SmartStart រង្វាន់ ៤ ពាន់​ដុល្លារ​ មាន​ឱកាស​ទស្សនកិច្ច​ក្រុមហ៊ុន​យក្ស Facebook

  • 2017-02-14 07:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart បាន​សហការ​ជាមួយ​ក្រសួង​អប់រំ​ យុវជន និង​កីឡា និង​​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​បច្ចេកវិទ្យា SmartStart សម្រាប់​​និស្សិត​បរិញ្ញាបត្រ។​ ក្រុម​នីមួយៗ​ក្នុង​ចំណោម ៥ ក្រុម​​ចុង​ក្រោយ​ដែល​លេចធ្លោ ​​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៤ ពាន់​ដុល្លារ និង​​មាន​ឱកាស​ទៅ​ទស្សនកិច្ច​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស ​Facebook, Google និង Microsoft នៅ​ប្រទេស​សិង្ហបុរី។

រាប់​ពី​ឆ្វេង លោក Thomas Hundt, ឯកឧត្ដម ហង់ ជួនណារ៉ុន និង ឯកឧត្ដម កាន ច័ន្ទ​មេត្តា

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart បាន​ថ្លែង​ក្នុង​ពិធី​​ប្រកាស​បើក​គម្រោង​ SmartStart ថា កម្ម​វិធី​នឹង​ជួយ​ជំរុញ​និង​អភិវឌ្ឍ​ទេពកោសល្យ យុវជន​បច្ចេកវិទ្យា​ជំនាន់​ក្រោយ ក្នុង​ការ​បង្កើត​គំនិត​អាជីវកម្ម​​ទំនើប​លើ​វិស័យ​បច្ចេកវិទ្យា។ កម្មវិធី​នេះ​ក៏​មាន​វត្តមាន ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង ឯកឧត្ដម កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ផង​ដែរ។ ​

លោក​ថា SmartStart រៀប​ចំឡើង​ដោយ​មិន​ត្រឹម​តែ​ផ្ដល់​ចំណេះ​ដឹង​បច្ចេកវិទ្យា​ថ្មីៗ​ដល់​និស្សិត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ផ្គត់ផ្គង់​លើ​​ឧបករណ៍​បច្ចេកទេស ផ្ដល់​បទ​ពិសោធន៍ ការ​បង្ហាត់​បង្ហាញ និង​ថវិកា​សម្រាប់​បង្កើត​អាជីវកម្ម​ទៀត​ផង។

SmartStart មាន​រយៈ​ពេល៩ខែ សម្រាប់​និស្សិត​សាកលវិទ្យាល័យ​​​ឆ្នាំ​ទី ៣ និង​ទី៤ ប្រកួត​ប្រជែង​គំនិត​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​វិស័យ​បច្ចេកវិទ្យា។ ​

កម្មវិធី​នេះ​នឹង​​ចាប់​ប្រកួត​ប្រជែង​សាក​ល្បង​លើក​ដំបូង នៅ​សាកលវិទ្យាល័យ​ធំ​ក្នុង​ប្រទេស​ចំនួន ៤ មាន វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ), សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ, សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​វិទ្យាស្ថាន​ជាតិ​​ប្រៃសណីយ៍​ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មានវិទ្យា​​ (NIPTICT)។ សម្រាប់​ឆ្នាំ​ក្រោយៗ ​នឹង​ធ្វើ​តាម​សាកលវិទ្យាល័យ​នានា​ទូទាំង​ប្រទេស។

សម្រាប់​ដំណាក់​កាល​ដំបូង ​កម្មវិធី SmartStart ​នឹង​ជម្រុះ​យក​តែ​និស្សិត​ប្រមាណ ១២០​នាក់​​ប៉ុណ្ណោះ ឲ្យ​ទទួល​ការ​ហ្វឹកហ្វឺន​បន្ថែម​ក្នុង​សិក្ខាសាលា ដើម្បី​ដុស​ខាត់​គំនិត​អាជីវកម្ម។ បន្ទាប់​មក​កម្មវិធី​នឹង​ជ្រើស​យក​ក្រុម​លេចធ្លោ ៥ ក្រុម​​ប៉ុណ្ណោះ ដើម្បី​ប្រកួត​ប្រជែង​គំនិត​អាជីវកម្ម​បច្ចេកវិទ្យា​ បន្ត​ទៀត។

ដំណាក់​កាល​នេះ​មាន​រយៈ​ពេល ៦ ខែ ហើយ​ក្រុម​នីមួយៗ​ទាំង ៥ ក្រុម​នឹង​បាន​ប្រាក់​ឧបត្ថម្ភ ៤ ពាន់​ដុល្លារ ដើម្បី​ប្រែ​ក្លាយ​គំនិត​អាជីវកម្ម​ពួកគេ​ទៅ​ជា អាជីវកម្ម​ សេវា និង​ផលិតផល​ជាក់ស្ដែង។ សម្រាប់​ក្រុម​ដែល​មាន​គំនិត​អាជីវកម្ម​រីកចម្រើន​ខ្លាំង​ជាង​គេ នឹង​បាន​ឱកាស​​ធ្វើ​ទស្សនកិច្ច​​ទីស្នាក់ការ​​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Facebook, Google និង Microsoft នៅ​ប្រទេស​សិង្ហបុរី។

ការ​​ទទួល​ពាក្យ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ ២០ កុម្ភៈ និង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ ២៦ មីនា។ អាច​ទទួល​ពាក្យ​និង​ព័ត៌មាន​បន្ថែម ដោយ​ចូល​ទៅ​កាន់ smartstart.com.kh

អត្ថបទ៖ ផាន់និត

អត្ថបទថ្មី