ភាពយន្តគំនូរជីវចល "Funan” មានកម្រិតចំណាយរាប់លានដុល្លារអាមេរិក
- 2017-03-15 07:05:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តគំនូរជីវចល "Funan” មានកម្រិតចំណាយរាប់លានដុល្លារអាមេរិក
ចន្លោះមិនឃើញ
ថ្វីត្បិតតែជាភាពយន្តគំនូរជីវចលក៏ពិតមែន ប៉ុន្តែរឿង "Funan, the New People” បានចំណាយច្រើនណាស់ចាប់តាំងពីថ្ងៃផ្ដើមផលិតមក។
តាមលោក Denis Do ដែលជាអ្នកនិពន្ធ និងដឹករឿងខាងលើ គឺភាពយន្តដែលឆ្លុះបញ្ចាំងពីរបបខ្មែរមួយនេះ បានចំណាយប្រមាណ ៥លានដុល្លារអាមេរិកហើយ ព្រោះថាភាពយន្តជាគំនូរជីវចល ធម្មតា មានការចំណាយខ្ពស់ជាងភាពយន្តសម្ដែងដោយមនុស្សពិតៗឆ្ងាយស្រាប់ហើយ។
យ៉ាងនេះក្ដី បុរសកូនកាត់បារាំង-ខ្មែររូបនេះ បញ្ជាក់ថា កម្រិតចំណាយខាងលើ មិនមែនជាទុនរបស់លោកតែម្នាក់ទេ ប៉ុន្តែជាការចូលរួមរបស់ក្រុមផលិតទាំងអស់ តាមការចូលមកពាក់ព័ន្ធរៀងខ្លួន។ “អឹម...តាំងពីផលិតមក អស់ប្រហែលជា ៥លានដុល្លារ តែមិនមែនជាចំនួនលុយសុទ្ធទេ តែជាការរួមចំណែករបស់ក្រុមការងារទាំងអស់ ដែលចូលជួយជាសម្ភារៈបច្ចេកទេសជាដើម ដែលសរុបទៅគឺអស់ប្រហែលប៉ុណ្ណឹង"។
ក្រុមផលិតដែលចូលរួមជួយ "Funan, the New People” ឲ្យចេញជារូបរាងឡើងមានចំនួន៤ប្រទេសគឺ មានក្រុមប្រទេស ប៊ែលហ្សិក លុចហ្សំបួរ បារាំង និងកម្ពុជា។ សម្រាប់កម្ពុជា "Funan” ចាប់ដៃគូសហការជាមួយក្រុម I Think Asia ដែលផ្ដុំទៅដោយយុវវ័យក្មេងៗកម្ពុជាមួយក្រុម។ រឿងនេះ បានចេញ Teaser ពីដើមខែ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន។
តាមគម្រោង ភាពយន្តដកស្រង់ពីបទពិសោធន៍ជីវិតពិតរបស់គ្រួសារអ្នកនិពន្ធ ដែលបានជួបរឿងព្រាត់ប្រាស់គ្នា ក្នុងរបបខ្មែរក្រហមនេះ នឹងបញ្ចប់ផលិតកម្មនៅរង្វង់ចុងឆ្នាំនេះ ដើម្បីដាក់បញ្ចាំងជូនប្រិយមិត្តក្នុងស្រុកបានទស្សនា មុនយកទៅបញ្ចាំងនៅប្រទេសផ្សេងៗទៀត។
ប្រសិនបើអ្វីៗដើរតាមគម្រោង "Funan, the New People” នឹងក្លាយជាភាពយន្តទី២ក្នុងឆ្នាំ ២០១៧ ដែលនិយាយរបបខ្មែរក្រហម និងផលិតដោយផលិតករបរទេស បន្ទាប់ពីរឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ផលិតដោយតារាហូលីវូដ អេនជាលីណា ចូលី ដែលទើបចាក់បញ្ចាំងចប់ថ្មីៗនៅសៀមរាប ភ្នំពេញ និងបាត់ដំបង។
អ្នកនិពន្ធទទួលស្គាល់ថា នេះមិនមែនជារសជាតិថ្មីសម្រាប់ភាពយន្ត ក្នុងការលើកយកទិដ្ឋភាពខ្លោចផ្សាក្នុងរបប៣ឆ្នាំ ៨ខែ និង២០ មកបង្ហាញជូន។ ប៉ុន្តែលោកថា វានៅតែជាភាពចាំបាច់សម្រាប់មនុស្សគ្រប់ជំនាន់ ត្រូវដឹង និងចងចាំ ពីការឈឺចាប់ និរាសព្រាត់ប្រាស់ដែលកើតមានក្នុងបនប្រល័យពូជសាសន៍ ដែលមិនគួរកើតមានទៀតលើផែនដីនេះ ទោះនៅកន្លែងណាក៏ដោយ ហើយនោះជាហេតុផលដែលលោកបានចិញ្ចឹមចិត្តតាំងពីលោកនៅមានវ័យត្រឹម ៦-៧ឆ្នាំ ក្រោយស្ដាប់ការនិទានរបស់ម្ដាយ ថាលោកនឹងធ្វើវានៅថ្ងៃណាមួយឲ្យបាន៕