លាង​ហ៊ាង ធ្លាក់​អាហារូបករណ៍​ ៤ ​ឆ្នាំ​​ជាប់​​គ្នា​ តស៊ូ​​រហូត​ជាប់​ទៅ​រៀន​ជំនាញ​វិស្វកម្ម​នៅ​​បារាំង

  • 2017-01-23 01:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​វ័យ​ជាង ២១ ឆ្នាំ លឹម លាង​ហ៊ាង ទទួល​បរាជ័យ​ក្នុង​ការ​​ប្រកួត​ប្រជែង​យក​អាហារូបករណ៍​​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​​តាំង​ពី​ឆ្នាំ​ទី ១ ដល់​ទី ៤ តែ​យុវជន​រូប​នេះ​តស៊ូ​រហូត​​​បាន​​​ទៅ​​រៀន​​​ជំនាញ​​វិស្វកម្ម​​សំណង់​​ស៊ីវិល​សម​​ដូច​​បំណង។

លឹម លាង​ហ៊ាង និង​គ្រួសារ​មុន​ចេញ​ដំណើរ​មក​បារាំង

ស្ថិត​ក្នុង​ជីវភាព​គ្រួសារ​មធ្យម​​មួយ លឹម លាង​ហ៊ាង ជាកូនទី២​ មាន​បងប្អូន​សរុប ៣​​ នាក់​​​មាន​​ស្រុក​កំណើត​​មក​​​ពី​​ខេត្ត​ពោធិ៍សាត់​​ ធ្លាប់​​រៀន​​នៅ​បឋមសិក្សា​និង​អនុវិទ្យាល័យ​នៅ​ស្រុកកំណើត​ ហើយ​បាន​ផ្លាស់មក​បន្ត​ការ​សិក្សា​​​នៅ​វិទ្យាល័យ​​សន្ធរ​ម៉ុក​​ក្នុង​ឆ្នាំ ២០០៩ ដោយ​​ស្នាក់​​នៅ​​ជាមួយ​​បង​​ជីដូន​មួយ​​នៅ​​ភ្នំពេញ។​

បន្ទាប់ពី​បាន​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ ២០១២ ដោយ​ទទួល​បាន​និទ្ទេស​ A លាង​ហ៊ាង​ក៏​បាន​ចូល​រៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។​ កាល​​ឆ្នាំ​ទី ១ លាងហ៊ាង​ធ្លាប់​បាន​ប្រលង​ទៅ​​ប្រទេស​ជប៉ុន ប៉ុន្តែ​ដោយ​សារ​​តែ​មិន​បាន​ត្រៀមខ្លួន​គ្រប់គ្រាន់​ ​ក៏​​​ទទួល​បាន​លទ្ធផល​មិន​ដូច​ចិត្ត ។ បន្ទាប់មក​ លាងហ៊ាង​​បាន​​ដាក់​​ពាក្យ​ប្រលង​ទៅ​ប្រទេស​​វៀតណាម កាល​នោះ​​​​បាន​ប្រលង​ជាប់ ប៉ុន្តែ​អ្នកផ្ទះ​​មិន​អនុញ្ញាតិ​ឲ្យ​ទៅ​បន្ត​​ការ​សិក្សា ដោយ​ហេតុ​ផល​ចង្អៀត​ចង្អល់។

បន្ត​រហូត​ដល់​ឆ្នាំ​ទី ៣ យុវជន​​កូន​កាត់​ចិន​​រូប​នេះ​ ក៏​បាន​ដាក់​ពាក្យ​ប្រលង​ទៅ​សាលា​ល្បី​លំដាប់​លេខ​​មួយ​ Ecole Polytechnique​ ​នៅ​ប្រទេស​បារាំង​​ដើម្បី​រៀន​​​ជំនាញ​​វិស្វកម្ម​​ ​​ក្នុង​​ឆ្នាំ​នោះ​​​​មាន​​និស្សិត​ខ្មែរ​​ ៣ នាក់​បាន​​ជាប់​​​ ​ប៉ុន្តែ​​ជា​អ​កុសល​​​លាង​ហ៊ាង​មិន​បាន​ជាប់​នោះ​ទេ​​។ ប៉ុន្តែ​​​មាន​សាលា​មួយ​ទៀត​​​បាន​ទាក់ទង​មក​ រួច​​ក៏​​ធ្វើការ​សម្ភាសន៍​តាមរយៈ Skype​ ដោយ​មាន​បេក្ខជន​តែ​ ២​ នាក់​​​ប៉ុណ្ណោះ​។

ពេលនោះ​​ដែរ​ខាង​សាលា​​បាន​​ប្រាប់​មក​វិញ​ថា​ពូក​គេ​ត្រូវ​បាន​ជ្រើសរើស​ហើយ បេក្ខជន​ត្រូវ​រៀបចំ​ឯកសារ​ដើម្បី​រៀបចំ​សុំ​អាហារូបករណ៍​ ដើម្បី​មក​សិក្សា​នៅ​ប្រទេស​បារាំង​បាន ដោយ​​​​ត្រូវ​មាន​ការ​ទទួល​ស្គាល់​​ពី​ខាង​​សាលា​កំពុង​រៀន(តិចណូ) ​និង​​បំពេញ​ពាក្យ​​​សុំ​អាហារូបករណ៍​​។

យុវជន​វ័យ ២១ ឆ្នាំ​​បាន​ផ្ញើរ​ឯកសារ​ឲ្យ​គេ​រួចរាល់​នៅ​ចុង​ខែ​ធ្នូ​​ឆ្នាំ ២០១៥ ដោយ​រង់ចាំ​លទ្ធផល នៅ​ខែ​មិនា ឆ្នាំ ២០១៦។ ប៉ុន្តែ​​ក្នុង​ខែ​កុម្ភះ ​ក៏​​បាន​ទទួល​ Email ​ពី​ខាង​សាលា​​ដោយ​ប្រាប់​ថា​ពាក្យ​សុំ​របស់​​គេ​មិន​ត្រូវ​បាន​ខាង​សាលា​​នៅបារាំងផ្ញើរ​ទៅ​នោះ​ទេ។​

យុវជន​​មាន​ស្រុក​កំណើត​មក​ពី​ទឹក​ដី​សំបូរ​ថ្ម​កែវ​ បាន​ឲ្យ​ Sabay ដឹង​ថា ពេលនោះ​​ខូច​ចិត្ត​ខ្លាំង​​ណាស់​សឹង​តែ​មិន​អាច​ធ្វើអ្វី​បាន​ ប៉ុន្តែគេ​​​បាន​ប្រាប់​ខ្លួន​ឯង​ត្រូវ​ខំ​រៀន​បន្ត​ទៀត​យក​លេខ ១ ក្នុង​ដេប៉ាតឺម៉ង​​ឲ្យ​បាន ដើម្បី​​មាន​​ឱកាស​ដាក់​អាហារូបករណ៍​ទៅ​ប្រទេស​បារាំង​ម្ដង​ទៀត​។

ដោយ​ក្ដី​ព្យាយាម​នៅ​ឆ្នាំ​ទៅ ៤ ​លាង​ហ៊ាង​ក៏​​ទទួល​បាន​​ចំណាត់​ថ្នាក់​លេខ១​ ​ប្រចាំ​ដេប៉ាតឺម៉ង់​​ពិត​មែន ហើយ​ក៏​បាន​ដាក់​ពាក្យ​រួម​ជាមួយ​បេក្ខជន ២ នាក់​ផ្សេង​ទៀត ដោយ​ឆ្លង​កាត់​ការ​សម្ភាសន៍ ២ ដង​ទើប​បាន​ជាប់​ទៅ​រៀន​នៅ​​សាលា​បារាំង បន្ទាប់​ពី​សាលា Ecole Polytechnique ក្នុង​ប្រទេស​បារាំង​​គឺ​សាលា Polytech Lille ក្នុង​ប្រភេទ​អាហារូបករណ៍ Polytech excellent scholarship។ រហូត​​​មក​​ដល់​ពេលនេះ​ យុវជន​រូប​នេះ​​បាន​ទៅ​​សិក្សា​នៅ​ប្រទេស​បារាំង​​ប្រហែល​ជា​ ៥ ខែ​ហើយ ប៉ុន្តែ​ឧបសគ្គ​កំពុង​ប្រឈម​គឺ ភាសា​​សម្រាប់​ទំនាក់​ទំនង​គ្នា​ និង​បញ្ហា​អាកាសធាតុ​ ព្រោះ​មិន​ធ្លាប់​​​ទ្រាំ​នឹង​អាកាសធាតុត្រជាក់​បែប​នេះ​ពី​​មុន​មក​នោះ​ទេ។

​ក្នុង​នាម​ជា​និស្សិត​រៀម​ច្បង លឹម លាង​ហ៊ាង បាន​លើក​ទឹក​ចិត្ត​ដល់​ប្អូនៗ​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​ដាក់​អាហារូបករណ៍​​ទៅ​​រៀន​នៅ​ក្រៅ​ប្រទេស​ កុំ​បាក់​ទឹកចិត្ត​និង​បោះបង់​​ឲ្យ​សោះ​ ព្រោះ​នៅ​ពេល​ដែល​អ្នក​បោះបង់​​វា​នៅ​ត្រង់​ណា អ្នក​​នឹង​បរាជ័យនៅ​ត្រង់​ចំណុច​នោះ។ ការ​ដាក់​អាហារូបករណ៍​មិន​មែន​ដាក់​តែ​ម្ដង​អាច​ជាប់​ទេ ត្រូវ​ពឹង​លើ​សមត្ថភាព​និង​សំណាង។​ នៅ​ពេល​ដែល​អ្នក​ប្រឹង​អស់​ពី​សមត្ថភាព ទោះជា​លទ្ធផល​យ៉ាងណា​ក៏​អ្នក​​អាច​នឹង​ពេញចិត្ត​នូវ​អ្វី​ដែល​ខ្លូន​ឯង​បាន​ធ្វើ​ដែរ។ "បើ​និយាយ​ពី​សំណាង​ខ្ញុំ​សឹង​តែ​គ្មាន ប៉ុន្តែ​ថ្ងៃនេះ​​ខ្ញុំអាច​មក​ដល់​ទីនេះ ដូច្នេះ​​​​អ្នក​​ក៏​ធ្វើ​បាន​​ដែរ"៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី