ឆាយ បូរ៉ា គ្រោង​ស្នើ​សុំ​​រាជ​រដ្ឋាភិបាល​លើក​លែង​ពន្ធ​ភាពយន្ត

  • 2017-01-31 09:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​នេះ ​ផលិតករ​ភាពយន្ត​ ឆាយ បូរ៉ា បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេស​ប៊ុក​របស់​ខ្លួន​​ស្ដី​ពី​ ភាព​លំបាក​ និង​ហានិភ័យ​ នៃ​ការ​ផលិតភាព​យន្ត​នៅ​កម្ពុជា ក្នុង​នោះ​លោក​ក៏​បាន​លើក​ឡើង​ថា​ ប្រហែល​ជា​ត្រូវ​ស្នើ​សុំ​រាជ​រដ្ឋាភិបាល​ឲ្យ​លើក​លែង​ការ​គិត​ពន្ធ​ភាពយន្ត​ទៀត​ផង។

ឆាយ បូរ៉ា និយាយ​ថា​ "រដ្ឋ​បាន​ទុក​អនុគ្រោះ​ពន្ធ និង​ទុក​ឱកាស​អោយ​គ្រឹះ​ស្ថាន​អប់រំ​ឯកជន រហូតដល់១០ឆ្នាំ តែ​បែរ​ជា​មិន​ទុក​ឱកាស​អោយ​វិស័យ​ភាពយន្ត​សោះ" ។ ដូច្នេះ​លោក ប្រហែល​ជា​ត្រូវ​ធ្វើ​លិខិត​ស្នើ​សុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​លើក​លែង​ការ​យក​​ពន្ធ​ទាំង​នេះ​ហើយ និង​សុំ​ទុក​ឱកាស​អោយ​វិស័យ​​ភាពយន្ត​ឈាន​ទៅ​រក​ភាព​រឹងមាំ​ជាង​មុន។

ចាងហ្វាង​ផលិតកម្ម​ដើម​ត្នោត​​រូប​នេះ​ បាន​គាស់​កកាយ​ពី​ភាព​ដុនដាប​របស់​ភាពយន្ត​ នៅ​ឆ្នាំ​២០០២​ ដែល​ត្រូវ​បាន​ដួល​រលំ​ទាំង​ស្រុង​ តែ​ក៏​ត្រូវ​បាន​​​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​២០១៥ ​ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ភាព​រឹង​មាំ​នៅ​ឡើយ។

ដោយ​លោក​លើក​ឡើង​ថា​ប្រាក់​ចំណូល​ដែល​បាន​មក ហើយ​ត្រូវ​បែង​ចែក​តាម​​ផ្នែក​នីមួយៗដូចជា៖

១-បង់​ពន្ធ VAT ១០ភាគរយ លើ​ប្រាក់​ចំណូល​សរុប​ដែលបានពីការលក់សំបុត្រ ២-បង​ពន្ធ កាត់​ទុក withholding Tax ១៥ភាគរយ  ៣-បង់​អោយ​រោង​ភាពយន្ត ៤៦ ភាគ​រយ​លើ​ចំណូល​សរុប បន្ទាប់​ពី​កាត់​ពន្ធ។ ៤- បង់​អោយ​ក្រុមហ៊ុន​ចែក​ចាយ ៥ ភាគរយ ប្រសិន​បើ​ផលិតករ​ត្រូវការ ផលិត​ករ​ត្រូវ​ចំណាយ ៧៦% នៃ​ប្រាក់​ចំណូល​របស់​ខ្លួន លើ​ពន្ធ និង​រោង​ភាពយន្ត ​ផលិតករ​នៅសល់តែ ២៤ភាគរយតែប៉ុណ្ណោះនេះ ​មិន​បូក​រាល់​ការ​ចំណាយ​លើការ​ផ្សព្វផ្សាយ​ និង សម្ពោធ​​ផ្សេងៗ​ទេ ។ ភាពយន្ត​ដែល​ផលិត​អោយ​មាន​គុណភាព ​ត្រូវ​ចំណាយ​មិន​ក្រោម​ ១០ម៉ឺន​ដុល្លារ​ទេ ក្នុង​ខណៈ​ដែល​អ្នក​ទស្សនា​កុន​ខ្មែរ​ជាមធ្យម ​ចន្លោះ​ពី ២ទៅ៥ម៉ឺន​នាក់​ជា​មួយ​សំបុត្រ​ទស្សនា តម្លៃ ៣ដុល្លារ ។

រំលឹក​ផង​ដែរ​ថា​ ក្រោយ​ពី​សមាគម​ភាពយន្ត​កម្ពុជា​សសេរ​លិខិត​ស្នើ​សុំ​លើក​លែង​ពន្ធមួយ​ចំនួន​ទៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​ប្រមុខ​រាជ​រដ្នា​ភិបាល​បាន​លើកលែង​ពន្ធកាត់ទុក១៥ភាគរយ ​រហូត​ដល់​ឆ្នាំ​ ២០១៨ (ពន្ធកាត់​ទុក​នេះ​អាច​ទូទាត់​ជា​មួយ​ពន្ធលើ​ប្រាក់​ចំណេញ​ដែល​មាន​អាត្រា ២០%) ​តែ​រក្សា​ពន្ធ​លើ​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ទស្សនា ១០ភាគរយអោយនៅដដែល។ មានន័យថា ​បន្ទាប់​ពី​ឆ្នាំ ២០១៨​ទៅ ​រាល់​ប្រាក់​ចំណូល​របស់​ផលិតករ ​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ទស្សនា​ត្រូវ​បង់​ចូល​ទៅ​រដ្ឋ​ ១៥% +១០% ប៉ុណ្ណោះ។

សូម​ចុច​ទី​នេះ​ដើម្បី​អាន​អត្ថបទ​ដើម

អត្ថបទ៖ សុខណា

អត្ថបទថ្មី