អតីត​គ្រូ​ Djokovic ​​ថា​​ Murray ​​នឹង​មិន​គេង​ទេ​ ក្រោយ​ធ្លាក់​​ពី​ Australian Open

  • 2017-01-23 08:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Boris Becker ​អតីត​គ្រូ​បង្វឹក​កីឡាករ​ Novak Djokovic ​​ជឿ​ថា ​​​កីឡាករ​​វាយ​កូន​បាល់​លំដាប់​លេខ​១​លើ​ពិភពលោក​ Andy Murray ​នឹង​មិន​គេង​​មួយ​ឬ​ពីរ​យប់​ ដើម្បី​រិះរក​វិធី​កែ​ប្រែ​ស្ថានការណ៍​របស់​ខ្លួន​ឡើង​វិញ ក្រោយ​ធ្លាក់​ពី​​ពាន​រង្វាន់​ Australian Open 2017 ​ត្រឹម​​​ជុំ​ទី​៤ ​កាល​ពី​ថ្ងៃ​អាទិត្យ​​ម្សិល​មិញ។

Murray ខក​ចិត្ត​ ក្រោយ​ធ្លាក់​ពី​ Australian Open 2017

Murray ​ជា​កីឡាករ​​ម្នាក់​ ​ដែល​​គេ​ជឿ​ថា​មាន​ភាគ​រយ​​ច្រើន​ជាង​គេ អាច​ឈ្នះ​ពាន​ Australian Open ​ឆ្នាំ​នេះ​ ​​ប៉ុន្តែ​បែរ​ជា​​ធ្លាក់​ត្រឹម​ជុំ​ទី​៤ ក្រោយ​ចាញ់​កីឡាករ​​សញ្ជាតិ​រុស្សី​ Mischa Zverev ​​​ចំណាត់​ថ្នាក់​លេខ​៥០​លើ​លោក​ ក្នុង​លទ្ធផល​ ៥-៧, ៧-៥, ២-៦ និង​ ៤-៦ ​នៅ​ទីក្រុង​ Melbourne ​ប្រទេស​អូស្ត្រាលី។

លោក​ Boris Becker ​អតីត​គ្រូ​បង្វឹក​កីឡាករ​ Novak Djokovic

“វា​ជា​ការ​បរាជ័យ​ដ៏​លំបាក​បំផុត​សម្រាប់​ Murray។ បន្ទាប់​ពី​លេង​បាន​ល្អ​បំផុត​ កាល​ឆ្នាំ​មុន​ ​គាត់​ជា​បេក្ខភាព​ដែល​គេ​ជឿ​ថា អាច​ឈ្នះ​ពាន​នេះ​ តាំង​ពី​មុន​ពេល​​ព្រឹត្តិការណ៍​នេះ​ចាប់​ផ្តើម។ Murray នឹង​មាន​អារម្មណ៍​តាន​តឹង​ ​ហើយ​គាត់​នឹង​​ខិត​ខំ​ស្វែង​រក​វិធី​ ដើម្បី​ឲ្យ​ប្រសើរ​ឡើង​វិញ ប៉ុន្តែ​​គាត់​នឹង​មិន​បាន​គេង​មួយ​ឬ​ពីរ​យប់”។ លោក Becker ​បាន​លើក​ឡើង។

Murray ​​ដែល​ឈ្នះ​ពាន​ Wimbledon ឆ្នាំ​មុន​ និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​​​ធ្លាប់​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ​ពាន​ Australian Open ​​៥​ដង​មក​ហើយ​ ប៉ុន្តែ​​មិន​ដែល​បាន​ពាន​ទេ ដោយ​បាន​ត្រឹម​ជើង​ឯក​រង​រហូត​ ​​​ប៉ុន្តែ​​ឆ្នាំ​នេះ​ក៏​កាន់​តែ​យ៉ាប់យ៉ឺន​ទៀត ដោយ​មិន​អាច​ឡើង​សូម្បី​វគ្គ​៨​នាក់​ចុង​ក្រោយ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​