អាយុ​៨​ឆ្នាំ កើត​មក​អត់​ដៃ ជីវិត​សែន​ជូរ​ចត់ តែ​ខំ​រៀន​សូត្រ​រហូត​បាន​លទ្ធផល​មិន​ធម្មតា

  • 2017-03-03 06:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន ដែល​ធ្លាប់​រៀន​ភាសា​ចិន ប្រាកដ​ជា​ដឹង​ហើយ​ថា វា​មាន​ការ​លំបាក​យ៉ាង​ណា​ខ្លះ ចំពោះ​ការ​សរសេរ​អក្សរ​ចិន ហើយ​សាក​គិត​ស្រមៃ​មើល​ថា ការ​សរសេរ​អក្សរ​ចិន​ដោយ​ប្រើ​ជើង វា​រឹត​តែ​លំបាក​កម្រិត​ណា។

Jiang Tianjin

ក្មេង​ប្រុស​ជនជាតិ​ចិន អាយុ​៨​ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Jiang Tianjin មាន​ភាព​ខុស​ប្លែក​ពី​មិត្ត​រួម​ថ្នាក់ នៅ​ឯ​សាលា​បឋម​សិក្សា​មួយ ស្ថិត​ក្នុង​ស្រុក Shehong ខេត្ត Sichuan ប្រទេស​ចិន។ នៅ​ពេល​ដែល​គ្រូ ចោទ​ជា​សំនួរ​ទៅ​កាន់​កូន​សិស្ស ដើម្បី​ឲ្យ​លើក​ដៃ​ឡើង​ឆ្លើយ Jiang បាន​មិន​លើក​ដៃ​ឡើយ ដោយសារ​តែ​វាសនា​អភ័ព្វ​កើត​មក​គ្មាន​ដៃ​ទាំង​គូ​ដូច​គេ​ដូច​ឯង។

ទោះ​បី​ជា​យ៉ាង​ណា Jiang មិន​បណ្ដោយ​ឲ្យ​វាសនា​ខ្លួន​កាន់​តែ​ធ្លាក់​ដុន​ដាប​នោះ​ទេ។ Jiang គឺ​ជា​សិស្ស​ល្អ​ម្នាក់ ដែល​តែង​តែ​អង្គុយ​នៅ​តុ​ខាង​មុខ និង​ខិតខំ​រៀន​សូត្រ រហូត​ក្លាយ​ជា​សិស្ស​ពូកែ​ល្អឥតខ្ចោះ​ប្រចាំ​ថ្នាក់​រៀន។ នៅ​ពេល​ដែល​អ្នក​កាសែត បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សាលា គ្រូ​របស់ Jiang បាន​បង្អួត​ពី​លទ្ធផល​ធ្វើតេស្ត​របស់ Jiang ដោយ​រូប​គេ​ទទួល​បាន​ពិន្ទុ​ខ្ពស់ និង​ល្អឥតខ្ចោះ​ជាង​សិស្ស​ដទៃ​ទៀត​នៅ​ក្នុង​ថ្នាក់ ប្រើ​ត្រឹម​តែ​ម្រាម​ជើង និង​ខួរក្បាល​ប៉ុណ្ណោះ។

យ៉ាងណាមិញ ជីវិត​ពិត​ជា​មិន​ងាយ​ស្រួល​ឡើយ​សម្រាប់ Jiang។ នៅ​ពេល Jiang កើត​មក ម្ដាយ​របស់​គេ​បាន​ដួល​សន្លប់​ភ្លាមៗ ក្រោយ​ដឹង​ថា​រូបគេ​គ្មាន​ដៃ​ទាំង​គូ។ ខណៈ​ពេល​ម្ដាយ Jiang បាត់​បង់​ស្មារតី ក្រុម​គ្រួសារ​របស់​នាង​បាន​យក Jiang ទៅ​ឲ្យ​អ្នក​បើកបរ​តាក់ស៊ី​ម្នាក់។ ក្រោយ​ពេល​ម្តាយ Jiang ភ្ញាក់​ដឹង​ខ្លួន​វិញ នាង​បាន​ស្រែកយំ​យ៉ាង​ខ្លាំង។

ផ្ទុយទៅវិញ ជោគ​វាសនា​បាន​នាំ​យក Jiang ឲ្យ​ត្រលប់​មក​រស់​នៅ​ជាមួយ​ម្ដាយ​វិញ បន្ទាប់​ពី​អ្នក​បើកបរ​តាក់ស៊ី​ខាងលើ បាន​ដឹង​ថា Jiang គ្មាន​ដៃ ហើយ​ក៏​បោះបង់​រូប​គេ​ចោល​នៅ​តាម​ផ្លូវ តែ​ជា​សំណាង​ល្អ ត្រូវ​បាន​ប៉ូលិស​ប្រទះ​ឃើញ និង​នាំ​ត្រលប់​មក​មន្ទីរពេទ្យ​វិញ។ នៅ​ពេល​នោះ ម្ដាយ Jiang បាន​អោប​រូបគេ ហើយ​សន្យា​ថា​នឹង​មិន​បោះបង់​ចោល​កូន​ប្រុស​ម្ដង​ទៀត​ឡើយ។

បន្ទាប់​ពី​នាំ​រូប​គេ​ត្រលប់​មក​ផ្ទះ​វិញ ឪពុកម្ដាយ​របស់ Jiang បាន​ចាប់​ផ្ដើម​បណ្ដុះបណ្ដាល​រូបគេ​ឲ្យ​ប្រើ​ជើង​ជំនួស​ដៃ។ នៅទីបំផុត Jiang អាច​ប្រើ​ជើង​ជំនួស​ដៃ ហើយ​ក៏​បាន​រៀន​ពី​របៀប​សរសេរ​អក្សរ​បន្តិច​ម្តងៗ​ចាប់​ពី​ពេល​នោះ​មក៕

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង