ភរិយា ណូយ​ វ៉ាន់ណេត ប្រតិកម្ម​លើ​ការ​រិះ​គន់​ស្វាមី​ខ្លួន​ពាក់​ព័ន្ធ​ការ​ស្លាប់​ភរិយា​ដើម

  • 2017-03-01 07:10:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី សោម ម៉ា​នី ​ជា​ភរិយា​បច្ចុប្បន្ន​របស់​លោក ណូយ វ៉ាន់ណេត បាន​ចេញ​ប្រតិកម្ម​​លើ​ការ​រិះគន់​នានា​លើ​ស្វាមី ពាក់​ព័ន្ធ​នឹង​ការ​បាត់​បង់​ជីវិត​អតីត​ភរិយា​ដើម​របស់លោក។

អ្នកស្រី​ បញ្ជាក់​ថា ​លោក​ ណូយ វ៉ាន់ណេត បាន​បែក​បាក់​ពី​ភរិយា​ដើម​អស់​ជិត​៣០ឆ្នាំ​ហើយ ឯ​ការ​ដែល​ប្រពន្ធ​របស់​លោក​មាន​ជំងឺ​ស្លាប់​ក៏​លោក​មិន​បាន​ដឹង​ដែរ​ ព្រោះ​ក្រោយ​លា​ចាក​សិក្ខា​បទ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ពេល​ត្រលប់​មក​វិញ​ទើប​ដឹង​ដំណឹង​នេះ ហើយ​លោក​ក៏​បាន​ចូល​គោរព​សព​អតីត​ភរិយាតាម​ការ​គួរ​ដែរ មិន​មែន​មិន​ខ្វល់​សោះ​នោះ​ទេ។

អ្នក​ស្រី​បន្ត​ថា ខ្លួន​មិន​ជឿ​សោះ​ ដែល​កូន​ស្រី​ច្បង​របស់​លោក ណូយ វ៉ាន់ណេត ហ៊ាន​និយាយ​បែប​នេះ​ពី​ឪពុក​ទៅ​វិញ​ ដែល​នាំ​ឲ្យ​លោក​ត្រូវ​បាន​គេ​ជេរ​ប្រមាថ​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សង្គម។

ដំណឹង​ពី​ការ​ស្លាប់​របស់​ភរិយា​ដើម​លោក​ ណូយ វ៉ាន់ណេត បាន​បែក​ធ្លាយ​នៅ​ព្រឹក​នេះ ក្នុង​នោះ តាម​អ្នក​នាង ណេត ច័ន្ទ​ស៊ីថា ដែល​អះអាង​ថា​ជា​កូន​ស្រី​ច្បង​របស់​តារា​ចម្រៀង​រៀម​ច្បង​រូប​នេះ បាន​ប្រាប់​សារព័ត៌មាន​ថា កាល​នៅ​រស់​ម្ដាយ​នាង​នឹក និង​ចង់​ជួប​មុខ​ឪពុក​នាង​(ណយ វ៉ាន់ណេត)ណាស់ និង​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​នាង​ ក៏​តែង​តែ​ទូរសព្ទ​ទៅ​ឪពុក​ សុំ​អង្វរ​ឲ្យ​មក​ជួប​ម្ដាយ​មុន​ពេល​ផុត​ដង្ហើម​ផង​ដែរ​ ប៉ុន្តែ​មិន​បាន​សម្រេច។

ដូច្នោះ​ហើយ ​ក្នុងនាម​នាង​ជា​កូន​បាន​ត្រឹមតែ​យក​រូបថត​ឪពុក​ឲ្យ​ម្ដាយ​បាន​មើល ​បាន​ឱប​ និង​បង្ហូរ​ទឹកភ្នែក​រួច​គាត់​ក៏​ស្លាប់​ទៅ​ប៉ុណ្ណោះ។

បន្ត​ពី​ការ​អះអាង​របស់​កូន​ស្រី​រូប​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​លើ​លោក ណូយ វ៉ាន់ណេត ជា​ច្រើន។ ដូច្នេះ​ហើយ ទើប​អ្នក​ស្រី សោម ម៉ានី ចេញ​ប្រតិកម្ម​នា​ពេល​នេះ ក្នុង​នោះ អ្នក​ស្រី ស្នើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ទាំង​អស់​ កុំ​អាល់​ទាន់​ជឿ​តាម​សម្ដី​តែ​ម្ខាង គួរ​ណា​ដឹង​រឿង​រ៉ាវ​ពី​បុគ្គល​ទាំង​សង​ខាង​ទើប​ប្រសើរ។

អ្នក​ស្រី​បន្ត​​ដោយ សុំ​ការ​​អនុគ្រោះ​ និង​ស្នើ​ប្រិយមិត្ត​គិត​សារ​ឡើង​វិញ​ ពី​អត្តចរិត របស់​សាមី​ខ្លួន​ ថា​តើ​ពិត​ជា​មនុស្ស​បែប​ហ្នឹង​មែន​ឬ​អត់? ​​ តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី លោក ណូយ​ វ៉ាន់ណេត នឹង​ធ្វើ​ការ​ Live នៅ​ម៉ោង ៣ ថ្ងៃ​នេះនៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ដើម្បី​ឆ្លើយ​តប​ទៅលើ​បញ្ហា​នេះ​ទៀត។៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី