ណាសា​ចេញ​មុខ​បក​ស្រាយ​ព័ត៌មាន ​ការ​បញ្ចប់​​ពិភពលោក​ថ្ងៃ​ ១៦ កុម្ភៈ​

  • 2017-02-08 03:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ខែ​មករា​កាសែត​ Daily Mail បាន​ចេញ​ផ្សាយ​ព័ត៌មាន​មួយ​អំពី​​ចុង​បញ្ចប់​នៃ​ពិភពលោក​ដែល​នឹង​កើត​មាន​នៅ​ថ្ងៃ​ទី​ ១៦ ខែ​កុម្ភៈ​នេះ​ ​កើត​ឡើង​ដោយ​សារ​អាចម៍​ផ្កាយ​​ 2016 WF9 ​ហោះ​មក​បុក​ផែនដី

បន្ទាប់​ពី​ឃើញ​ការ​ចុះ​ផ្សាយ​នេះ ​​អង្គការ​ណាសា​ក៏​បាន​ចេញ​មុខ​មក​បក​ស្រាយ​ថា ៖ «​វត្ថុ​មួយ​ដែល​មាន​ឈ្មោះ​ 2016 WF9 ត្រូវ​បាន​​គម្រោង​ការ​ NEOWISE របស់​ណាសា​​ប្រទះ​ឃើញ​​និង​រាយការណ៍​​ឲ្យ​ដឹង​នៅ​ថ្ងៃ​ ២៧ វិច្ឆិកា​ ឆ្នាំ​ ២០១៦។ វត្ថុ​នេះ​នឹង​ហោះ​​មក​កាន់​គន្លង​ផែនដី​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧ ដោយ​ស្ថិត​នៅ​ចម្ងាយ​ ៥១ លាន​គីឡូម៉ែត្រ​ពី​ផែនដី។ ដំណើរ​ឆ្លង​កាត់​របស់​ 2016 WF9 ត្រូវ​បាន​ស្វែង​យល់​កាន់​តែ​ស៊ី​ជម្រៅ​ ដោយ​វត្ថុ​នេះ​នឹង​មិន​ផ្ដល់​ការ​គំរាម​កំហែង​អ្វី​​ដល់​ផែនដី​ឡើយ​នា​ពេល​អនាគត​ខាង​មុខ ដោយ​​វា​អាច​ហោះ​មក​ក្បែរ​ផែនដី​បំផុត​នៅ​ចម្ងាយ​ ១,៦ លាន​គីឡូម៉ែត្រ​ឯណោះ»។

ណាសា​បន្ថែម​ថា​​ មិន​ឃើញ​មាន​កំណត់​ត្រា​​ ឬ ទំនាក់​ទំនង​អ្វី​​​នៃ​​តារា​វិទូ​រុស្សី​ដែល​​គេ​បាន​ដក​ស្រង់​សម្ដី​នៅ​ក្នុង​ព័ត៌មាន​ដែល​ Daily Mail ចុះ​ផ្សាយ​នោះ​ទេ។ សហភាព​ព័ត៌មាន​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ជា​ច្រើន​​ក៏​មិន​អាច​រក​​ឃើញ​ថា​បុគ្គល​ដែល​គេ​បាន​ស្រង់​សម្ដី​នោះ​ជា​មនុស្ស​ពិត​​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​​ស្ថាប័ន​សិក្សា​ ឬ បាន​បោះ​ពុម្ព​ផ្សាយ​​ការងារ​វិទ្យាសាស្ត្រ​​អ្វី​មួយ​ពី​មុន​មក​នោះ​ទេ។

ការិយាល័យ​សម្រប​សម្រួល​ការ​ការ​ពារ​ភព​ (PDCO) របស់​អង្គការ​ណាសា​​តែង​តែ​​ធ្វើ​ការ​ជា​មួយ​នឹង​វិទ្យាស្ថាន និង​អ្នក​​សង្កេត​ការណ៍​ទាំង​ឡាយ​ជុំវិញ​ពិភពលោក។ PDCO តែង​តាមដាន​ និង សិក្សា​លម្អិត​ពី​វត្ថុ​គ្រោះ​ថ្នាក់​នៅ​លំហអាកាស​ រួម​ទាំង​ផ្ដល់​ការ​ព្រមាន​​ជា​មុន​ពី​ការ​បាតុភូត​ប៉ះ​ទង្គិច​​​​ដ៏​គ្រោះ​ថ្នាក់​មក​លើ​ផែនដី៕​​​​​​​​​​​​​​​​​​

​​​​​

ប្រភព៖ Aol.   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី