iPhone នៅ​​ចិន​បាត់​ពី​តំណែងកំពូលទៅ​ហើយ​

  • 2017-01-31 01:49:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone របស់​ Apple បាន​ជាប់​ជា​ស្មាតហ្វូន​លក់​ដាច់​ជាង​គេ​​នៅ​ក្នុង​ប្រទេស​ចិន​ចាប់​តាំង​ពី​ឆ្នាំ​ ២០១២ មក​​ម្ល៉េះ​ ប៉ុន្តែ​ពេល​នេះ​តំណែង​កំពូល​ត្រូវ​បាន​ក្រុមហ៊ុន​ Oppo ដណ្ដើម​យក​បាន​សម្រេច។

Oppo R9

បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ Counterpoint Research បង្ហាញ​ថា​ ​ស្មាតហ្វូន​ Oppo ម៉ូដែល​ R9 លក់​ចេញ​បាន​ ១៧ លាន​គ្រឿង​​​នៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​ទៅ ដែល​ស្មើ​នឹង​ ៤% នៃ​ទីផ្សារ​សរុប។ ចំណែក​ឯ​ Apple វិញ​លក់​ iPhone 6s បាន​ត្រឹម​ ១២ លាន​គ្រឿង​ប៉ុណ្ណោះ​​នៅ​ឆ្នាំ​ ២០១៦ ដែល​ស្មើ​នឹង​ ២% នៃ​ទីផ្សារ​សរុប។ តាម​រយៈ​តួលេខ​នេះ​ធ្វើ​ឲ្យ​ R9 ក្លាយ​ជា​ស្មាតហ្វូន​លក់​ដាច់​ជាង​គេ​ប្រចាំ​ឆ្នាំ​ ២០១៦ ដោយ​បាន​ដណ្ដើម​យក​តំណែង​ iPhone ដែល​កាន់​កាប់​អស់​ ៥ ឆ្នាំ​មក​ហើយ។

គិត​លើ​ចំនួន​លក់​នៃ​ស្មាតហ្វូន​ទាំង​អស់​របស់​ Oppo នៅ​ទីផ្សារ​ប្រទេស​ចិន​ឃើញ​ថា​កើន​ឡើង​ ១០៩%, Huawei កើន​ឡើង​ ២១% ប៉ុន្តែ​ Apple វិញ​​មាន​ការ​ធ្លាក់​ចុះ​​ដល់​ ២១% ឯណោះ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង