មនុស្ស​៦​នាក់​ ដាក់​ពាក្យ​ឲ្យ​វះកាត់​ប្ដូរ​ក្បាល​នៅ​វៀតណាម

  • 2017-03-16 04:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​បច្ចេកវិទ្យា​វះកាត់​ប្ដូរ​ក្បាល​កំពុង​​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ជុំវិញ​ពិភព​លោក ពិសេស​តាម​ប្រទេស​អភិវឌ្ឍ​ធំ​ៗ​ដោយ​កំពុង​សិក្សា​ពិសោធន៍​លើក​ចុង​ក្រោយ​ មុន​សម្រេច​វះកាត់។

​ចំណែក​ក្រុម​វេជ្ជបណ្ឌិត​ប្រទេស​វៀតណាម​ក៏​កំពុង​ឈាន​ទៅ​រក​វិធី​ខាង​លើ​ដែរ ព្រោះ​មនុស្ស​ជា​ច្រើន​កំពុង​ត្រូវ​ការ។ លោក Pham Sy Long អាយុ ២៨​ឆ្នាំ​រស់​នៅ​ខេត្ត​ហាទិញ ​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​ចុះ​ឈ្មោះ​ឲ្យ​វះ​កាត់​ប្ដូរ​ក្បាល​ដាក់​ខ្លួន​​អ្នក​ដទៃ។

លោក Long ធ្លាក់​ខ្លួន​ពិការ​បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​របួស​ខួរ​ឆ្អឹង​ខ្នង​ក្នុង​ឆ្នាំ ២០០៣​។ ពេល​នោះ​​គាត់​មាន​អាយុ ១៥​ឆ្នាំ និង​​ជា​សិស្ស​រៀន​ថ្នាក់​ទី​៩។ មជ្ឈមណ្ឌល​សម្របសម្រួល​ជាតិ​សម្រាប់​ការ​វះកាត់​ប្ដូរ​សរីរាង្គ​មនុស្ស​​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​វៀតណាម-អាល្លឺម៉ង់ បាន​អះអាង​ថា​ ​ក្រៅ​ពី Long ​មជ្ឈមណ្ឌល​បាន​ទទួល​ពាក្យ​ចុះ​ឈ្មោះ​វះកាត់​ប្ដូរ​​ក្បាល​ពី​មនុស្ស​​​ចំនួន ៥​នាក់​ផ្សេង​ទៀត។

ទោះ​យ៉ាងណា​ មជ្ឈមណ្ឌល​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​មិន​ទាន់​ច្បាស់​ថា​​អ្នក​ជំងឺ​ដំបូង​គេ​នឹង​អាច​វះកាត់​​ប្ដូរ​ក្បាល​ពេល​ណា​ទេ ​ព្រោះ​ក្រុម​គ្រូពេទ្យ​កំពុង​សិក្សា​បច្ចេកទេស​ប្ដូរ ហើយ​ក៏​មិន​ទាន់​ទទួល​បាន​​ការ​បរិច្ចាគ​រាងកាយ​ដែរ។

លោក Cao Tien Sy ប្រធាន​ផ្នែក​ច្បាប់​ថ្លែង​ថា មជ្ឈមណ្ឌល​ស្វាគមន៍​មនុស្ស​ដូច Long ​ប៉ុន្តែ​ហានិភ័យ​​នឹង​​ត្រូវ​ពន្យល់។ ឯ Long ​ថា​ខ្លួន​ហ៊ាន​លះបង់​ជីវិត​ឲ្យ​ទៅ​មជ្ឈមណ្ឌល និង​ទទួល​យក​ហានិភ័យ​នានា។ លោក​វេជ្ជបណ្ឌិត Trinh Song Son ប្រធាន​មជ្ឈមណ្ឌល​ខាង​លើ​ បាន​ពិភាក្សា​គម្រោង​​ប្ដូរ​ក្បាល​ដែល​បង្កើត​ឡើង​​ដោយ​អ្នក​វិទ្យាសាស្ត្រ​អ៊ីតាលី​មួយ​រូប។

ប្រសិន​បើ​វា​ជោគជ័យ វៀតណាម​នឹង​បញ្ជូន​បុគ្គលិក​ទៅ​បណ្ដុះ​បណ្ដាល​រៀន​សូត្រ​ពី​បច្ចេកទេស ឬ​អាច​អញ្ជើញ​ក្រុម​វះកាត់​មក​វះកាត់​នៅ​វៀតណាម​តែម្ដង។ តែ​យ៉ាងណា​គេ​មិនទាន់​ដឹង​ថា​វា​អាច​ទៅ​រួច ​ឬ​យ៉ាងណា​ទេ៕

ប្រភព៖ Vietnamnet   ប្រែ​សម្រួល៖ ឡេង ភារុណ