ទឹកប្រាក់សង់ជញ្ជាំងរបស់ត្រាំ ត្រូវបង្ហើបឲ្យដឹងគឺច្រើនហួសការរំពឹងទុក
- 2017-02-10 08:38:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកប្រាក់សង់ជញ្ជាំងរបស់ត្រាំ ត្រូវបង្ហើបឲ្យដឹងគឺច្រើនហួសការរំពឹងទុក
ចន្លោះមិនឃើញ
គម្រោងសង់ជញ្ជាំងដ៏វែងរបស់ដូណាល់ ត្រាំ នៅតាមបណ្ដោយព្រំដែនអាមេរិក និងម៉ិកស៊ីកូ អាចនឹងចាយប្រាក់ប្រមាណ ២១,៦ពាន់លានដុល្លារ និងសង់រយៈពេល ៣ឆ្នាំ។ នេះបើយោងទៅតាមរបាយការណ៍ផ្ទៃក្នុងរបស់ក្រសួងសន្តិសុខមាតុភូមិអាមេរិក (Department of Homeland Security ) ទទួលបាននៅថ្ងៃព្រហស្បតិ៍ ដោយភ្នាក់ងារ Reuters។
ការប៉ាន់ស្មានរបស់របាយការណ៍នេះ គឺទឹកប្រាក់មានចំនួនខ្ពស់ជាងការលើកឡើងរបស់ ដូណាល់ ត្រំាំ កាលធ្វើយុទ្ធនាការឃោសនាដែលថាមានជាង ១២ពាន់លានដុល្លារ និងច្រើនជាង១៥ពាន់លានដុល្លារ ដែលអ្នកនាំពាក្យបក្សសាធារណៈរដ្ឋធ្លាប់អះអាងទៅទៀត។
របាយការណ៍ដដែល នឹងត្រូវធ្វើបទបង្ហាញទៅដល់លោក John Kelly ជាលេខាធិការក្រសួងខាងលើនាពេលឆាប់ៗខាងមុខ ទោះបីជាខាងរដ្ឋបាលមិនទាន់មានវិធានការគួរឲ្យកត់សម្គាល់ណាមួយក៏ដោយ។
គម្រោងដាក់ចេញនឹងត្រូវបិទព្រំដែនជា៣ដំណាក់កាល មានប្រវែងប្រមាណ ២០០០គីឡូម៉ែត្រ និងបញ្ចប់នៅចុងឆ្នាំ ២០២០។ ព្រំដែនចម្ងាយ ១០៤៦គីឡូម៉ែត្រ មានរបងរឹងមាំរួចហើយ សំណង់ថ្មីនឹងពង្រីកប្រវែងឲ្យដល់ព្រំដែនទាំងមូល។
បើតាមប្រភពដដែលបញ្ជាក់ថា ដំណាក់កាលដំបូងគេ គឺជាគម្រោងសាងសង់តូចជាងគេបំផុតនឹងមានប្រវែង៤២គីឡូម៉ែត្រកាត់តាមទីក្រុង San Diego រដ្ឋកាលីញ៉ា, ទីក្រុង El Paso រដ្ឋតិចសាស់ និងតំបន់ Rio Grande Valley រដ្ឋតិចសាស់។
ដំណាក់កាលទី២ មានប្រវែង២៤២គីឡូម៉ែត្រ ដោយចាប់ពីតំបន់ Rio Grande Valley, ទីក្រុងLaredo រដ្ឋតិចសាស់, ទីក្រុង Tucson រដ្ឋអារីហ្សូណា, ទីក្រុង El Paso ,Big Bend រដ្ឋតិចសាស់។ ចំណែកដំណាក់កាលទី៣ មានប្រវែង ១ ៧២៨គីឡូម៉ែត្រ ដែលនឹងបិទព្រំដែនអាមេរិក-ម៉ិកស៊ីកូទាំងស្រុង។ ទោះជាយ៉ាងណា អ្នកនាំពាក្យសេតវិមានមិនទាន់ធ្វើអធិប្បាយលើរបាយការណ៍នេះនៅឡើយទេ ដោយចាត់ទុកថាវាភ្លាមៗពេក៕