មហោស្រព​​គីហ្សូណា​២០១៧ សម្បូរកម្មវិធី​ប្លែក​ៗ នាំ​កម្ពុជា​​ និង​ជប៉ុន​​កាន់​តែ​​ខិត​ជិត​គ្នា​

  • 2017-02-24 13:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រព​គីហ្សូណា​​ ឆ្នាំ​២០១៧ ដែល​​កំពុង​ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន (CJCC) ចាប់​ពី​ថ្ងៃ​​ព្រហស្បតិ៍​ ទី​២៣ ដល់​ថ្ងៃ​អាទិត្យ​ទី ២៦ កុម្ភៈ ២០១៧ នាំ​មក​នូវ​​សកម្មភាព​វប្បធម៌​រវាង​កម្ពុជា​-​ជប៉ុន​​ជា​ច្រើន​ ដល់​សាធារណជន​​នៅ​កម្ពុជា។ នេះ​​បើ​តាម​​ការ​ថ្លែង​របស់​ឯកឧត្ដម​បណ្ឌិត​ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ តំណាង​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ការ​បើក​ពិធី​ខាង​លើ​។

នៅ​ឆ្នាំ​នេះ មហោស្រព​គីហ្សូណា នាំ​មក​នូវ​ការ​សម្ដែង​​ដូច​ជា របាំ​ និង​ចម្រៀង​ ការ​បង្ហាញ​​សំលៀក​បំពាក់ (Cosplay) ការ​សម្ដែង​ក្បាច់​គុន ការ​ឆុង​តែ ការ​រៀប​ចំ​ផ្កា និង​​ពិព័រណ៍​ម្ហូប​អាហារ​ ដែល​មាន​ការ​ចូល​រួម​ពី​​សិល្បករ​ សិល្បការនី និង​អ្នក​ជំនាញ​កម្ពុជា​ និង​ជប៉ុន​។

តាម​ការ​រៀប​រាប់​បន្ថែម​​របស់​ឯកឧត្ដម​រដ្ឋលេខាធិការ មហោស្រព​​គីហ្សូណា​ឆ្នាំ​នេះ​ បាន​លើក​យក​ប្រធាន​បទ​គួរ​ចាប់​អារម្មណ៍​ និង​ចំ​ពេល​​ គឺ"ការ​ហោះ​ហើរ​​ទៅ​ប្រទេស​ជប៉ុន" ដែល​ឆ្លុះ​បញ្ចាំង​​ឲ្យ​ឃើញ​​នូវ​ការ​ខិត​ជិត​គ្នា​ រវាង​​កម្ពុជា ជប៉ុន តាម​រយៈ​ការ​ត​ភ្ជាប់​ផ្លូវ​អាកាស​។ ហើយ​ប្រធាន​បទ​នេះ ត្រូវ​បាន​ជ្រើស​​រើស​ដើម្បី​អបអរ​ការ​ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​​ត្រង់​រវាង​ជប៉ុន-កម្ពុជា​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៦ កន្លង​ទៅ​។

គួរ​រំលឹក​ដែរ​ថា មហោស្រព​គីហ្សូណា​ ជា​រៀង​រាល់​ឆ្នាំ​តែង​តែ​បង្កើត​បទ​ពិសោធន៍​​សិល្បៈ​​វប្បធម៌​​ចម្រុះ​កម្ពុជា ជប៉ុន​ ទាំង​ក្នុង​សម័យ​បុរាណ​ និង​សហសម័យ​។ ព្រឹត្តិការណ៍​​នេះ​ក៏​ជា​ឱកាស​​សម្រាប់ យុវជន​កម្ពុជា​ ទទួល​បាន​នូវ​បទ​ពិសោធន៍​​សម្បូរ​បែប​នៃ​សិល្បៈ​ និង​វប្បធម៌​ជប៉ុន​ ក៏​ដូច​ជា​​បង្ហាញ​នូវ​វប្បធម៌​​របស់​ស្នាដៃ​ខ្មែរ​​ផង​ដែរ​៕​

​​ ​​​​​​​​​

អត្ថបទ៖ មាន រតនា