បន្ថែម​ជុំ​វិញ​រឿង​គំនូរ​ជីវចល "Funan, the New People”

  • 2017-03-06 10:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​គំនូរ​ជីវចល​ស្ដី​ពី​ទិដ្ឋភាព​ក្នុង​របប​ខ្មែរ​ក្រហម​មាន​ចំណង​ជើង​ថា "Funan” បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​កាល​ពី​សប្ដាហ៍​មុន ដែល​ភាពយន្ត​នេះ​ផលិត​ដោយ​បុរស​វ័យ ៣២​ឆ្នាំ​កូន​ខ្មែរ កាត់​បារាំង​ម្នាក់។

Dennis Do គឺ​ជា​អ្នកដឹកនាំ​រឿង និង​និពន្ធ​រឿង​ខាង​លើ​ផ្ទាល់​ដោយ​បាន​ចាប់​ផ្ដើម​ថត​នៅ​ក្នុង​ឆ្នាំ ២០១៦ និង​គ្រោង​បញ្ចប់​ចុង​ឆ្នាំ​នេះ។ យ៉ាង​ណា ឆ្អឹង​នៃ​រឿង​បាន​កើត​តាំង​ពី​ពេល​លោក​មាន​វ័យ​ត្រឹម ៦-៧​ឆ្នាំ តាម​រយៈ​ការ​តំណាល​របស់​ម្ដាយ​លោក ដែល​បាន​ឆ្លង​កាត់​របប​អាវ​ខ្មៅ និយាយ​អំពី​ការ​បែក​បាក់​ព្រាត់​ប្រាស់​គ្នា​រវាង​ម្ដាយ និង​បង​ប្រុស​របស់​លោក​ម្នាក់។

នេះ​មិន​មែន​ជា​ភាពយន្ត​ទី​១​ទេ ដែល​បើក​បង្ហាញ​របប​ខ្មែរ​ក្រហម ជាក់​ស្ដែង​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ផលិត​ដោយ អេនជែលីណា ចូលី។ យ៉ាង​ណា បញ្ជាក់​ថា លោក​នៅ​តែ​តាំង​ចិត្ត​ធ្វើ ព្រោះ​លោក​មាន​ជំនឿ​ថា មនុស្ស​គ្រប់​ជំនាន់ ត្រូវ​តែ​ដឹង​អំពី​រឿង​ដែល​កើត​ឡើង​ពី​របប​ខ្មែរ​ក្រហម​នេះ។

យ៉ាង​ណា រឿង "Funan” មិន​មែន​និយាយ​តែ​ក្នុង​របប​ខ្មែរ​ក្រហម​ទេ ប៉ុន្តែ​សាច់​រឿង​ក្ដោប​តាំង​ពី​សម័យ​អាណាចក្រ​ភ្នំ និង​សង្កត់​ធ្ងន់​ពី​មនុស្ស​ថ្មី(មនុស្ស​សេសសល់​ពី​របប​ខ្មែរ​ក្រហម)។ រឿង​នេះ មាន​ការ​សហការ​ជួយ​ពី​ក្រុម​ផលិត​មក​ពី​ប្រទេស​៤ គឺ ប៊ែលហ្សិក លុចហ្សំបួរ បារាំង និង​កម្ពុជា។ សម្រាប់​កម្ពុជា "Funan” ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុម I Think Asia ដែល​ផ្ដុំ​ទៅ​ដោយ​យុវវ័យ​ក្មេងៗ ។

“ដំបូង​ខ្ញុំ​មិន​ដឹង​ថា សហការ​ជាមួយ​អ្នក​ណា​ទេ​នៅ​កម្ពុជា តែ​បាន​មិត្ត​រួម​ថ្នាក់​ខ្ញុំ ប៉ាទ្រីក ណែនាំ​ពី I Think Asia ហើយ​ពួក​យើង ក៏​ធ្វើ​ការ​ជាមួយ​គ្នា។ Dennis Do ថ្លែង។ ខ្សែ​ភាពយន្ត​គំនូរ​ជីវចល​មួយ​នេះ បាន​ចេញ Teaser សប្ដាហ៍​មុន ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន។ តាម​អ្នក​ដឹកនាំ​វ័យ ៣២​នេះ ភាពយន្ត​ដែល​លោក​ផលិត​លើក​ដំបូង​នេះ គ្រោង​បញ្ចប់​ចុង​ឆ្នាំ​នេះ មាន​រយៈ​ពេល​ជាង​៧០នាទី ដោយ​នឹង​ដាក់​បញ្ចាំង​នៅ​កម្ពុជា មុន​ពេល​បន្ត​ទៅ​ប្រទេស​ផ្សេង​ៗ​ទៀត៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី