ថ្លៃបណ្ណាការ មានកំណត់តាមក្បួនហុងស៊ុយ បើខុសលេខអាចរកស៊ីមិនឡើង
- 2017-03-20 03:35:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្លៃបណ្ណាការ មានកំណត់តាមក្បួនហុងស៊ុយ បើខុសលេខអាចរកស៊ីមិនឡើង
ចន្លោះមិនឃើញ
ជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនខ្មែរ នៅពេលចូលស្ដីដណ្ដឹងកូនក្រមុំគេ ខាងស្រីតែងបង្គាប់ថ្លៃបណ្ណាការ ឬថ្លៃទឹកដោះ ដើម្បីយកលុយនោះទៅប្រើប្រាស់ក្នុងពិធីមង្គលការកូនប្រុស កូនស្រី។ ប៉ុន្តែបើតាមក្បួនហុងស៊ុយចិន ការកំណត់ថ្លៃបណ្ណាការមិនមែនចេះតែកំណត់នោះទេ ត្រូវមានក្បួនហុងស៊ុយច្បាស់លាស់ ទើបក្រោយរៀបការរួចប្ដីប្រពន្ធរស់នៅបានសុខ រកស៊ីមានបាន។
តាមការឱ្យដឹងពីលោកតា ស៊ុយ ទ្រី ដែលដឹងក្បួនខ្នាតច្បាស់ បានប្រាប់ថា តាមប្រពៃណីរបស់ចិន ឬក្បួនហុងស៊ុយរបស់ចិន ថ្លៃបណ្ណាការកូនក្រមុំ ដើម្បីបង្គាប់ទៅខាងប្រុសមិនត្រូវកំណត់ចំនួនលុយគត់ ឬចំនួនគូនោះទេ ព្រោះគេគិតថាជាលេខមិនល្អ រៀបការហើយអាចរកស៊ីមិនឡើង។ បើតាមការអះអាងរបស់ លោកតា ស៊ុយ ទ្រី តាមក្បួនហុងស៊ុយចំនួនលុយដែលជាថ្លៃបណ្ណាការត្រូវមានកន្ទុយដូចជា លេខ ៧ លេខ៩ លេខ៥ជាដើម។ ឧទាហរណ៍ថា ប្រសិនបើបង្គាប់ថ្លៃបណ្ណាការ ៥ពាន់ដុល្លារមិនត្រូវបង្គាប់៥ពាន់គត់ទេ គឺ ៥ពាន់និង ៧០០ដុល្លារទើបជាចំនួនល្អ។
លោកតា ស៊ុយ ទ្រី ប្រាប់ថា មូលហេតុបានជាត្រូវកំណត់ថ្លៃបណ្ណាការបែបនេះ ព្រោះតាមក្បួនតម្រាចិន លេខគត់ ឬគូនេះ ជាលេខកំណត់ជោគវាសនាមិនល្អចំពោះប្ដីប្រពន្ធ ក្រោយរៀបការរួចបើមានអ្វី គឺមានតែប៉ុណ្ណឹងមិនរីកចម្រើនទៅមុខទៀត។ ដូច្នេះហើយថ្លៃបណ្ណាការត្រូវមានកន្ទុយ ដើម្បីជាតំណាងជោគវាសនាល្អ ជាលេខបើកផ្លូវ ចង់រកស៊ីធ្វើការអ្វីក៏ជោគជ័យ ហើយប្ដីប្រពន្ធរស់នៅមានសុភមង្គល។
បន្ថែមលើពីនេះទៀត លុយថ្លៃបណ្ណាការនេះបើអ្នកមានលទ្ធភាព គេមិនយកប្រើប្រាស់ក្នុងពិធីមង្គលការទេ គឺគេទុកឱ្យកូនៗជាចំណងដៃ ម្យ៉ាងវិញទៀតលុយថ្លៃបណ្ណាការនេះគេចាត់ទុកថា ជាលុយនាំសំណាងដល់ប្ដីប្រពន្ធថ្មី។ លោកតា ស៊ុយ ទ្រី បន្ថែមទៀតថា បើយកលុយនេះទៅប្រើក្នុងពិធីមង្គលការក៏ប្រើទៅចុះ តែកុំឱ្យអស់ពេក គួរទុកលុយថ្លៃបណ្ណាការនេះឱ្យកូនខ្លះនាំសំណាង និងដើម្បីជាចំណងដៃឱ្យកូនទាំងពីរ៕