាជ្ញាកណ្តាល កាល​ Barca ស្មើ​ Villarreal

Barca ​បាន​ចាញ់​ Athletic Bilbao ​​២-១ ​​​នៅ​ Copa del Rey វគ្គ​១៦​ក្រុម​ ជើង​ទី​១ និង​ស្មើ​ Villarreal ​១-១ ​នៅ​ La Liga ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​ទាន់​ស្គាល់​ពាក្យ​ថា "ឈ្នះ” ទេ សម្រាប់​ឆ្នាំ​ថ្មី​២០១៧​នេះ។ ​លទ្ធផល​នេះ​ បាន​ធ្វើ​ឲ្យ​ Pique ​មិន​សប្បាយ​ចិត្ត​ទេ ហើយ​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​ ​បាន​រិះ​គន់​​អាជ្ញាកណ្ដាល​ថា ​​​ហាក់​មាន​ភាព​លំអៀង​ចំពោះ​ក្រុម​ Barca ​ដោយ​ពួកគេ​គួរ​តែ​ទទួល​បាន​បាល់​ចំណេញ​១១​ម៉ែត្រ​ខ្លះ​ ហើយ​ថែម​ទាំង​ដៀមដាម​ថា ​អាជ្ញាកណ្ដាល​នៅ​អេស្ប៉ាញ​ភាគ​ច្រើន​ លំអៀង​ទៅ​ក្រុម​ Real Madrid ​​ទៀត​ផង។

លោក​ Arminio​ ​បាន​ប្រាប់​ដល់​ទូរទស្សន៍ La Sexta ​ថា៖ "ចៅ​ក្រម​កំពុង​ពិនិត្យ​ និង​កំពុង​សម្រេច​ចិត្ត​ករណី​របស់​ Pique។ សម្រាប់​​ពាក្យ​សម្ដី​ ដែល​ប៉ះ​ពាល់​ដល់​យើង​...យើង​នឹង​​ផ្ញើ​លិខិត​ផ្លូវ​ការ​​ទៅ​គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត”។

បើ​គេ​រក​ឃើញ​ថា Pique ​​ពិត​ជា​បាន​រិះគន់​ដល់​អាជ្ញាកណ្ដាល​មែន នោះ​​ខ្សែ​ការពារ​​កណ្ដាល​របស់​ក្រុម​អ្នក​មាន​បុណ្យ​រូប​នេះ​ នឹង​ត្រូវ​ពិន័យ​​ឲ្យ​ខក​ខាន​ការ​ប្រកួត​ ឬ​អាច​​ពិន័យ​ជា​ប្រាក់​​ទៀត​ផង​ដែរ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម