ជីវប្រវត្តិ​ខ្លះ​ៗ​របស់​តួ​ស្រី​ក្នុង​រឿង​ "ប្រពន្ធ​ពស់​" ដែល​អ្នក​មិនធ្លាប់​ដឹង

  • 2017-03-10 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត​ភាគ​ឥណ្ឌា​រឿង​ "Naagin" ដែល​ប្រជាជន​ខ្មែរ​ ស្គាល់​ថា​ជា​រឿង​ "ប្រពន្ធ​ពស់"កំពុង​ទទួល​បាន​ការ​ទស្សនា​ច្រើន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយសារ​សាច់រឿង​នេះ​សម្បូរ​ទៅ​ដោយ​ឈុត​ឆាក​អភិនីហារ​ ធ្វើ​ឲ្យ​ទស្សនិកជន​ ចង់​តាម​ដាន​ពី​មួយ​ភាគ​ ទៅ​មួយ​ភាគ​។

ភាពយន្ត​ដែល​ផលិត​ កាល​ពី​ឆ្នាំ​ ២០១៥​មួយ​នេះ​ ត្រូវ​បាន​ចាក់​ផ្សាយ​ជូន​ទស្សនា​នៅ​ប្រទេស​ឥណ្ឌា​ លើ​កញ្ចក់​ទូរទស្សន៍​ "Colors TV” ។ រឿង​នេះ​មាន​ការ​ចូលរួម​សម្ដែង​ពី​សំណាក់​ តារា​សម្ដែង​ល្បី​ៗ​ជា​ច្រើន​រូប​ រួមមាន​៖ នាង​ Mouni Roy, លោក​ Arjun Bijlani នាង​ Adaa Khan និង​អ្នកស្រី​ Sudha Chandran ព្រម​ជាមួយ​តារា​សម្ដែង​ចាស់​ក្មេង​ជាច្រើន​រូប​ទៀត​។

នៅ​ក្នុង​រឿង​នេះ​ ទស្សនិកជន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​តួ​ឯក​ស្រី​ ដែល​សម្ដែង​ជា​ពស់​ ដោយសារ​សម្រស់​ដ៏​ស្រស់​ស្អាត​ និង​ទេពកោសល្យ​សម្ដែង​ ទាំង​ស្លូត​ និង​កាច​គឺ​នាង​បាន​បង្ហាញ​យ៉ាង​ស័ក្ដិសម​។

Mouni Roy ជា​ឈ្មោះ​ពិត​របស់​តួ​ស្រី​ ស៊ី​វ៉ាន់​យ៉ា​ (Shivanya) កើត​នៅ​ថ្ងៃ​ ២៨​ ខែ​កញ្ញា​ ឆ្នាំ​ ១៩៨៥​ នៅ​រដ្ឋ​ West Bengal ប្រទេស​ឥណ្ឌា​។ ក្រៅ​ពី​តារា​សម្ដែង​ នាង​ក៏​ជា​តារា​បង្ហាញ​ម៉ូដ​ម្នាក់​ផង​ដែរ​។

នាង​ប្រឡូក​ក្នុង​អាជីព​សម្ដែង​ កាល​ពី​ឆ្នាំ​ ២០០៧ ក្នុង​រឿង​ "Kyunki Saas Bhi Kabhi Bahu Thi” របស់​អ្នក​ដឹក​នាំ​រឿង​ Ekta Kapoor ហើយ​ក៏​បាន​ថត​រឿង​ជា​ច្រើន​ ជា​បន្តបន្ទាប់​ចាប់​ពី​ពេល​នោះ​ផង​ដែរ​។

ដោយ​ឡែក​នៅ​ក្នុង​ឆ្នាំ​ ២០១៤​ នាង​បាន​ចូលរួម​ក្នុង​កម្មវិធី​រាំ​ “Jhalak Dikhhla Jaa” របស់​ទូរទស្សន៍​ Colors នៅ​រដូវ​កាល​ទី​ ១៧​ ជាមួយ​តារា​សម្ដែង​ Punit Pathak។

នៅ​ក្នុង​ឆ្នាំ​ ២០១៥​ នាង​ក៏​បាន​ចាប់​ផ្ដើម​សហការ​ជាមួយ​ផលិតករ​ Ekta Kapoor សារ​ជា​ថ្មី​ក្នុង​រឿង​ "ប្រពន្ធ​ពស់" ដែល​កាន់​តែ​ធ្វើ​ឲ្យ​នាង​ រឹត​តែ​ទទួល​បាន​ភាព​ល្បីល្បាញ​តាម​រយៈ​ទេពកោសល្យ​របស់​នាង​មិន​ត្រឹម​តែ​នៅ​ប្រទេស​ឥណ្ឌា​ប៉ុណ្ណោះ​ទេ​៕

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ យី សុធារី