ម៉ា សេរី លា​​ចាកលោក ​លា​កីឡា​​ហើយ​​ តែ​សល់​​ស្នាដៃ​ក្នុង​សិល្បៈ​រាប់​មិន​អស់

  • 2017-02-08 03:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​"រនោច​ខែ​ប្រាំង" បទ"ទឹក​ភ្នែក​ជន​ពាល" បទ"បាត់​ស្នេហ៍​នៅ​បាត់​ដំបង" បទ"អរគុណ​ភាព​ក្រ" និង​ចម្រៀង​ច្រើន​ទៀត សុទ្ធសឹងជា​​បទ​តែង​និពន្ធ​ដោយ​លោក ម៉ា សេរី អ្នក​ផលិត​កម្មវិធី​​កីឡា​​ដ៏​ល្បី​ល្បាញ​​ប្រចាំ​ប្រទេស នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រី ស៊ួរ វ៉ាន់នី ម្ចាស់​ផលិតកម្ម​"រស្មី​ស្ទឹង​សង្កែ"។

តាម​ការ​បញ្ជាក់​​របស់​ម្ចាស់​ផលិតកម្ម​​ខាង​លើ លោក ម៉ា សេរី ធ្លាប់​មាន​ស្នាដៃ​ច្រើន​ណាស់​ក្នុង​ការ​និពន្ធ​​បទ​ចម្រៀង ជា​មួយ​គ្នា​នោះ​បទ​ចម្រៀង​​ប្រហែល​ពី​ ២០ទៅ៣០បទ ត្រូវ​បាន​លោក​​​សរសេរ​​ឲ្យ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ។

បទ​ចម្រៀង​ទាំង​នោះ លោក ម៉ា សេរី​ សរសេរ​ឡើង​ភាគ​ច្រើន​ជា​បទ មនោសញ្ចេតនា កម្សត់ ​បទ​បែប​យុវវ័យ​មិន​​មាន​​ឡើយ​នៅ ​រស្មី​ស្ទឹង​សង្កែ។ តារា​ចម្រៀង​ដែល​លោក​ម៉ា សេរី សរសេរ​ឲ្យ​ច្រើន មាន លោក ឈឿន ឧត្ដម ជិន សេរីយ៉ា លោក សេន រ៉ានុត កញ្ញា សុគន្ធ និសា​ ជា​ដើម។

អ្នក​ស្រី ស៊ួរ វ៉ាន់នី បាន​ឲ្យ​ដឹង​បន្ថែម​ថា កាល​សរសេរ​បទ​ចម្រៀង​ឲ្យ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ លោក ម៉ា សេរី មិនមែន​ជា​បុគ្គលិក​ក្នុង​ផលិតកម្ម​អ្នក​ស្រី​ឡើយ គឺ​លោក​បាន​សរសេរ​លក់​ឲ្យ​អ្នក​ស្រី​ក្នុង​១បទ តម្លៃ​១០ ដុល្លារ។ លោក​សរសេរ​បទ​ចម្រៀង​ឲ្យ​ផលិតកម្ម​ខាង​លើ ក្នុង​កំឡុង​ឆ្នាំ ២០០១ ដល់២០០៤ គ្រា​ដែល​លោក​បម្រើ​ការងារ​នៅ ប៉ុស្ដិ៍លេខ៥។

អ្នក​ផលិត​កម្មវិធី​​កីឡា​​ដ៏​ល្បី​ល្បាញ​​ប្រចាំ​ក្រុម​ហ៊ុន​ CBS លោក​ ម៉ា សេរី បាន​ទទួល​មរណភាព​កាល​ពី​វេលា​ម៉ោង​៥:៥៤​នាទី​ព្រឹក​នេះ​​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ-សូវៀត​ បន្ទាប់​ពី​ជំងឺ​មហារីក​ថ្លើម​របស់​លោក​​ធ្វើ​ទុក្ខ​អស់​រយៈ​ពេល​ជា​យូរ​មក។ លោក​​​​ប្រសូត​នៅ​ថ្ងៃ​ទី១០ ខែ​​មេសា ​ឆ្នាំ​១៩៦០​ ក្នុង​​ត្រកូល​​កសិករ​​មួយ​​ស្ថិត​​ក្នុង​​ភូមិ​ខ្នុរ​ ឃុំ​ ស្វាយអង្គ​ ស្រុក​​ស្វាយរៀង ខេត្ត​ស្វាយរៀង៕

សូម​​ស្ដាប់​បទ​ចម្រៀង​ខាង​ក្រោម ដែល លោក ម៉ា សេរី ធ្លាប់​និពន្ធ​ទាំង​អស់​គ្នា៖

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី