ធ្វើ​ការ​បាន​ប្រាក់​ខែ​​ត្រឹម៨០​ដុល្លារ​ បែក​គំនិត​ទៅ​បើក​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​មាន​ចំណូល​​​​ខ្ទង់​ពាន់​ដុល្លារ​
  • 2017-03-21 04:56:10
  • ចំនួនមតិ

ចន្លោះមិនឃើញ

ដោយ​សារ​ធ្វើ​​ការ​ទទួល​បាន​ប្រាក់​ខែ​តិច​ពេក​​គឺ​ត្រឹម​តែ​៨០​ដុល្លារ​ក្នុង​មួយ​ខែ​ លោក​ ញឿក​ ភារុម្យ​​ ក៏​​មាន​គំនិត​មួយ​ក្នុង​ការ​ស្វែង​រក​មុខ​របរ​​ដទៃ​ដើម្បី​មាន​ចំណូល​បន្ថែម​។​ ​បុរស​វ័យ​២៧​ឆ្នាំ​រូប​នេះ​​​​​បាន​ចាប់​អារម្មណ៍​លើ​ការ​បើក​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​​មួយ​កន្លែង​​ដោយ​ខ្លួន​ឯង​ ហើយ​អាជីវកម្ម​មួយ​នេះ​បាន​ក្លាយ​ជា​ប្រភព​​ចំណូល​ដ៏​សំខាន់​សម្រាប់​រូប​លោក​ ដោយ​​មាន​ចំណូល​​​ខ្ទង់​ពាន់​ដុល្លារ​​ទៀត​ផង​ក្នុង​មួយ​ខែ​ៗ​​។

អ្នក​ខេត្ត​តាកែវ​រូប​នេះ​​បាន​​រៀប​រាប់​ថា​​ ដំបូង​ឡើយ​លោក​​រៀន​នៅ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ​ ផ្នែក​​អក្សរសាស្ត្រ​អង់គ្លេស​​ ​ហើយ​ឆ្លៀត​ពេល​​ធ្វើ​ការ​បាន​ប្រាក់​ខែ​តែ​៨០​ដុល្លារ​តែ​ប៉ុណ្ណោះ​។​ ​ថ្ងៃ​មួយ​ដោយ​សារ​តែ​លោក​បាន​ឃើញ​វីដេអូ​មួយ​តាម​អ៊ីន​ធើ​ណេត​ ​ដែល​បង្ហាញ​ពី​​​​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​ ពេល​នោះ​លោក​បាន​​ចាប់​អារម្មណ៍​នឹង​វា​ជា​ខ្លាំង​។​​ ​បន្ទាប់​មក​លោក​ក៏​​ទៅ​រៀន​សូត្រ​បច្ចេកទេស​បន្ថែម​ទៀត​នៅ​ប្រទេស​ថៃ​ និង វៀតណាម​ ព្រម​ទាំង​​បាន​នាំ​​យក​ពូជ​ចង្រិត​ដែល​ល្អ​​មក​ពី​ប្រទេស​ថៃ​ដើម្បី​មក​ចិញ្ចឹម​សាក​ល្បង​ទៀត​ផង​។​

ចំពោះ​ការ​​បើក​កសិដ្ឋាន​នេះ​វិញ​ គឺ​ដំបូង​ឡើយ​ លោក​មាន​ដើម​ទុន​ត្រឹម​មួយ​ពាន់​ដុល្លារ​តែ​ប៉ុណ្ណោះ​ សម្រាប់​សាង​សង់​រោង​ និង អាង​នៅ​លើ​ដី​មួយ​កន្លែង​ឯ​ស្រុក​កំណើត​​​។​ លោក​បន្ត​ថា​ រយៈ​ពេល​៣​ខែ​ដំបូង​ លោក​ត្រូវ​ខាត​បង់​ដោយ​សារ​អាជីវកម្ម​មួយ​នេះ​ព្រោះ​តែ​លោក​នៅ​ខ្វះ​បទពិសោធន៍​ថែទាំ​អោយ​សត្វ​ចង្រិត​មាន​សុខ​ភាព​ល្អ​​។​ លោក​បាន​​ពន្យល់​​ថា​ ជា​ធម្មតា​​សត្វ​ចង្រិត​ងាយ​នឹង​ឆ្លង​ជំងឺ​ងាប់​ត​​ៗ​គ្នា​ណាស់​ ប្រសិន​បើ​ពុំ​មាន​ការ​ថែទាំ​ដិត​ដល់​នោះ​ទេ​​។​ ​ទោះ​បី​​ជា​យ៉ាង​នេះ​ក្ដី​ លោក​មិន​បាន​បោះ​បង់​​មុខ​របរ​នេះ​ឡើយ​​ ដោយ​លោក​បាន​ខិត​ខំ​តស៊ូ​​ក្នុង​ការ​​ស្រាវ​ជ្រាវ​ពី​​បច្ចេកទេស​ថែទាំ និង ព្យាបាល​ជំងឺ​​​សម្រាប់​សត្វ​ចង្រិត​រហូត​ទទួល​បាន​ជោគជ័យ​។​

​​ម្ចាស់​កសិដ្ឋាន​វ័យ​ក្មេង​រូប​នេះ​បាន​បន្ត​ថា​ អាជីវកម្ម​របស់​លោក​ក៏​ចាប់​ផ្ដើម​​ទទួល​បាន​ចំណូល​កើន​ឡើង​បន្តិច​ម្ដង​ៗ​ចាប់​ពី​ខែ​ទី​៤​នៃ​ការ​ចិញ្ចឹម​​ ​​ហើយ​រហូត​​មក​ទល់​សព្វ​ថ្ងៃ​​គឺ​មាន​រយៈ​ពេល​​ជាង​៦​ឆ្នាំ​​ហើយ​។​ បច្ចុប្បន្ន​កសិដ្ឋាន​របស់​លោក​ផ្ទាល់​​អាច​​ទទួល​ផល​​ចង្រិត​​​ប្រមាណ​១​តោន​​ក្នុង​រយៈ​ពេល​៤៥​ថ្ងៃ​។​ លើស​ពី​នេះ​ទៀត​​ លោក​បាន​បើក​ថ្នាក់​​បង្រៀន​បច្ចេកទេស​នេះ​ទៅ​កាន់​កសិករ​ដទៃ​ទៀត​ត្រឹម​ក្នុង​តម្លៃ​ ២៥​ ដុល្លារ​តែ​ប៉ុណ្ណោះ​។ ​

ដោយ​សារ​សំទុះ​នៃ​តម្រូវ​ការ​ទី​ផ្សារ​សម្រាប់​ចង្រិត​បំពង​ ​បាន​ជំរុញ​អោយ​លោក​​​សហការ​ជាមួយ​កសិដ្ឋាន​ដែល​ជា​ដៃ​គូរ​ជា​ច្រើន​ទៀត​នៅ​ខេត្ត​តាកែវ​ ​​ដើម្បី​ទទួល​ទិញ​យក​ទៅ​ផ្គត់​ផ្គង់​អោយ​​អតិថិជន​បន្ថែម​។​ ​លោក​បាន​ប្រាប់​ថា​ ក្នុង​មួយ​ខែ​ៗ​ លោក​បាន​ផ្គត់​​ផ្គង់​ចង្រិត​ប្រមាណ​​ជាង​១០​តោន​​ដែរ​ ​ទៅ​អោយ​ទីផ្សារ​​ក្នុង​ប្រទេស​កម្ពុជា​។​ ​លោក​​បញ្ជាក់​ថា​ ចង្រិត​នៅ​កសិដ្ឋាន​របស់​លោក​​​មាន​២​ពូជ​គឺ​ ចង្រិត​ខ្មៅ​ និង ចង្រិត​ក្រហម​ ដែល​លោក​បាន​នាំ​ចូល​ពង​របស់​វា​​​​ពី​ប្រទេស​ថៃ​។​ ​ដោយ​ក្នុង​ពង​មួយ​ចាន​មាន​តម្លៃ​ ២,៥ ដុល្លារ​ ហើយ​ពេល​ចង្រិត​ធំ​ពេញ​វ័យ​វិញ​​គឺ​អាច​លក់​បាន​តម្លៃ​ ២,៥ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​​នៅ​លើ​ទី​ផ្សារ​ ចំណែក​ពេល​បំពង​រួច​វិញ​គឺ​មាន​តម្លៃ​ប្រមាណ​​​១​ដុល្លារ​ក្នុង​មួយ​កំប៉ុង​​​អង្ករ​។​​​​​​​​


អត្ថបទ៖​ ចន្ថា

រូបភាពដោយ៖ លោក ញឿក​ ភារុម្យ​​

អត្ថបទថ្មី