វីរបុរស​ Real Madrid ​ថា​​ពិត​ជា​ឈឺ​ចិត្ត ​ពេល​ឃើញ​ Barcelona ​ឡើង​ផ្ដាច់ព្រ័ត្រ​ម្តងៗ

  • 2017-02-10 09:49:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Raul ​វីរបុរស​ក្លឹប​ Real Madrid ​បាន​លើក​ឡើង​ថា ​​លោក​តែង​តែ​ខក​ចិត្ត​ ឬ​ឈឺ​ចិត្ត​ ​ពេល​ឃើញ​​ក្រុម Barcelona ​ដែល​ជា​ក្រុម​គូ​ប្រជែង​ធំ​ របស់​ក្រុម​ស្តេច​ស អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្តងៗ។

Raul អតីត​ប្រធាន​ក្រុម​ Real Madrid (កណ្តាល)

ក្រុម​កំពូល​តារាង​ La Liga ​ស្តេច​ស Real Madrid ​បាន​ធ្លាក់​​ពី​ពាន​ Copa del Rey​ ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ ក្រោម​ថ្វី​ជើង​ក្រុម​ Celta Vigo ​​រដូវ​កាល​នេះ​ ខណៈ​ដែល​ Barcelona ​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ត្រូវ​​​ប៉ះ​ Alaves ​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ខាង​មុខ។

អតីត​ខ្សែ​ប្រយុទ្ធ​ ដែល​ជួយ​ឲ្យ​ Real ​ឈ្នះ​ពាន​ La Liga ​​៦​ដង​ និង​ឈ្នះ​ UEFA Champions League ​៣​ដង ​បាន​ប្រាប់​ដល់​ Fox Sports Mexico ​ថា៖ "នៅ​ពេល​ដែល​​ក្រុម​អ្នក​ ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ ដូច​​អ្វី​ដែល​កើត​ឡើង​​លើ​​ Real Madrid ​នៅ​ Copa del Rey ​រដូវ​កាល​នេះ​..វា​​​តែង​តែ​​​​ខក​ចិត្ត​ ​និង​កាន់​ឈឺ​ចិត្ត​ ពេល​គូ​ប្រជែង​របស់​ខ្លួន​ អាច​ឡើង​ដល់​​វគ្គ​ផ្ដាច់ព្រ័ត្រ។ ប៉ុន្តែ​យើង​កំពុង​ធ្វើ​បាន​ល្អ​នៅ​ La Liga ​​និង​នៅ​ UEFA Champions League។ នេះ​មិន​មែន​មាន​ន័យ​ថា Copa មិន​សំខាន់​នោះ​​ទេ ប៉ុន្តែ​​​បើ​អាច​ឈ្នះ​ពាន​​​​​២​នេះ ​វា​ពិត​ជា​សំខាន់​ជាង"។

សម្រាប់​ពាន​ Copa del Rey ​ក្រុម​ដែល​ឈ្នះ​ច្រើន​​ជាង​គេ​គឺ ក្រុម​ Barcelona ធ្លាប់​ឈ្នះ​​​សរុប​២៨​ដង និង​ឈ្នះ​​​២​ឆ្នាំ​ជាប់ៗ​គ្នា​ចុង​ក្រោយ​នេះ ខណៈ​ដែល​ Athletic Bilbao ​​​ធ្លាប់​ឈ្នះ​បាន​​២៣​ដង ​និង​ Real Madrid ស្ថិត​នៅ​លេខ​រៀង​ទី​៣ ​លើក​ពាន​នេះ​បាន​ ​១៩​ដង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​