មិននឹកស្មានដល់! ស្រាថ្នាំត្រាំផ្លែឈើ ឬឫសឈើ គ្រោះថ្នាក់ដល់ម្ល៉ឹងផង
- 2017-01-13 06:46:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹកស្មានដល់! ស្រាថ្នាំត្រាំផ្លែឈើ ឬឫសឈើ គ្រោះថ្នាក់ដល់ម្ល៉ឹងផង
ចន្លោះមិនឃើញ
ជារឿងមួយក្លាយជាទំនៀមទម្លាប់របស់ប្រជាជនខ្មែរទៅហើយ ឱ្យតែស្រ្តីមានផ្ទៃពោះ និងទើបសម្រាលកូនរួចតែងនាំគ្នា ត្រាំស្រាថ្នាំមានផ្លែឈើគ្រប់មុខ ឬត្រាំឫសឈើផឹក ព្រោះគិតថាផឹកហើយនាំឱ្យមានសាច់ស្អាត ការពារមិនឱ្យជាំមុខ ពេលចាស់ទៅមិនញញីញញ័រ ឆាប់រឹងដៃរឹងជើងជាដើម។ ប៉ុន្តែបើតាមការឱ្យដឹង របស់លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ក្នុងកម្មវិធីរបស់វិទ្យុជាតិប្រាប់ថា នេះជាការយល់ខុសទាំងស្រុងរបស់ប្រជាពលរដ្ឋខ្មែរ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់ថា ការត្រាំស្រាមានផ្លែឈើ ឬក៏ឫសឈើនេះ មិនទាន់មានការស្រាវជ្រាវឱ្យច្បាស់លាស់ពីរូបមន្តផ្សំ តាមបែបវេជ្ជសាស្ត្រនោះទេ គឺចេះតៗគ្នា។ ស្រ្តីមានផ្ទៃពោះ និងទើបសម្រាលកូនហើយប្រសិនបើផឹកស្រាថ្នាំនោះច្រើនលើសកម្រិតនឹងនាំឱ្យប៉ះពាល់សុខភាពជាច្រើនដូចជា៖ លើសឈាម ក្រិនថ្លើម រលាកតម្រងនោម ប៉ះពាល់ក្រពះពោះវៀន។ លើសពីនេះទៀតសម្រាប់ស្ត្រីមានផ្ទៃពោះ និងអ្នកសម្រាលកូនរួច មិនត្រឹមតែប៉ះពាល់ដល់សុខភាពខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែនឹងធ្វើឱ្យប៉ះពាល់កូនក្នុងផ្ទៃ អាចធ្វើឱ្យប៉ះពាល់ ថ្លើមកូន ខួរក្បាល ពេលកូននោះកើតមកខ្សោយបញ្ញាភ្លេចភ្លាំងជាដើម តាមរយៈឈាម និងការបំបៅដោះកូន។
លោកបានបន្តទៀតថា ជាការពិតការផឹកស្រាថ្នាំនេះ អាចជួយឱ្យគេងលក់ បាយបាន កាត់បន្ថយឈឺសន្លាក់។ នេះគ្រាន់តែជាជំនួយនៃជាតិសុរាដែលមានជាតិអាល់កុលប៉ុណ្ណោះ ប៉ុន្តែស្រាថ្នាំមិនបានជួយឱ្យមានសម្រស់ស្អាត ឬរឹងមាំនៅថ្ងៃអនាគតដូចការយល់ឃើញរបស់អ្នកពិសានោះឡើយ គឺមានឥទ្ធិពលតែពេលផឹកប៉ុណ្ណោះ។
លោកក៏សំណូមពរឱ្យប្រជាពលរដ្ឋដែលចូលចិត្តពិសាស្រាស ឬស្រាថ្នាំនេះសូមកុំចេះតែពិសាផ្ដេសផ្ដាស ព្រោះស្រាដែលលក់ថោកៗនោះប្រាកដជាមានមូលហេតុអាចជាស្រាពុលជាដើម។ ម្យ៉ាងវិញទៀតសម្រាប់ស្ត្រីមានផ្ទៃពោះ ឬទើបសម្រាលកូនរួចមុនសម្រេចចិត្តត្រាំស្រាថ្នាំផឹក សូមទៅពិគ្រោះជាមួយគ្រូឱសថបុរាណ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលជៀសវាងចេះតែផ្សំថ្នាំខ្លួនឯង ប្រយ័ត្នគ្រោះថ្នាក់៕