បិទ​កម្មវិធី​ទាំង​បង្ខំ​ជា​កំហុស​ឆ្គង​មួយ​ដែល​អ្នក​ប្រើ iPhone តែង​ធ្វើ​

  • 2017-03-08 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​ជា​មនុស្ស​​ម្នាក់​ដែល​ជឿ​ថា​ការ​បិទ​កម្មវិធី​លើ​ iPhone ទាំង​បង្ខំ​​អាច​ជួយ​សន្សំ​សំចៃ​​ថ្ម​ឲ្យ​ប្រើ​បាន​យូរ​នេះ​ សូម​មេត្តា​ឈប់​ធ្វើ​វា​ឥឡូវ​នេះ​ហើយ​មក​អាន​ការ​ពន្យល់​ដូច​ខាង​ក្រោម៖

ជា​ដំបូង​ត្រូវ​យល់​ឲ្យ​ច្បាស់​សិន​ថា​ ការ​បិទ​កម្មវិធី​គឺ​ធ្វើ​ឡើង​ដោយ​ចុច​ប៊ូតុង​ Home ម្ដង​ ​ហើយ​​ការ​បិទ​ទាំង​បង្ខំ​គឺ​​ធ្វើ​ឡើង​ដោយ​ចុច​ប៊ូតុង​ Home ពីរ​ដង​រួច​អូស​​កម្មវិធី​ដែល​ចង់​បិទ​ឡើង​ទៅ​លើ។ ភាគ​ច្រើន​អ្នក​ប្រើ​ iPhone ជឿ​ថា​ការ​បិទ​​កម្មវិធី​ទាំង​បង្ខំ​ជួយ​សន្សំ​សំចៃ​ថ្ម​ទូរសព្ទ។

​តាម​ពិត​ទៅ​ពេល​ដែល​អ្នក​បិទ​កម្មវិធី​ដោយ​ចុច​ប៊ូតុង​ Home ​ម្ដង​ កម្មវិធី​ឈប់​ប្រើ​ CPU ទៀត​ហើយ​ ។ ពេល​ចុច​ប៊ូតុង​ Home ភ្លាម​គឺ​កម្មវិធី​លែង​ដំណើរ​ការ​ ដោយ​វា​ស្ថិត​ក្នុង​ស្ថានភាព​​ផ្អាក​ដំណើរ​ការ​ដោយ​មិន​ប្រើ​ប្រាស់​ថាមពល​ថ្ម​ឡើយ ប៉ុន្តែ​កម្មវិធី​ត្រូវ​រក្សា​ទុក​ក្នុង​មេមូរី​ដើម្បី​​អាច​ឲ្យ​អ្នក​ចូល​ទៅ​កាន់​ទីតាំង​ដើម​នៅ​ពេល​បើក​កម្មវិធី​សារ​ឡើង​វិញ។

ពេល​ដែល​អ្នក​បិទ​កម្មវិធី​​ណា​មួយ​​​ទាំង​បង្ខំ វា​នឹង​ធ្វើ​ឲ្យ​កម្មវិធី​នោះ​​ប្រើ​មេមូរី​ច្រើន ដែល​នេះ​អាច​ផ្ដល់​ផល​ប៉ះពាល់​តិច​តួច​ដល់​ថាមពល​ថ្ម។ នៅ​ពេល​អ្នក​បើក​កម្មវិធី​​នោះ​​ពេល​ក្រោយ​ ប្រព័ន្ធ​ប្រតិបត្តិការ​​នឹង​​ធ្វើ​ដំណើរ​ការ​​ដើម្បី​​បញ្ចូល​កម្មវិធី​នោះ​ក្នុង​មេមូរី​វិញ ដែល​​ធ្វើ​ដូច​​នេះ​ត្រូវ​ចំណាយ​ថាមពល​ថ្ម​​បន្ថែម​ទៀត។ តាម​រយៈ​ការ​បិទ​កម្មវិធី​ទាំង​បង្ខំ​ រួច​ក៏​បើក​វា​ឡើង​វិញ​ភ្លាម​ ​គឺ​ចំណាយ​ថាមពល​ច្រើន​ទ្វេ​ដង។

​បញ្ជាក់​ដដែល​ថា​ពេល​ដែល​អ្នក​ចុច​ប៊ូតុង​ Home ម្ដង​ដើម្បី​បិទ​កម្មវិធី​ណា​មួយ កម្មវិធី​នោះ​នឹង​ស្ថិត​ក្នុង​ស្ថានភាព​​ផ្អាក​ដំណើរ​ការ​ដោយ​មិន​ប្រើ​ប្រាក់​ CPU ហើយ​ទោះ​បី​ជា​វា​ត្រូវ​រក្សា​ទុក​ក្នុង​មេមូរី​ ក៏​វា​មិន​បាន​ប្រើ​ប្រាស់​ថាមពល​ថ្ម​​សូម្បី​បន្តិច។

យ៉ាងណាក្ដី​​ការ​បក​ស្រាយ​ខាង​លើ​មិន​មែន​ ហាម​មិន​ឲ្យ​បិទ​កម្មវិធី​ទាំង​បង្ខំ​នោះ​ទេ​ប៉ុន្តែ​គួរ​ធ្វើ​វា​នៅ​ពេល​ណា​ដែល​កម្មវិធី​គាំង ឬ មាន​ដំណើរ​ការ​ខុស​ប្រក្រតី​ប៉ុណ្ណោះ៕​​​​​​

ប្រភព៖ iDownloadBlog   ប្រែ​សម្រួល៖ សុខហេង