គ្រឹះស្ថាន​ផ្ដល់​កម្ចី៖ អត់​អាជ្ញាប័ណ្ណ ប្រឈម​មុខ​ផ្លូវ​ច្បាប់ តែ​មាន​ហើយ​ក៏​អត់​រួចខ្លួន

  • 2017-02-23 22:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំង​ធនាគារ ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឬ​ "អង្គការ"​​រក​ស៊ី ចងការ​ប្រាក់ ភាគ​ច្រើន អតិថិជន​គោលដៅ​របស់​អ្នក​ទាំង​នោះ​ជា "កសិករ" ​​ស្ថិត​នៅ​ស្រុក​ស្រែ​ចម្ការ ចុងកាត់មាត់ញក ​មាន​ចំណេះដឹង​តិចតួច​ស្ដួចស្ដើង រហូត​មិន​អាច​បែងចែក ថា​គ្រឹះស្ថាន​ផ្ដល់​កម្ចី​ដែល​ខ្លួន​កំពុង​ខ្ចីបុល​នោះ ជា​របស់​រដ្ឋ ឬ​ឯកជន។ ភាព​មិន​ច្បាស់​លាស់​ពី​សាធារណជន ក្នុង​ការ​បែងចែក​មេបំណុល​របស់​ខ្លួន​ថា​ជា​របស់​ ឯកជន ឬ​រដ្ឋ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ក្ដៅ រហូត​ព្រមាន​បិទ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ប្រសិន​បើ​មិន​ផ្ដល់​ការ​អប់រំ ឬ​ផ្ដល់​ព័ត៌មាន​ជម្រះ​មន្ទិល​ច្បាស់​លាស់។

អត់​អាជ្ញាប័ណ្ណ៖

បណ្ដា​ស្ថាប័ន​ផ្ដល់​កម្ចី​នានា ជ្រក​ក្រោម​ស្លាក​ផ្ដល់​កម្ចី ដែល​មាន​ការ​ប្រាក់​ខ្ពស់​ខ្លាំង ហួសហេតុ​ ដែល​កត្តា​មួយ​ចំនួន កូន​បំណុល​មិន​មាន​លទ្ធភាព​សង ឬ​ឈាន​ដល់​រឹបអូស​ដី​ធ្លី ផ្ទះ​សម្បែង​ជា​ដើម។ ទង្វើ​របស់​ស្ថាប័ន​មួយ​ចំនួន​តូច​​រក​ស៊ី​ក្រៅ​ផ្លូវកាត់ មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នេះ កាល​ពី​ដើម​ឆ្នាំ​២០១៥ ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បញ្ជាក់​ឲ្យ​ឈប់​ឬ​ប្រឈម​មុខ​ផ្លូវ​ច្បាប់​បើ​នៅ​តែ​គឃ្លើន។

“បើ​សុំ​អាជ្ញាប័ណ្ណ​បើក​ត្រឹមត្រូវ​អត់​ចំណេញ​ទេ...ណាមួយ​ត្រូវ​ការ​ស្តង់ដារ​ច្រើន...យើង​អត់​លទ្ធភាព​ធ្វើ​ធនាគារ​ណាស់"។ អ្នក​ចូលហ៊ុន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​កំពុង​បើក​អង្គការ​ផ្ដល់​ប្រាក់​កម្ចី​នៅ​ពោធិ៍សាត់​ឆ្លើយឆ្លង​ជាមួយ​Sabay។ ចុះ​អ្នក​ភូមិ​ដែល​ជា​កូន​បំណុល​ស្គាល់​ទេ​ថា អង្គការ​អ្នក​ឯង​ជា​របស់​រដ្ឋ​ ឬ​ឯកជន? ប្រភព​ឆ្លើយ​យ៉ាង​ខ្លី​ថា ពិត​ជា​មាន​អ្នក​មួយ​ចំនួន​មាន​ការ​យល់​ច្រឡំ។ យ៉ាង​ណា​ក្ដី មុន​ការ​ប្រកាស​របស់​រដ្ឋាភិបាល​អំពី​ការ​ណែនាំ​ខ្លួន​ថា​ជា "ស្ថាប័ន​ឯកជន" ទៅ​កូន​បំណុល គឺ​ខ្លួន​បាន​អប់រំ និង​ដាក់​វិន័យ​ទៅ​គ្រប់​CO ទាំង​អស់​ឲ្យ​ធ្វើ​ដូច្នេះ​តាំង​ពី​អង្គការ​ចាប់​ផ្ដើម​ដំណើរ​ការ​បាន​មួយ​រយៈ​ប៉ុណ្ណោះ។

នៅ​កំពង់ចាម​ឯណេះ​វិញ ​ឆ្លើយតប​ទៅ​នឹង​រហស្សនាម ក្នុង​ចំណុច​ទី១ អតីត​CO ក្នុង​អង្គការ​ឯកជន​មាន​បទពិសោធន៍​ការងារ​ជាង ២ឆ្នាំ​ម្នាក់ នៅ​ស្រុក​មួយ​នៃ​ខេត្ត​នេះ​ប្រាប់​ Sabay ថា​ស្ថាប័ន​ដែល​លោក​ធ្លាប់​ធ្វើ​ការ​ក៏​អត់មាន​អាជ្ញាប័ណ្ណ​ដែរ ប៉ុន្តែ​ជោគជ័យ​ខ្លាំង ហើយ​អ្នក​ស្រុក​ស្គាល់​ច្បាស់​ថា​ជា​របស់​ឯកជន អត់​មាន​ច្រលំបល់​ជា​ស្ថាប័ន​រដ្ឋ​ទេ។ "ដំបូង​ដើម​ជាង ១ម៉ឺន​(ដុល្លារ) គ្នា​គាត់​មេៗ ៣-៤នាក់ តែ​ដើរ​បាន​ជាង ២ឆ្នាំ​គាត់​បើក​សាខា​បាន ៣-៤កន្លែង...ម៉ាសាខាៗ​ដើម​វិនិយោគ​អត់​តិច​ជាង ៣ម៉ឺន​ដុល្លារ​ទេ"។ "គ្រូ​អាទិត្យ" រូប​នេះ​បន្ថែម។

“ចំណេញ​ខ្លាំង...ដាក់​ដើម​តែ​ម្នាក់​ជាង ៣ពាន់​ដុល្លារ​គ្នា​ ៣នាក់...ប៉ុន្មាន​ខែ​ម្នាក់​ឯង​ខ្ញុំ​ដក​លុយ​ចំណេញ បាន​ជាង ៥ពាន់​ដុល្លារ​ទៅ​​ទិញ​ឡាន​បាន១ ហើយ​ដើម​នៅ​ដដែល"។ វិនិយោគិន​បើក​អង្គការ​ផ្ដល់​កម្ចី​ដូចគ្នា​សម្រាប់​កសិករ​ដោះទាល់​រយៈពេល​ខ្លី នៅ​ខេត្ត​កណ្ដាល​លើក​ឡើង​ដូច្នេះ។ តាម​ការ​កត់​សម្គាល់​ អតិថិជន​មិន​ខ្វល់​ថា​កន្លែង​លោក​ជា​របស់​ឯកជន ឬ​រដ្ឋ​ទេ ហើយ​លោក​រឹត​តែ​មិន​បាន​ចាប់​អារម្មណ៍​ថា អ្នក​ទាំង​នោះ​ដឹង​ ឬ​មិន​ដឹង​នោះ​ទេ។​

រហស្សនាម៖

CO ឬ​មន្ត្រី​ផ្ដល់​កម្ចី ត្រូវ​បាន​អ្នក​ភូមិ ឬ​អតិថិជន​របស់​អ្នក​ទាំង​នោះ​បែងចែក​យ៉ាង​ច្បាស់​ជា​ ២ដាច់​ដោយ​ឡែក​ពី​គ្នា។ ទី១ "គ្រូអាទិត្យ" ឬ ​ "គ្រូអង្គការ" ជា​រហស្សនាម​ដែល​អ្នក​ស្រុក​ភូមិ ស្គាល់​ច្បាស់​ថា​ជា​របស់​ឯកជន ព្រោះ​ត្បិត​ស្ថាប័ន​ដែល​ជ្រក​ក្រោម​យីហោ អង្គការ​ផ្ដល់​កម្ចី​មិន​បាន​ច្រើន ឲ្យ​លើស​ពី ២លាន​រៀល​ទេ។ ទី២ "គ្រូរដ្ឋ" ឬ "គ្រូ+ឈ្មោះ​ស្ថាប័ន" សំដៅ​លើ​ CO របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឬ​ធនាគារ ដែល​មាន​ស្តង់ដារ និង​អាជ្ញាប័ណ្ណ​រក​ស៊ី​ត្រឹម​ត្រូវ។

ការប្រាក់៖

ការ​ប្រាក់​របស់​អង្គការ អត់​អាជ្ញាប័ណ្ណ​គិត​ជា​អាទិត្យ ឬ​រាប់​រាល់​ថ្ងៃ ដែល​មាន​រហូត​ចន្លោះ​ពី ៩% ដល់​ជាង ១១% ក្នុង​មួយ​ខែ ដោយ​ទំហំ​ទឹកប្រាក់​ខ្ពស់​បំផុត​ភាគ​ច្រើន​ត្រឹម ២លាន​រៀល។ តួលេខ​ដ៏​ខ្ពស់​នេះ​បាន​រាំង​ខ្ទប់​ផ្លូវ​កសិករ​មួយ​ចំនួន​ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ចំណូល​បាន​ពី​កសិផល (ខូចខាត ឬ​តម្លៃ​ទីផ្សារ​ចុះ​ទាប) មិន​មាន​លទ្ធភាព​សង រហូត​មាន​ករណី​ខ្លះ​រឹប​អូស​ដី​ធ្លី ឬ​ផ្ទះ​សម្បែង​ក៏​មាន។ ឧទាហរណ៍​ពលរដ្ឋ​ក ខ្ចី​លុយ ១លាន​រៀល​ពី​អង្គការ​មួយ ក្នុង​អត្រា​ការ​ប្រាក់ ៥% រយៈពេល ២សប្ដាហ៍។ ដូច្នេះ​បុគ្គល​ក មាន​ភារៈ បង់​ទាំង​ដើម + ការ​​ប្រាក់ ៥% រៀងរាល់ ២សប្ដាហ៍​ម្ដង ក្នុង​កាល​កំណត់​ព្រមព្រៀង​ណា​មួយ។

គ្រឹះស្ថាន​មាន​អាជ្ញាប័ណ្ណ៖

អត់​អាជ្ញាប័ណ្ណ​រឿង​មួយ​ ប៉ុន្តែ​MFI ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ត្រឹមត្រូវ ក៏​អត់​រួច​ខ្លួន​ដែរ ឬ​អាច​បិទ​ទ្វារ​ទាំង​ស្រុង ប្រសិន​បើ​មិន​បាន​បញ្ជាក់​ ឬ​អប់រំ​ប្រជាពលរដ្ឋ​ពី​ការ​ខ្ចីបុល​ស្ថាប័ន​ឯកជន​ទាំង​នោះ ហើយ​ច្រឡំ​ថា​ពួក​គេ​មក​ខ្ចី​បំណុល​ពី​រដ្ឋ។

ឧកញ៉ាបណ្ឌិត ប៊ុន មុនី ទីប្រឹក្សា​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​បង្ហាញ​របាយការណ៍​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​ចុះបញ្ជី​ត្រឹមត្រូវ​មាន ៦០ស្ថាប័ន ក្នុង​ឆ្នាំ ២០១៦ បើ​គិត​ជា​សាច់​ប្រាក់​វិនិយោគ​មាន​រហូត​ដល់ ៣ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុង​បទសម្ភាសន៍​ជាមួយ​អាស៊ីសេរី ទីប្រឹក្សា​រូប​នេះ​បន្ត​ថា ប្រជាពលរដ្ឋ ២លាន​គ្រួសារ​ដែល​ភាគ​ច្រើន​រស់​នៅ​តាម​ជនបទ ឬ ប្រមាណ ៦០%​នៃ​គ្រួសារ​សរុប​ទូទាំង​ប្រទេស​កំពុង​ជាប់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

សមត្ថកិច្ច​រឹបអូស៖

កាតព្វ​កិច្ច​របស់​អ្នក​ខ្ចីបុល មិន​អាច​សង​បំណុល​បាន គឺ​ត្រូវ​តែ​រឹបអូស។ ចំពោះ​ការ​រឹប​អូស​នោះ គឺ​យើង​គ្មាន​អំណាច​ទៅ​រឹប​អូស​ទ្រព្យ​សម្បត្តិ ទ្រព្យ​តម្កល់​របស់​ប្រជាពលរដ្ឋ​ទេ គឺ​មាន​តែ**​អំណាច​របស់​តុលាការ**។ ដូច្នេះ​កាល​ណា​មាន​ការ​ខកខាន យឺតយ៉ាវ​មិន​បាន​សង​បំណុល​អី​ជា​ដើម​នោះ មាន​តែ​យើង​ប្ដឹង​ទៅ​តុលាការ​។ នេះ​បើ​តាម​ការ​អះអាង​របស់ ​ឧកញ៉ាបណ្ឌិត ប៊ុន មុនី ​ក្នុង​សារព័ត៌មាន​ គេហទំព័រ​មជ្ឈមណ្ឌល​អ្នក​សារព័ត៌មាន​កម្ពុជាកន្លងទៅ។

ចំណាត់​ការ​រដ្ឋាភិបាល ​បំបាត់​ការ​ភ័ន្តច្រឡំ៖

“គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​អស់​នៅ​កម្ពុជា ជា​របស់​ឯកជន​ពុំ​មែន​ជា​របស់​រដ្ឋ​ឡើយ"។ នេះ​ជា​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ ហ៊ុន​ សែន ដើម្បី​ជម្រះ​មន្ទិល​សាធារណ​ជន​ ដែល​​ច្រឡំ​ ថា​​ការ​​ខ្ចី​បំណុល​ពី​គ្រឹះ​ស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ​ គឺ​ជា​ការ​ជំពាក់​ប្រាក់​រដ្ឋ។ ដូច​នេះ​ យុទ្ធនាការ​ខាង​លើ គឺ​ធ្វើ​ឡើង​ដើម្បី​បំបាត់​ការ​ភ័ន្ត​ច្រឡំ ​ និង​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ កុំ​​​ឲ្យ​ជាប់​បំណុល ប្រើ​ប្រាស់​កម្ចី​​ចំ​ទិស​ដៅ មិន​ប្រើ​ក្នុង​ភាព​ហ៊ឺហា។

សម្ដេច​ហ៊ុន សែន បាន​លើក​ឡើង​ពី​របស់​ Logo គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែល​មាន​អក្សរ "៛៛៛" សំដៅ​លើ​ប្រាក់​រៀល ដែល​អាច​ធ្វើ​ឲ្យ​សាធារណជន​​ភាន់ភាំង ថា "រដ្ឋ"។ រហូត​មក​ដល់​ថ្ងៃ​ទី ២២ កុម្ភៈ​ ប្រាសាក់​សម្រេច​ផ្លាស់ប្ដូរ​ស្លាក​សញ្ញា​ "៛៛៛" របស់​ខ្លួន​ទៅ​ជា​ពាក្យ "ប្រាសាក់" ជំនួស​វិញ។

កាលពី​ ​២០១៥​ ថ្ងៃ​ទី​២៧​ ខែ​មករា​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ប្រកាស​​ថ្កោលទោស​ចំពោះ​អង្គការ​និង​សមាគម​សប្បុរសធម៌​ដែល​កំពុង​ផ្ដល់​ប្រាក់​ កម្ចី​ជូន​ប្រជាជន ​ដោយ​មិន​មាន​អាជ្ញាប័ណ្ណ ​ឬ​ចុះបញ្ជី​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ហើយ​ថែម​ទាំង​​បញ្ជា​ឲ្យ​បញ្ឈប់​សកម្មភាព​ទាំងនោះ​ភ្លាម​ ឬ​ប្រឈម​នឹង​ទោស​ទណ្ឌ​តាម​ផ្លូវច្បាប់។

ទស្សនៈនិពន្ធនាយក៖ ចិត្ត