​បញ្ហា​សំខាន់​ៗ​ត្រូវ​គិត​ឱ្យ​ច្បាស់​ ​មុន​ចាប់ផ្ដើម​អាជីវកម្ម​ ដើម្បីកុំឱ្យបរាជ័យ​​​

  • 2017-02-27 04:58:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាប់​ផ្ដើម​អាជីវកម្ម​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ព្រោះ​មាន​បញ្ហា​ជា​ច្រើន​ត្រូវ​តែ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់​មុន​ចាប់​ផ្ដើម​ ទើប​​អាច​កាត់​បន្ថយ​ហានិភ័យ និង​ងាយ​ទទួល​បាន​ភាព​ជោគជ័យ​។ ដូច្នេះ​តើ​​គួរ​គិត​ទៅ​លើ​បញ្ហា​អ្វី​ខ្លះ​មុន​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម?

លោក​ជំទាវ​ឧកញ៉ា កែវ មុំ ជា​ម្ចាស់​​អាជីវកម្ម​ផលិត​នំ​ស្រួយ​លី​លី និង​ជា​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​ចែក​ចែក​រំលែក​បទ​ពិសោធន៍​ជាក់​ស្ដែង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​កន្លង​មក​ទាក់ទង​នឹង​បញ្ហា​សំខាន់​គួរ​គិត​មុន​ចាប់​ផ្ដើម​អាជីវកម្ម​។

លោកជំទាវ ឧកញ៉ាកែវ មុំ

​​​ **១. ​ផ្ដោត​ទៅ​លើ​ធនធាន​ក្នុង​ប្រទេស​កម្ពុជា**

​ម្ចាស់​អាជីវកម្ម​ផលិត​នំ​ស្រួយ​លី​លី បាន​ប្រាប់​ថា ​មុន​ចាប់​ផ្ដើម​អាជីវកម្ម​ផលិត​អ្វី​មួយ​ ចំណុច​សំខាន់​បំផុត​គួរ​តែ​ផ្ដោត​​ទៅ​លើ​ធនធាន​ក្នុង​ប្រទេស​កម្ពុជា ថា​តើ​មាន​ធនធាន​ធម្មជាតិ​អ្វី​ខ្លះ​អាច​យក​មក​កែ​ច្នៃ​បាន​? ​ប្រសិន​បើ​សិក្សា​ដឹង​ថា​សម្បូរ​ធនធាន​អ្វី​ គួរ​ផលិត​ផលិត​ផល​ណា​ដែល​ទាក់ទង​នឹង​ធនធាន​នោះ​។ ​លោក​ជំទាវ​ឧកញ៉ា កែវ​ មុំ​ បាន​ឱ្យ​ដឹង​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​​មាន​ធនធាន​កសិកម្ម​ជា​ច្រើន​ដែល​មិន​ទាន់​មាន​ការ​កែ​ច្នៃ ដូច្នេះ​ការ​កែ​ច្នៃ​ធនធាន​កសិកម្ម​ទៅ​ជា​ផលិត​ផល​សម្រេច​ក៏​ងាយ​នឹង​ទទួល​ជោគជ័យ​ដែរ​។

២. ​កំណត់​អតិថិជន​គោលដៅ

ប្រធាន​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា បាន​បន្ត​ទៀត​ថា ​ការ​កំណត់​អតិថិជន​គោលដៅ​ គឺ​ជា​រឿង​សំខាន់ ​មុន​ចាប់​ផ្ដើម​អាជីវកម្ម​អ្វី​មួយ​ត្រូវ​កំណត់​អតិថិជន​ឱ្យ​ច្បាស់​សិន​ថា ជា​មនុស្ស​ចាស់ ក្មេង ឬ​ធន​កណ្ដាល​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ផ្សព្វផ្សាយ​ឱ្យ​ចំ​គោលដៅ​ និង​ងាយ​ទទួល​បាន​ភាព​ជោគជ័យ​។

​៣. ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ

ការ​ធ្វើ​អាជីវកម្ម​ សំខាន់​បំផុត​គឺ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​​ឱ្យ​បាន​ល្អ​ ត្រូវ​កំណត់​ការ​បែង​ចែក​ឱ្យ​បាន​ត្រឹម​ត្រូវ​រាល់​ការ​ចំណាយ​ទាំង​អស់ ​បើ​មិន​ដូច្នោះ​ទេ​អាច​នឹង​មាន​ហានិភ័យ​ហិរញ្ញវត្ថុ​ ហើយ​ជា​កត្តា​នាំ​ឱ្យ​អាជីវកម្ម​បរាជ័យ​ផង​ដែរ​។ ​ឧកញ៉ា ជំទាវ កែវ មុំ បន្ថែម​។

៤. ​គុណភាព

សហគ្រិន​ជា​ស្ត្រី​ កំពុង​ជោគជ័យ​ក្នុង​មុខ​ជំនួញ​រូប​នេះ ​ប្រាប់​ទៀត​ថា ​ផលិត​ផល​​ដែល​ផលិត​ចេញ​ត្រូវ​តែ​មាន​គុណភាព​ល្អ​ ភាព​ទាក់​ទាញ និង​ការ​កែច្នៃ​យ៉ាង​ម៉េច​ឱ្យ​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន​ដែល​បាន​កំណត់​។ ​ដូច្នេះ​ហើយ​ត្រូវ​ផ្ដោត​ទៅ​លើ​គុណភាព​ជា​ចម្បង ​មុន​ចេញ​លក់​ ឬ​ប្រកួត​ប្រជែង​នៅ​ទីផ្សារ​ទើប​អាច​កាត់​បន្ថយ​ហានិភ័យ​បាន​។

​​ ៥. កាត់​បន្ថយ​ថ្លៃ​ដើម​ឱ្យ​នៅ​កម្រិត​ទាប

អាជីវកម្ម​ដែល​ងាយ​ទទួល​បាន​ភាព​ជោគជ័យ គឺ​ធ្វើ​យ៉ាង​ម៉េច​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​ឱ្យ​នៅ​កម្រិត​ទាប។ ​លោក​ជំទាវ ឧកញ៉ា​កែវ មុំ ប្រាប់​ថា ​ប្រសិន​បើ​ចំណាយ​ថ្លៃ​ដើម​លើ​ការ​ផលិត​ខ្ពស់​ពេក​នោះ​អាជីវកម្ម​ងាយ​នឹង​បរាជ័យ​ណាស់ ​ដូច្នេះ​ត្រូវ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​ឱ្យ​កាន់​តែ​ទាប​ កាន់​តែ​ល្អ​៕​​

អត្ថបទ៖ វឌ្ឍនៈ