ឪពុកក្រីក្រខំត្រដរទិញមាន់បំពងឲ្យកូន ទាំងខ្លួនបានត្រឹមសម្លឹងលេបទឹកមាត់
- 2017-03-17 04:01:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកក្រីក្រខំត្រដរទិញមាន់បំពងឲ្យកូន ទាំងខ្លួនបានត្រឹមសម្លឹងលេបទឹកមាត់
ចន្លោះមិនឃើញ
បុរសសញ្ជាតិហ្វីលីពីនម្នាក់បានធ្វើឲ្យមនុស្សជាច្រើនក្នុងប្រទេសរំជួលចិត្តដោយអាណិត ពេលគេឃើញលោកចំណាយប្រាក់ខំសន្សំទិញមាន់បំពងក្នុងហាងល្បីឲ្យកូនស្រី ២នាក់ តែមិនបានទិញសម្រាប់ខ្លួនឯង។
បើតាមប្រភពសារព័ត៌មានហ្វីលីពីន ABS បញ្ជាក់ថា បុរសរូបនេះមានឈ្មោះ Ryan Arebuabo អាយុ ៣៨ឆ្នាំ មានជំងឺដាច់សរសៃខួរក្បាល និងរស់នៅតំបន់ក្រីក្រមួយក្នុងសង្កាត់ Tondo ទីក្រុងម៉ានីល ជាមួយកូនស្រី២នាក់ អាយុ ៦ និង៨ឆ្នាំ។ ពួកគេរស់នៅក្នុងផ្ទះឈើចាស់ទំហំ ៤ម៉ែត្រការ៉េ ជញ្ជាំងផ្ទះផ្គុំដោយបន្ទះក្ដារចាស់ៗ និងប្រកបរបរលក់ឥវ៉ាន់មួយរទះ។
គាត់បាននាំកូនស្រីទាំង២នាក់ ទៅញ៉ាំអីក្នុងភោជនីយដ្ឋានល្បីឈ្មោះមួយក្នុងទីក្រុង ដើម្បីជាការអបអរកូនស្រីអាយុ ៦ឆ្នាំ កុមារី Rose May រៀនចប់ថ្នាក់មតេ្តយ្យ។ អំឡុងពេលកូនស្រីទាំងពីរនាក់កំពុងញ៉ាំមាន់បំពងយ៉ាងឆ្ងាញ់ អ្នកអង្គុយញ៉ាំក្បែរនោះបានឃើញឪពុកក្មេងស្រី សម្លឹងមើលអាហាររបស់កូនទាំងទឹកមុខកម្សត់ហត់ហេវ តែមិនមានអាហារសម្រាប់ខ្លួនទេ។
ប្រភពខាងលើបង្ហើបឲ្យដឹងថា Arebuabo បានពិការផ្នែកខ្លះនៃរាងកាយ និងមិនអាចនិយាយបានល្អទេ បន្ទាប់ពីកើតជំងឺដាច់សរសៃខួរក្បាល ៤ឆ្នាំកន្លងទៅ។ គាត់មិនអាចធ្វើការបានច្រើនទេ តែគាត់ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជីវភាពនានា ក្រោយប្រពន្ធចាកចេញបន្សល់ទុកកូនស្រី ២នាក់។
ហេតុតែស្រលាញ់ប្រពន្ធ គាត់បានខិតខំកែច្នៃផ្ទះឡើងវិញ និងទិញទូរទស្សន៍មួយគ្រឿង ប៉ុន្តែនៅមិនអាចអន្ទងចិត្តប្រពន្ធឲ្យត្រលប់មកវិញបានឡើយ។
រូបថតមួយសន្លឹកខាងលើ ត្រូវបានអ្នកប្រើប្រាស់អ៊ីនធឺណិតហៅគាត់ថា ជាឪពុកស្រលាញ់កូនមិនគិតខ្លួនឯង។ គាត់ប្រាប់ថា ខ្លួនធ្វើនេះព្រោះចង់បង្ហាញភាពជាឪពុកល្អ និងលើកទឹកចិត្តកូនឲ្យសម្រេចក្ដីស្រមៃពួកគេ ដើម្បីចាកចេញពីភាពក្រីក្រដូចសព្វថ្ងៃ៕