លោក​តា​១០៥​ឆ្នាំ ​កំពុង​រៀន​ថ្នាក់​បណ្ឌិត​​អម​ដោយ​ឃ្លា​តាំង​ចិត្ត​​​គួរ​ឲ្យ​សរសើរ​មួយ​

  • 2017-02-22 03:27:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​តា Zhao Muhe មាន​​វ័យ​១០៥ឆ្នាំ រស់​នៅ​កោះ​តៃវ៉ាន់ កំពុង​ទទួល​ការ​កោត​សរសើរ​​ពី​មនុស្ស​ជា​ច្រើន​ និង​ចាត់​ទុក​ថា​ជា​បុគ្គល​គំរូ អម​ជា​មួយ​ពាក្យ​ស្លោក​ថា​ «មិន​ដែល​ហួស​ពេល​ទេ បើ​ចង់​រៀន។»

​លោក​តា Zhao ​កំពុង​រៀន​​ថ្នាក់​សវនកម្ម​នៅ​សាកល​វិទ្យាល័យ​ជាតិ​ Tsing Hua ​នៅ​តៃវ៉ាន់ ខណៈ​​ត្រៀម​ទទួល​​​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​ឆាប់ៗ​។ Zhao ធ្លាប់​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ជាតិ​ Open ​មួយ​ទៀត​នៅ​តៃវ៉ាន់​ ក្នុង​ឆ្នាំ​១៩៩៩ ​ដោយ​​ជិះកង់​ទៅ​រៀន​រាល់​ថ្ងៃ​​មិន​ដែល​អវត្តមាន​ម្ដង​ឡើយ។ តា​តែង​តែ​​​រៀន​ដល់​យប់​ជ្រៅ ហើយ​រយៈ​ពេល​តែ​​៤​ឆ្នាំ​ លោក​បាន​បញ្ចប់​វគ្គ​ចំនួន​១២៨ ដើម្បី​អាច​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ នៅ​អាយុ​​៩១ឆ្នាំ។

ជា​ច្រើន​​ឆ្នាំ​មក​ទៀត លោក​តា​​សម្រេច​បន្ត​ការ​សិក្សា​តាម​រយៈ​ប្រឡង​​ចូល​​រៀន​​ដោយ​​ជោគជ័យ​ថ្នាក់​​អនុបណ្ឌិត​នៅ​សាកល​វិទ្យាល័យ Nanhua និង​សិក្សា​រយៈពេល​២ឆ្នាំ។ នៅ​អាយុ ៩៨ឆ្នាំ លោក​តា​បាន​ជាប់​កំណត់​ត្រា​ពិភព​លោក (Guinness) ​ជា​មនុស្ស​ចាស់​បំផុត​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត។ ក្នុង​ឆ្នាំ ២០១៥​ លោក​តា​​បាន​ចូល​រៀន​បន្ត​ទៀត​នៅ​សាកល​វិទ្យាល័យ​ជាតិ Tsing Hua ​​ថ្នាក់​បណ្ឌិត។

​​បើ​និយាយ​ពី​ជីវភាព​ប្រចាំ​ថ្ងៃ លោក​តា​រស់​នៅ​តែម្នាក់​ឯង​ក្នុង​ផ្ទះ​ល្វែង​ចាស់​មួយ​នៅ​ជាន់​ទី​៤។ តា​ ​ដើរ​ផ្សារ​ទិញ​ឥវ៉ាន់ បោក​ខោអាវ ចម្អិន​អាហារ​ខ្លួន​ឯង ដោយ​មិន​ព្រម​ឲ្យ​គេ​ជួយ​​ ព្រោះ​​គិត​ថា​ខ្លួន​មិន​ទាន់​ចាស់ជរា​នៅ​ឡើយ។

លោក​តា​កើត​​​ក្នុង​ឆ្នាំ​១៩១២ នៅ​ខេត្ត​សានទុង​ ប្រទេស​ចិន ដោយ​ទទួល​ឥទ្ធិពល​ពី​វប្បធម៌​ចិន លោកតា​ ​​បាន​​រៀន​​ក្នុង​សាលា​ឯកជន​មួយ​ និង​ចាប់​ផ្ដើម​​សិក្សា​អក្សរផ្ចង់​​ពេល​អាយុ​១៤ឆ្នាំ។ ការ​ហាត់​រៀន​​បែប​នេះ​ជា​ច្រើន​ឆ្នាំ​ ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​គ្រូ​អក្សរ​ផ្ចង់​ម្នាក់។ ជា​ច្រើន​ទសវត្ស​កន្លង​ទៅ តា​បាន​បរិច្ចាគ​​ទឹក​ប្រាក់​ជា​ច្រើន​ដែល​រក​​ដោយ​សប្បុរសធម៌​អក្សរផ្ចង់ ដើម្បី​ជួយ​​អ្នក​ក្រីក្រ។

ក្នុង​​ឆ្នាំ ២០១២ លោក​តា​បាន​​​តាំង​ពិព័រណ៍​អក្សរ​ផ្ចង់​នៅ​ទីក្រុង​ហុងកុង ហើយ​បាន​ផ្សព្វផ្សាយ​​ពី​ជីវប្រវត្តិ​ខ្លួន​ឯង​ផង ដែល​សរសេរ​​​ដោយ​មនុស្ស​ម្នាក់​ទៀត​ផ្អែក​តាម​ការ​និយាយ​រៀបរាប់​របស់​លោក​តា។ ក្រោយ​សៀវភៅ​ប្រវត្តិ​បាន​សរសេរ​រួច​ ពេល​នេះ​លោក​តា​ Zhao ​សម្រេច​ចិត្ត​រៀន​ប្រើ​ប្រាស់​អ៊ីនធឺណិត​ជា​បណ្ដើរ​ៗ​​ហើយ ដើម្បី​ឲ្យ​ដើរ​ទាន់​សម័យកាល៕

ប្រភព៖ people.cn   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី