Smart ឈ្នះ​ពាន​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​អ៊ីនធឺណិត​ចល័ត​ឈាន​មុខ​គេ​នៅ​កម្ពុជា

  • 2017-02-06 10:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Smart Axiata បាន​ធ្វើ​ខួប ៨ ឆ្នាំ​របស់​ខ្លួន​ជា​មួយ​នឹង​ការ​ឈ្នះ​ពាន​រង្វាន់​មួយ​ទៀត​ គឺ​ពាន​រង្វាន់​បណ្ដាញ​ទូរសព្ទ​ចល័ត​លឿន​ជាង​គេ​នៅ​កម្ពុជា​ ពី​ស្ថាប័ន Ookla ខណៈ​ក្រុមហ៊ុន​បន្ត​ផ្ដល់​សេវា​អ៊ីនធឺណិត​ចល័ត​ល្អ​បំផុត​ក្នុង​តម្លៃ​សម​រម្យ ដល់​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន។

ពាន Speed Test 2016 ផ្ដល់​ដោយ Ookla គឺ​ជា​ពាន​ចុង​ក្រោយ​គេ​ក្នុង​ចំណោម​ពាន​ជា​ច្រើន​ដែល Smart ទទួល​បាន​កាល​ពី​ឆ្នាំ​មុន។ Smart ទទួល​ពាន "ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ល្អ​បំផុត​នៅ​កម្ពុជា​ឆ្នាំ​២០១៦" ពី​ស្ថាប័ន​ស្រាវជ្រាវ​ទីផ្សារ Frost & Sullivan និង​បាន​ពាន "គម្រោង​សហគមន៍​ល្អ​បំផុត" ពី​ស្ថាប័ន Telecom Asia សម្រាប់​ការ​ចូល​រួម​ក្នុង​យុទ្ធនាការ​អក្ខរកម្ម​ជាតិ​របស់​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រសួង​អប់រំ និង​អង្គការ​យូណេស្កូ។ Smart ក៏​ត្រូវ​ជ្រើស​រើស​ដោយ​ស្ថាប័ន Global Banking និង Finance Review សម្រាប់​ពាន "ក្រុមហ៊ុន​ទូរគមនាគមន៍​ល្អ​ជាង​គេ" និង "ក្រុមហ៊ុន​ដែល​មាន​ទំនួល​ខុស​ត្រូវ​សង្គម​ល្អ​ជាង​គេ" រយៈ​ពេល ២ ឆ្នាំ​ជាប់​គ្នា ពោល​គឺ​ឆ្នាំ​២០១៥​ និង​ឆ្នាំ​២០១៦។

ពាន​ចុង​ក្រោយ​ពី Ookla ដែល​ជា​ស្ថាប័ន​ឈាន​មុខ​គេ​លើ​ពិភព​លោក​ក្នុង​ការ​ធ្វើ​តេស្ត​ល្បឿន​អ៊ីនធឺណិត នេះ សម្រេច​បាន ដោយ​សារ​ក្រុមហ៊ុន​បាន​ធ្វើ​ការ​វិនិយោគ​ថ្មីៗ​បន្ថែម​លើ​បច្ចេកវិទ្យា​ទំនើប​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ក្រោម​ចក្ខុ​វិស័យ​បន្ត​អភិវឌ្ឍ​ផ្នែក​ទិន្នន័យ​អ៊ីនធឺណិត និង​ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ចល័ត​ល្បឿន​លឿន​បំផុត​នៅ​កម្ពុជា។

លោក Thomas Hundt នាយក​ប្រតិបត្តិ Smart Axiata

លោក Thomas Hundt នាយក​ប្រតិបត្តិ Smart Axiata ថ្លែង​ថា៖ "យើង​កំពុង​ស្ថិត​ក្នុង​ពេល​មួយ​ដ៏​អស្ចារ្យ​ក្នុង​បដិវត្ត​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា ដែល​សេវា​អ៊ីនធឺណិត​ចល័ត​ល្បឿន​លឿន និង​គុណ​ភាព​ខ្ពស់ មាន​ដល់​ដៃ​អតិថិជន​ទូទាំង​ប្រទេស​ក្នុង​តម្លៃ​សមរម្យ​បំផុត។ Smart វិនិយោគ​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា។ ជាក់​ស្ដែង ឆ្នាំ​២០១៦ យើង​បណ្ដាក់​ទុន​បន្ថែម ៧៥ លាន​ដុល្លារ ពង្រីក​បណ្ដាញ 4G​ ហើយ​យើង​គ្រោង​នឹង​វិនិយោគ ៨០ លាន​ដុល្លារ​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​២០១៧ ក្នុង​ការ​ផ្ដល់​សេវា​អ៊ីនធឺណិត​ចល័ត​ល្បឿន​លឿន​បំផុត និង​បណ្ដាញ​គ្រប​ដណ្ដប់​ធំ​ទូលាយ​បំផុត ជា​មួយ​បច្ចេកវិទ្យា​ 4G+ និង HD Voice ដល់​កម្ពុជា"។

Smart ជា​ក្រុម​ហ៊ុន​ដំបូង​គេ​ដែល​បាន​អភិវឌ្ឍ​បណ្ដាញ 4G LTE របស់​ខ្លួន​ទៅ​ជា 4G+ ក្នុង​ខែ​កញ្ញា ២០១៦ ដោយ​ពង្រីក​ស្ពិចត្រូម 4G របស់​ខ្លួន។ មាន​ន័យ​ថា អតិថិជន​អាច​ទទួល​បាន​អ៊ីនធឺណិត​កាន់​តែ​លឿន​ជាង​មុន។

បច្ចុប្បន្ន Smart កំពុង​ដាក់​ចេញ​បច្ចេកវិទ្យា 4G VoLTE (Voice Over Long Term Evolution) ដែល​នឹង​ភ្ជាប់​ការ​ខល​ទៅ​អ្នក​ដទៃ​លឿន​ជាង​មុន និង​ជួយ​ឲ្យ​សំឡេង​ច្បាស់​ជាង​មុន។ អ្នក​ប្រើ​ទូរសព្ទ ដូចជា Galaxy S7/S7 Edge, P9 Plus, GR5 និង iPhone 6/6s/7 អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ខល​កាន់​តែ​លឿន បទ​ពិសោធន៍​ហៅ​ទូរសព្ទ​ឥត​អាក់ និង​មាន​គុណ​ភាព HD voice ពេល​ប្រើ​បណ្ដាញ​ 4G+ LTE នេះ៕

ដោយ៖ វិទូ