អ្នក​បើក​យន្តហោះ​កម្ពុជា​វ័យ​ ២០​ឆ្នាំ​​ បង្ហាញ​អារម្មណ៍​ពិត​ក្រោយ​កាន់​ចង្កូត Airbus A320

  • 2017-03-01 06:24:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ រក​ពាក្យ​អ្វី​និយាយ​មិន​ត្រូវ​នោះ​ទេ ព្រោះ​ក្ដី​ស្រមៃ​ដែល​ខ្ញុំ​ចង់​បើក​យន្តហោះ​ខ្នាត​ធំ មិន​ធ្លាប់​រំពឹង​ទុក​ថា​នឹង​អាច​បាន​សម្រេច​ ​ឥឡូវ​នេះ​ក្លាយ​ជា​ការ​ពិត​ហើយ​"។ ​នេះ​ជា​ពាក្យ​ចេញ​ពី​ក្នុង​ចិត្ត​បង្កប់​ដោយ​ភាព​រំភើប​ របស់​អ្នក​បើក​យន្ត​ហោះ​វ័យ​ក្មេង​កម្ពុជា ឆ្លើយ​ឆ្លង​ជា​មួយ​ Sabay មុន​នេះ​។

លឹម​ស្រេង សេដ្ឋា​មុនី ប្រាប់​ថា ​ក្រោយ​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ​​លើ​​​ជំនាញ​​​បើក​បរ​យន្តហោះ​មក​ពី​សាលា​​​មួយ​របស់​សហរដ្ឋអាមេរិក​ កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៦​ហើយ​នោះ​ សេដ្ឋា​មុនី​បាន​សម្រេច​ចិត្ត​បន្ត​ការ​សិក្សា​ជា​អ្នក​បើក​យន្ត​ហោះ​បន្ត​ទៀត ​​នៅ​ប្រទេស​ហ្វី​លី​ពីន ​ដើម្បី​មាន​សិទ្ធិ​ក្នុង​ការ​បើក​យន្ត​ហោះ​ខ្នាត​ធំ Airbus A320 ដែល​ខ្លួន​ធ្លាប់​ស្រមៃ​តាំង​ពី​តូច​។

អ្នក​បើក​យន្តហោះ​វ័យ​ក្មេង​រូប​នេះ ​បន្ត​ទៀត​ថា ​មុន​ពេល​សម្រេច​ក្ដី​ស្រមៃ ខ្លួន​គិត​ថា​​ហោច​ណាស់​ក៏​រយៈពេល​៣​ឆ្នាំ​ដែរ ទើប​អាច​ទទួល​បាន​ភាព​ជោគជ័យ ប៉ុន្តែ​ឥឡូវ​ត្រឹម​តែ​១​ឆ្នាំកន្លះប៉ុណ្ណោះ ក៏​អាច​បើក​យន្ត​ហោះ​ប្រភេទ​ Airbus A320 បាន។ ​សេដ្ខា​មុនី ប្រាប់​ថា ក្រោយ​ផ្ដល់​បទ​សម្ភាស​ន៍ឱ្យ​ Sabay​ ក្នុង​ខែ​តុលា ឆ្នាំ ២០១៦ ​រួច​ហើយ​ ក្នុង​ខែ​១១ ឆ្នាំ​ដដែល ​រូប​គេក៏​សម្រេច​ចិត្ត​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ហ្វី​លី​ពីន​ដើម្បី​អាច​បើក​យន្តហោះ ​Airbus A320 ដែល​ត្រូវ​ចំណាយ​លុយ​បង់​ថ្លៃ​សាលា​រហូត​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ។

លឹម​ស្រេង​ សេដ្ឋា​មុនី ប្រាប់​ទៀត​ថា ត្រឹម​តែ​រយៈពេល​៣​ខែ​ប៉ុណ្ណោះ​​ ខ្លួន​អាច​បើក​យន្តហោះ​ខ្នាត​ធំ​នេះ​បាន ពោល​គឺ​ត្រឹម​ខែ​កុម្ភៈ​ឆ្នាំ ២០១៧​ សេដ្ឋា​មុនី​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដោយ​នាំ​មក​នូវ​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​ដល់​គ្រួសារ និង​ជា​មុខ​មាត់​សម្រាប់​សង្គម​ជាតិ។ នៅ​ពេល​សួរ​ថា តើ​មុនី​មិន​មាន​ការ​ភ័យ​ខ្លាច​ទេ​ពេល​បើ​ក​យន្តហោះ​ខ្នាត​ធំ​នេះ? មុនី​ប្រាប់​ថា មិន​មាន​ភាព​ភ័យ​ខ្លាច​អ្វី​ទាំង​អស់​ព្រោះ​ក្នុង​នាម​ជា​អ្នក​បើក​យន្តហោះ​គឺ​ត្រូវ​មាន​ស្មារតី​រឹង​មាំ និង​ការ​តាំង​ចិត្ត​ខ្ពស់​បំផុត​។

សេដ្ឋា​មុនី​ ប្រាប់​ថា ​ចំពោះ​ក្ដី​ស្រមៃ​ដែល​ចង់​ក្លាយ​ជា​អ្នក​បើក​យន្តហោះ​ខ្នាត​ធំ​នេះ​​បាន​សម្រេច​ហើយ ​ប៉ុន្តែ​បច្ចុប្បន្ន​ មុនី​ កំពុង​តែ​រក​ការងារ​ដែល​សក្ដិសម​នឹង​សមត្ថភាព​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​។ ​សេដ្ឋា​មុនី​ប្រាប់​ថា ក្នុង​ឆ្នាំ​ថ្មី​នេះ​មាន​អាយុ​២០​ឆ្នាំ​ហើយ ហើយ​ក៏​ជា​ពេល​ដែល​ត្រូវ​ខិត​ខំ​បំផុត​ដើម្បី​គ្រួសារ​ អនាគត ព្រម​ទាំង​មុខមាត់​ប្រទេស​ជាតិ​ផង​ដែរ៕​​​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី