យន្តហោះ​ចម្បាំង​ថៃ​១​គ្រឿង​ធ្លាក់​ បណ្ដាល​ឲ្យ​អ្នក​បើក​ម្នាក់​ស្លាប់

  • 2017-01-14 07:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ចម្បាំង​មួយ​គ្រឿង​​របស់​ប្រទេស​ថៃ​បាន​ធ្លាក់​​ អំឡុង​ថ្ងៃ​ទិវា​កុមារ​ពេល​កំពុង​សមយុទ្ធ ក្នុង​​ទីក្រុង Hat Yai  ខេត្ត​ Songkhla ប្រទេស​ថៃ នៅ​ថ្ងៃ​សៅរ៍​នេះ បង្ក​ឲ្យ​អ្នក​បើកបរ​ម្នាក់​បាត់បង់​ជីវិត។

លោក Dilokrit Pattavee បាន​ស្លាប់​​ ពេល​ដែរ​យន្តហោះ​ចម្បាំង​ដែល​ផលិត​នៅ​ប្រទេស​ស៊ុយអែត​ម៉ាក Jas 39C Gripen ធ្លាក់​ពេល​កំពុង​ហោះហើរ នៅ​រង្វង់​ម៉ោង​៩:២៧​នាទី​ព្រឹក ខណៈ​កំពុង​សម្ដែង​។ មួយ​ម៉ោង​ក្រោយ​មក​សារព័ត៌មាន​បាន​រាយការណ៍​ថា រថយន្ត​ពន្លត់​អគ្គីភ័យ​​នៅ​ក្នុង​ប្រលានយន្តហោះ​​​បាន​ក្រឡាប់​ ពេល​ដែល​ប្រញាប់​ប្រញាល់​​ដើម្បី​ពន្លត់​ភ្លើង​ដែល​កំពុង​ឆេះ​យន្តហោះ​ចម្បាំង​ខាង​លើ។

គ្រោះ​ថ្នាក់​នេះ​បាន​ពន្យារ​ការ​ហោះហើរ​ទៅ​ក្រៅ​ស្រុក អាជ្ញាធរ​រំពឹង​ថា​ អាច​បើក​ដំណើរ​ការ​ឡើង​វិញ​នៅ​ថ្ងៃ​ត្រង់​នេះ។ អ្នក​នាំ​ពាក្យ​របស់​កងទ័ព​អាកាស Pongsak Semachai បាន​និយាយ​ថា គណៈកម្មការ​មួយ​នឹង​បង្កើត​ឡើង​ដើម្បី​ស្រាវជ្រាវ​ស្វែង​រក​ការ​ពិត។

ថៃ​ជា​ប្រទេស​ក្នុង​តំបន់​តែ​មួយ​គត់​ដែល​​មាន​​យន្តហោះ​របស់​ប្រទេស​ស៊ុយអែត ប្រភេទ Gripen មាន​ចំនួន​​១២​គ្រឿង​តាំង​ពី​ឆ្នាំ​២០០៨ ដោយ​ចំណាយ​លុយ​ទិញ​​ជិត​៧០​លាន​ដុល្លារ៕

​​​

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ