អ្នកជំនាញបកស្រាយមូលហេតុដ៏ចម្លែក នៅក្រោយរូបថត មន្រ្តីជិះលើខ្នង គីម ជុងអ៊ុន

  • 2017-03-27 02:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​ថ្មី និង​ចម្លែក​មួយ​សន្លឹក ត្រូវ​បាន​រីក​សុះសាយ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ដែល​បង្ហាញ​ឲ្យ​ឃើញ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន អនុញ្ញាត​ឲ្យ​បុរស​ម្នាក់​ជិះ​នៅ​លើ​ខ្នង​របស់​ខ្លួន។

មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ ជា​ធម្មតា​តែង​បញ្ចេញ​ទឹក​មុខ​មាំ ហើយ​សប្បាយ​ចិត្ត​តែ​ពេល បាញ់​គ្រាប់​មីស៊ីល​បាន​ជោគជ័យ​ប៉ុណ្ណោះ។ មេដឹកនាំ​រូប​នេះ គឺ​ជា​អ្នក​អនុម័ត​រូបថត​ទាំងអស់ មុន​ពេល​ពួក​វា​ចេញ​ផ្សាយ។

ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​ម្នាក់​មាន​ឈ្មោះ​ថា Michael Madden បាន​អះអាង និង​បកស្រាយ​រូបថត​ខាងលើ​ថា មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ អាច​នឹង​កំពុង​តែ​ព្យាយាម​កែ​លម្អ ការ​បង្ហាញ​ខ្លួន​នៅ​ទី​សាធារណៈ​របស់​លោក ឲ្យ​កាន់​តែ​មាន​ភាព​រាក់ទាក់។

លោក Michael បាន​ប្រាប់​សារព័ត៌មាន BBC ថា «គ្មាន​នរណា​ម្នាក់​ហ៊ាន​ជិះ​ខ្នង​ឪពុក ឬ​ជីតា (មេដឹកនាំ​កូរ៉េខាងជើង​ពី​មុន) របស់ លោក គីម ជុងអ៊ុន ឡើយ»។

«វា​បង្ហាញ​ន័យ​ជាក់លាក់​មួយ នៃ​ទំនុក​ចិត្ត​ផ្នែក​នយោបាយ នៅ​ក្នុង​ការ​គ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ប្រទេស របស់ លោក គីម ជុងអ៊ុន។ ប្រសិន​បើ​លោក​មិន​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ទេ នោះ​លោក​ក៏​មិន​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​រូបថត​នោះ​ដែរ»។ លោក Michael បាន​ឲ្យ​ដឹង​បន្ថែម។

គួរ​បញ្ជាក់​ផង​ដែរ​ថា រូបថត​ខាងលើ ត្រូវ​គេ​ជឿជាក់​ថា បាន​ថត​រយៈពេល​៣​ថ្ងៃ ក្រោយ​ពេល​ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​របស់​កូរ៉េខាងជើង ទទួល​បរាជ័យ។

បើ​យោង​តាម​អង្គភាព​កងកម្លាំង​ប្រដាប់​អាវុធ​អាមេរិក US Pacific Command បាន​ឲ្យ​ដឹង​ថា គ្រាប់​មីស៊ីល​សាកល្បង​របស់​កូរ៉េខាងជើង​បាន​ផ្ទុះ បន្ទាប់​ពី​បាញ់​ចេញ​បាន​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ៕

ប្រភព៖ Dailystar   ប្រែ​សម្រួល៖ សេង ឡុង