LG G6 ចេញជាផ្លូវការហើយ អត់ជ្រាបទឹក អេក្រង់ស្ទើរគ្មានគែម

  • 2017-02-26 12:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត LG G6 បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ក្នុង​ព្រឹត្តិការណ៍​​សមាជទូរសព្ទ​ពិភពលោកដែលធ្វើ​ឡើង​មុន​នេះ​បន្តិច។

ចំណុច​ពិសេស​របស់​ LG G6 ជំនាន់​ថ្មី​គឺ​ដូច​ទៅនឹងអ្វីដែលពាក្យ​ចចាមអារ៉ាម​បាន​ចេញ​ផ្សាយ​កន្លង​មក​។ មាន​ដូច​ជា​បច្ចេកវិទ្យា​ធន់​នឹង​ទឹក​កម្រិត IP68, ផ្ទៃអេក្រង់​ស្ទើរ​តែ​គ្មាន​គែម, អេក្រង់ QuadHD+ អាច​បបង្ហាញ​រូបភាព​មុត​ល្អ និង មាន​មាត្រដ្ឋាន 18:9។ ត​ទៅ​នេះ​នឹង​​រៀប​រាប់​ត្រួសៗពីចំណុច​ការ​អាប់ដេត​ខ្លះៗ​លើ​ត្រកូល G ជំនាន់​ថ្មី៖

#អេក្រង់ និង ការ​ការពារ​ទឹក

អ្វី​គួរ​ចាប់​អារម្មណ៍​បំផុតលើ LG G6 គឺ​អេក្រង់​ដែល​មាន​ប្រភេទ​ QuadHD+ និង​មាន​ផ្ទៃ​អេក្រង់​ស្ទើរ​ស្មើ ៨០% នៃ​ផ្ទៃ​ខាង​មុខ​សរុប​របស់​ទូរសព្ទ​​ដែល LG G5 មាន​ត្រឹម​ប្រមាណ ៧០% ប៉ុណ្ណោះ។ បច្ចេកវិទ្យាការពារទឹក​កម្រិត IP68 អាច​ឲ្យ​ទូរសព្ទ​នៅ​ក្នុង​ទឹក​បាន​ជម្រៅ​លើស​ពី​ មួយម៉ែត្រ។

#កាមេរ៉ា

LG G5 មាន​កាមេរ៉ា​ភ្លោះ​ក្រោយ​ដោយ​មួយ​ប្រភេទធម្មតាមាន​កម្រិត ១៦ MP និង មួយ​ទៀត​​ប្រភេទ Wide-Angle មាន​កម្រិត ៨ MP។ សម្រាប់ G6 បាន​អាប់ដេត​ដោយ​កាមេរ៉ា​ភ្លោះ​ទាំងពីរសុទ្ធ​តែ​មាន​កម្រិត ១៣ MP ទាំង​កាមេរ៉ា​ធម្មតា និង កាមេរ៉ា Wide-Angle។

#ម៉ាស៊ីន

LG G6 នៅ​តែ​ប្រើ​បន្ទះឈីប​ជំនាន់​ចាស់ Snapdragon 821 ដូច​ជា Google Pixel ដែរ។ មូលហេតុដែលមិនប្រើបន្ទះឈីបជំនាន់​ថ្មី Snapdragon 835 ព្រោះ​ Samsung អ្នក​ផលិត​បន្ទះឈីប​នេះ​បាន​ក្រសោប​ទុក​ចំនួន​ផ្គត់ផ្គង់​ដ៏​ច្រើន​លើស​លប់​សម្រាប់​ស្មាត​ហ្វូន​ជំនាន់​ថ្មី​ខ្លួន។ ហេតុ​នេះ​បណ្ដា​​ក្រុមហ៊ុន​ណា​ដែល​ចង់​ប្រើ​បន្ទះឈីបនេះលុះត្រាតែស្មាតហ្វូន​ថ្មី​របស់ Samsung បង្ហាញ​វត្តមាន​លើ​ទីផ្សារ​សិន។

ខាង​ក្រោម​ជា​លក្ខណៈ​សម្បត្តិលម្អិត៖

@ អេក្រង់ ៖ ៥,៧ អ៊ីញ, QuadHD+ (1440x2880p), Dolby Vision / HDR 10

@ វិមាត្រ ១៤៨,៩x៧១,៩x៧,៩ ម.ម

@ ម៉ាស៊ីន ៖ Qualcomm Snapdragon 821, RAM ៤ GB

@ អង្គផ្ទុកទិន្នន័យ ៖ ៣២ GB + រន្ធ​សម្រាប់ដោតមេមូរីកាត

@ កាមេរ៉ា ៖ ក្រោយ ១៣ MP (៧១ដឺក្រេ)+ ១៣ MP (១២៥ដឺក្រេ) និង ខាងមុខ ៥ MP (១០០ដឺក្រេ)

@ ថ្ម ៖ ៣៣០០ mAh

@ មុខងារពិសេស ៖ បច្ចេកវិទ្យាធន់នឹងទឹក IP68

@ តម្លៃ និង កាលបិរច្ឆេទចេញលក់ ៖ មិន​បាន​បញ្ជាក់

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង