សាឡាង Sewol របស់កូរ៉េខាងត្បូង ត្រូវ​បាន​ស្រង់ឡើងហើយ​ក្រោយលិចជិត៣ឆ្នាំ

  • 2017-03-23 05:17:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាឡាង​សេវ៉ល (Sewol) របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​លិច​ទៅ​ក្រោម​សមុទ្រ​រយៈពេល ១០៧២​ថ្ងៃ ត្រូវ​បាន​គេ​ស្រង់​ឡើង​មក​លើ​ផ្ទៃ​ទឹក​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២៣មិនា​ ឆ្នាំ ២០១៧។

ឧបទ្ទវហេតុ​នេះ ​បាន​ស្លាប់​ និង​បាត់​ខ្លួន​អ្នក​ដំណើរ​ជាង ៣០០​នាក់ ហើយ​ត្រូវ​គេ​ចាត់​ទុក​ជា​គ្រោះ​ថ្នាក់​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​ប្រទេស។ បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​​ថា ​សាឡាង​បាន​ស្រង់​ឡើង​ឲ្យ​ឃើញ​លើ​ផ្ទៃ​ទឹក​នា​វេលា​ម៉ោង ៣៖​៤៥​នាទី​ព្រឹក​ ​ជាមួយ​ទូក​ជួយ​សង្គ្រោះ​ធំ​ៗ​ចំនួន​២។

ទូក​​ដ៏​ធំ​ទាំង​នេះ ​បាន​លើក​បង្ហើប​សាឡាង​​ដែល​មាន​ប្រវែង​ ១៤៥​ម៉ែត្រ និង​ទម្ងន់ ៦៨២៥​តោន ពី​ជម្រៅ​ទឹក​៤០​ម៉ែត្រ​នៅ​ឆ្នេរ​ភាគ​និរតី​ប្រទេស ក្បែរ​កោះ​ជីនដូ។

ប្រភព​ពី​មន្ត្រី​ខាង​ក្រសួង​នេសាទ​សមុទ្រ​អះអាង​ថា "សំណង់​របស់​សាឡាង​​មួយ​ផ្នែក​ធំ​នៅ​រឹង​មាំ​ល្អ។" គេ​នឹង​ត្រូវ​ការ​ពេល​៨​ថ្ងៃ​ដើម្បី​លើក​វា​ឲ្យ​ផ្ងារ​ឡើង រួច​នាំ​ទៅកាន់​កំពង់ផែ Mokpo។

គួរ​រម្លឹក​ថា សាឡាង​សេវ៉ល​ បាន​លិច​ដោយ​សារ​ភ្លើង​ឆេះ​​នៅ​ខែ​មេសា​ឆ្នាំ ២០១៤ និង​ស្លាប់​មនុស្ស​ជាង ៣០០​នាក់ ​បាត់​ខ្លួន​ ៩​នាក់ ភាគ​ច្រើន​ជា​សិស្ស​វិទ្យាល័យ​ដែល​​ជិះ​កម្សាន្ត​របស់​​កម្មវិធី​សាលា។

គម្រោង​ស្រង់​សាឡាង​ខាង​លើ មាន​ទំហំ​ទឹក​ប្រាក់​ ៧២លាន​ដុល្លារ​ និង​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​ចិន​មួយ​ដឹក​នាំ​ដោយ​ក្រុម​សង្គ្រោះ​រដ្ឋចិន Shanghai Salvage ៕

អ្នកស្លាប់ និង​បាត់​ខ្លួន

ប្រភព៖ Koreatimes   ប្រែ​សម្រួល៖ ឡេង ភារុណ