អស្ចារ្យ​ណាស់​! ឥឡូវ​នេះ​​ នៅ​កម្ពុជា​​​​មាន​ម៉ាស៊ីន​ស្កេន​​ ដឹង​​ពី​សមត្ថភាព​ខួរ​ក្បាល​ឆ្លាត​ប៉ុណ្ណា

  • 2017-01-25 07:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធី​ ស្កេន​​​​​វិភាគ​សមត្ថភាព​​ខួរ​ក្បាល​​ តាម​រយៈ​ក្រយៅ​ដៃ​ ឲ្យ​ដឹង​ពី​ បុគ្គលិក​លក្ខណៈ​​ និង​អត្តចរិត​ពី​កំណើត​ ភាព​វៃ​ឆ្លាត ភាព​ខ្លាំង​ ភាព​ខ្សោយ​​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ និង​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ជា​​ផ្លូវ​ការ​ហើយ​​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន កាល​​ពី​ព្រឹក​មិញ។

កម្មវិធី​​​ ​កុំព្យូទ័រ​ស្កេន​​​​​ឈ្មោះ​ថា Dermatoglyphics Multiple Intelligence Test (DMIT) របស់​​ក្រុម​ហ៊ុន​ Brain Scan Cambodia បាន​នាំ​ចូល​ពី​ប្រទេស​ថៃ ​​បង្កើត​ដោយ​ក្រុម​អ្នក​ជំនាញ​ជា​​ច្រើន​ផ្នែក​ ដូច​ជា​ វិទ្យាសាស្ត្រ​​វិស្វកម្ម និង​ចិត្តវិទ្យា រួម​គ្នា​​ជា​មួយ​​​ក្រុម​ការងារ​ស្រាវជ្រាវ​​​សិក្សា​ផ្នែក​​ស្បែក​ក្រយៅ​ដៃ​​​។

​​​​តាម​​ការ​ឲ្យ​ដឹង​ពី​ ​លោក​ស្រី Sudsiri Prasitphon ជា​ស្ថាបនិក​ក្រុមហ៊ុន​​ Brain Scan បាន​​ឲ្យ​ដឹង​ថា ចំពោះ​ កម្មវិធី​ស្កេន​​ នោះ​ នឹង​ផ្ដល់​​នូវ​លទ្ធផល​​​របាយការណ៍​ អំពី​​ទេពកោសល្យ​របស់​​​មនុស្ស​ម្នាក់​ៗ​​ ចាប់​ពី​អាយុ​២​ខួប​ឡើង​ទៅ រហូត​មនុស្ស​​​ពេញ​វ័យ​។ វា​​បង្ហាញ​ឲ្យ​ពួក​គេ​​ដឹង​​ពី​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ ដែល​ជួយ​ឲ្យ​ សាមី​ខ្លួន​ ជា​ពិសេស​ឪពុក​ម្ដាយ លោក​គ្រូ​អ្នក​គ្រូ ដឹង​​ពី​បុគ្គលិក​លក្ខណៈ​ របស់​បុគ្គល​ម្នាក់ នឹង​ជួយ​​​ពង្រឹង​​ភាព​ខ្លាំង​ និង​ភាព​ខ្សោយ​​ របស់​បុគ្គល​ក្នុង​ការ​សិក្សា ឬ​ការងារ​ជា​ដើម​។

ផ្អែក​លើ​ការ​ស្រាវជ្រាវ​​លោក​វេជ្ជបណ្ឌិត​​ កាយ​វិភាគ​​​វិទ្យា​ John Evangelist Purkinje បាន​រក​ឃើញ​ថា​​ស្នាម​ក្រយៅ​ និង​ខួរ​ក្បាល​របស់​មនុស្ស​​​មាន​ភាព​ជាប់​ទាក់​ទង​​គ្នា​​តាំង​ពី​នៅ​ក្នុង​គភ៌​ម្ដាយ។ ក្រយៅ​ដៃ​ និង​ក្រយៅ​ជើង​ ចាប់​ផ្ដើម​អភិវឌ្ឍ​ឡើង​ពី​កោសិកា​ ប្រភេទ​តែ​មួយ​ ជា​មួយ​​និង កោសិកា​ខួរ​ក្បាល​ តាំង​ពី​សប្ដាហ៍​ទី​​១៣ រហូត​ដល់​សប្ដាហ៍​ទី​២៤ ទើប​ពេញ​លេញ​។

ក្រយៅ​មនុស្ស​​​​​​មិន​មាន​ភាព​ដូច​គ្នា​​ទេ ជា​ហេតុ​នាំ​ឲ្យ​​ មនុស្ស​អាច​កំណត់​អត្តសញ្ញាណ​​របស់​បុគ្គល​ម្នាក់​​​ៗ​បាន​។

​​​​​​តាម​ការ​ឲ្យ​ដឹង​បន្ថែម​​​​ របស់​ស្ថាបនិក​ជន​ជាតិ​ថៃ​​ដដែល​បាន​ឲ្យ​ដឹង​​ថា ក្រុមហ៊ុន​នៅ​ប្រទេស​ថៃ​ ដែល​មាន​ ១៥​សាខា បាន​ទទួល​ប្រជាជន​ថៃ​ មក​ស្កេន​ប្រមាណ​៣​ម៉ឺន​នាក់​​ក្នុង​១​ឆ្នាំ​ៗ ក្នុង​នោះ​​មាន​ចំនួន​​ក្មេង​ៗ​ ចំនួន​២​ម៉ឺន​នាក់​ ដែល​ឪពុក​ម្ដាយ​បាន​នាំ​​មក​ស្កេន ក្នុង​បំណង​​ឲ្យ​កម្មវិធី​វិទ្យាសាស្ត្រ​នោះ​ ប្រាប់​លទ្ធ​ផល​​អំពី​ទេពកោសល្យ​ របស់​កូន​ៗ​ពួក​គេ​។

​​​គួរ​រំលឹក​ផង​ដែរ​ កម្ពុជា​បាន​នាំ​ចូល​បច្ចេកវិទ្យា​ខាង​លើ សម្រាប់​​ធ្វើ​ការ​ជា​មួយ​ អតិថិជន​​​​​ដែល​​ចង់​បាន​ ​​ប្រើ​ទៅ​លើ​ សិស្ស​ បុគ្គលិក​​ ដើម្បី​យល់​ដឹង​ ពី​​សមត្ថភាព​​​ ភាព​លេច​ធ្លោ​របស់​ពួក​គេ​។ ចំពោះ​ការ​ស្កេន​​​ក្រយៅ​ដៃ ពេញ​១​កម្មវិធី​ សម្រាប់​​មនុស្ស​ម្នាក់​ នឹង​ចំណាយ​អស់​១៥៦​ដុល្លារ ហើយ​រង់​ចាំ​លទ្ធផល​រយៈ​ពេល​ ១​សប្ដាហ៍​ ដើម្បី​ធ្វើ​ការ​វិភាគ​ក្នុង​មន្ទីរ​ពិសោធន៍​៕

អត្ថបទ៖ មាន រតនា

អត្ថបទថ្មី