កន្ធាយចំណាស់ល្បីលេបកាក់របស់អ្នកទេសចរបោះចូលស្រះ ងាប់ហើយ
- 2017-03-22 00:56:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្ធាយចំណាស់ល្បីលេបកាក់របស់អ្នកទេសចរបោះចូលស្រះ ងាប់ហើយ
ចន្លោះមិនឃើញ
កន្ធាយចំណាស់អាយុ ២៥ឆ្នាំ មានឈ្មោះ Piggy Bank ល្បីលេបកាក់ទុកក្នុងពោះជិត ១ពាន់ និងទម្ងន់ប្រមាណ ៥គីឡូ បានងាប់ហើយកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីវះកាត់ ២ដង។
កន្ធាយ Piggy Bank បានលេបកាក់ម្ដងមួយៗទុកដែលអ្នកទេសចរបោះចូលក្នុងស្រះកន្លែងវារស់នៅ ដើម្បីជាការផ្សងសុំសេចក្ដីសុខ។
វាត្រូវគេបង្ហើបឲ្យដឹងថា បានងាប់នាវេលាម៉ោង ១០៖១០នាទីព្រឹកម្សិលមិញក្នុងប្រទេសថៃ។ នេះបើតាមក្រុមពេទ្យសត្វរបស់សាកលវិទ្យាល័យជូឡាឡុងកន ដែលបានមើលថែវា។
កន្ធាយញីមួយក្បាលនេះបានចំណាយពេលស្ទើរពេញមួយជីវិតរស់នៅក្នុងស្រះទឹកដែលគេបោះបង់ចោលមួយកន្លែងនៅខេត្តឈុនប៊ូរី។ កាលពី២សប្ដាហ៍មុន ក្រុមគ្រូពេទ្យបានវះកាត់យកកាក់ចេញពីពោះចំនួន ៩១៥កាក់ ក្រោយឃើញវាមានសភាពប្រេះពោះ ប៉ោងស្នូក។
នៅថ្ងៃអាទិត្យថ្មីៗនេះ គ្រូពេទ្យបានវះកាត់ម្ដងទៀត ហើយវាបានបែរជាសន្លប់២ថ្ងៃ រួចក៏ងាប់នៅថ្ងៃអង្គារម្សិលមិញទៅ។ គ្រូពេទ្យ Chansue និយាយថា គាត់សង្ឃឹមថាការងាប់របស់អណ្ដើក Piggy Bank នឹងជាមេរៀនមួយសម្រាប់ពិភពលោក ដែលគួរឈប់បោះកាក់ ឬវត្ថុប្លែកៗចូលទៅកន្លែងសត្វរស់នៅទៀតព្រោះវាអាចសម្លាប់ពួកវាបាន៕