គ្រូ​បង្រៀន​កាណាដា ឈ្នះ​រង្វាន់​១​លាន​ដុល្លារ ក្រោយ​តស៊ូ​៦​ឆ្នាំ ធ្វើ​ការងារ​ដ៏​ភ្ញាក់ផ្អើល​មួយ

  • 2017-03-20 08:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្រៀន​ស្រី​ម្នាក់ បាន​ទទួល​រង្វាន់​ជា​ទឹក​ប្រាក់ រហូត​ដល់​ទៅ ១​លាន​ដុល្លារ សម្រាប់​ការងារ​ដ៏​អស្ចារ្យ​របស់​នាង ដែល​ជួយ​កាត់​បន្ថយ​អត្រា​នៃ​ការ​ធ្វើ​អត្តឃាត​របស់​មនុស្ស​វ័យ​ជំទង់ នៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច ស្ថិត​ក្នុង​តំបន់​អាកទិច​កាណាដា ដ៏​ដាច់​ស្រយាល​មួយ ។

អ្នកស្រី Maggie MacDonnell (កណ្តាល)

អ្នកស្រី Maggie MacDonnell ដែល​ជា​គ្រូ​បង្រៀន​នៅ​ឯ​សាលា Ikusik School នៃ​សហគមន៍ Salluit របស់​ជនជាតិ​ភាគតិច Inuit ស្ថិត​ក្នុង​ទីក្រុង Quebec ប្រទេស​កាណាដា បាន​ទទួល​ការ​កោត​សរសើរ សម្រាប់​សមិទ្ធផល​របស់​នាង​នៅ​ក្នុង​សហគមន៍ ដែល​សម្បូរ​ទៅ​ដោយ​លក្ខខណ្ឌ​អាក្រក់ និង​ឧបសគ្គ​ជាច្រើន​នៅ​ក្នុង​វិស័យ​អប់រំ។

Salluit ដែល​ជា​តំបន់​មួយ មាន​ជនជាតិ​ភាគ​តិច​រស់​នៅ មិនដល់ ១ ០០០​នាក់​នោះ មាន​ភាព​ខ្វះខាត​ខ្លាំង ថែម​ទាំង​ដាច់​ស្រយាល រីឯ​ធនធាន​ក៏​មាន​កំណត់ ហើយ​មាន​អត្រា​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​សម្លាប់​ខ្លួន ខ្ពស់​ខ្លាំង​ទៀត​ផង។ សីតុណ្ហភាព​នៅ​ទីនោះ ត្រជាក់​ខ្លាំង​រហូត​ដល់ -២៥​អង្សាសេ ហើយ​សាលារៀន​អាច​ចូល​ទៅ​បាន លុះ​ត្រា​តែ​ជិះ​យន្តហោះ។

ទទួល​យក​រង្វាន់​ពី​មូលនិធិ​សកល «Varkey Foundation Global Teacher Prize» ដែល​ត្រូវ​បាន​ប្រកាស​តាម​រយៈ​ស្ថានីយ «International Space Station» អ្នកស្រី MacDonnell បាន​និយាយ​ថា «ខ្ញុំ​បាន​ឃើញ ការ​ធ្វើ​អត្តឃាត​ចំនួន ១០​លើក ក្នុង​រយៈពេល​ត្រឹមតែ​ជាង​២​ឆ្នាំ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នកស្រី MacDonnell បាន​តស៊ូ​អស់​រយៈពេល ៦ឆ្នាំ នៅ​ក្នុង​សហគមន៍​ដាច់​ស្រយាល​ខាងលើ ដោយ​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​សិស្ស និង​សហគមន៍​នោះ ឲ្យ​ប្រែ​ទៅ​ជា​ប្រសើរ​ឡើង​វិញ។ អ្នកស្រី MacDonnell ស្ថិត​ក្នុង​ចំណោម​បេក្ខភាព​ចុងក្រោយ ចំនួន​១០​រូប ដែល​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី បេក្ខភាព​ចំនួន ២០ ០០០​នាក់ មក​ពី​បណ្ដា​ប្រទេស ចំនួន​១៧៩៕

ប្រភព៖ theguardian | Independent   ប្រែ​សម្រួល៖ សេង ឡុង