ត្រៀម​កប៉ាល់​ល្បឿន​លឿន ២០​គ្រឿង សម្រាប់​គម្រោង​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក

  • 2017-02-08 02:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ឯក​ឧត្តម ប៉ា សុជាតិវង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹក​នាំ​ប្រជុំ​ឆ្លង​គម្រោង​ដឹកជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវ​ទឹក។ កប៉ាល់​ល្បឿន​លឿន ២០គ្រឿង​នឹង​ត្រៀម​ដឹក​អ្នក​ដំណើរ​តាម​ទន្លេសាប ទន្លេ​ចតុមុខ ទន្លេបាសាក់ ចាប់​ពី​ស្ពាន​ព្រែកព្នៅ​ដល់​ក្រុង​តាខ្មៅ។

ឯក​ឧត្តម ប៉ា សុជាតិវង្ស បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​ខ្លួន​ថា៖ "ខ្ញុំ​គិត​ថា គម្រោង​នេះ​ពិត​ជា​ល្អ និង​អាច​ផ្ដល់​សារ​សំខាន់​ច្រើន​ដល់​ការ​រំដោះ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​បាន​មួយ​ផ្នែក​ធំ... ​ខ្ញុំ​សង្ឃឹម​ថា បង​ប្អូន​នឹង​សប្បាយ​រីករាយ និង​ចូលរួម​ជាមួយ​គម្រោង​នេះ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ"។

ឯក​ឧត្តម ប៉ា សុជាតិវង្ស

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា គម្រោង​សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ផ្លូវ​ទឹក (Water taxi service) នេះ នឹង​មាន​ខ្សែ​រត់​ពី​ស្ពាន​ព្រែក​ព្នៅ រហូត​ដល់​ក្រុង​តា​ខ្មៅ ដែល​មាន​ចំណត​ចំនួន ០៩កន្លែង ហើយ​ដំណើរ​ការ​ចាប់​ពី​ម៉ោង ៦ព្រឹក រហូត​ដល់​ម៉ោង ៨យប់។ កប៉ាល់​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ល្បឿន​លឿន​ទំនើប​នេះ អាច​ផ្ទុក​អ្នក​ដំណើរ​បាន ៩០នាក់ ក្នុង ០១កប៉ាល់ ដែល​ក្នុង​គម្រោង​នឹង​ប្រើប្រាស់​កប៉ាល់​ចំនួន ២០កប៉ាល់។

ចំពោះ​លទ្ធផល​បឋម​នៃ​ការ​សិក្សា​លើ​គម្រោង៖

  • ប្រតិបត្តិការ​ពី​ម៉ោង ៦:០០ព្រឹក ដល់ម៉ោង ២០:០០យប់

  • ចម្ងាយ​ធ្វើ​ដំណើរ ២៤.៩គម (ទៅមក ៤៩.៨គម)

  • សាងសង់​ផែ និង​ចំណត​អ្នក​ដំណើរ ចំនួន ៩កន្លែង

  • ប្រើ​កប៉ាល់​ល្បឿន​លឿន ចំនួន ២០គ្រឿង ចំណុះ ៩០នាក់

  • ល្បឿន​កប៉ាល់ ៣០គម/ម៉ោង​ទៅ ៤០គម/ម៉ោង

  • រយៈពេល​ឈប់​ចត ៥នាទី

  • ធ្វើដំណើរពីចំណត១ទៅចំណត១ រយៈពេល ១២នាទីទៅ១៥នាទី។

  • រយៈពេល​ធ្វើ​ដំណើរ ៩៦នាទី

  • រយៈពេល​សាងសង់​និង​បញ្ជា​ទិញកប៉ាល់ ១៤ខែ

  • ផែនការ​គ្រោង​ប្រតិបត្តិការ ខែមេសាឆ្នាំ២០១៨។

អត្ថបទ៖ គង់ វិសាល

រូបភាព៖ FB Pa Socheatevong